ដោយៈសុផល / ភ្នំពេញ៖ កម្ពុជា-ទីម័រ ខាងកើត បានរៀបចំវេទិកាធុរកិច្ចលើកទីមួយ ស្ដីពីទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

វេទិកានេះធ្វើឡើង នាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋាគារ សូហ្វ៉ីតែល ភ្នំពេញ ក្រោមការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Joseé Manuel Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថាៈ ប្រជាជនពិតជាពេញចិត្តនឹងការរីកចម្រើន គួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការរបស់ កម្ពុជា-ទីម័រខាងកើត​លើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត នឹងជំរុញកិច្ចសហប្រតិបត្តិការ ទៅកម្រិតបន្ទាប់ទៀត។

លោករដ្ឋមន្ត្រី បានបន្តថាៈ ឯកសារចំនួនពីរច្បាប់ ត្រូវបានចុះហត្ថលេខា រវាងប្រទេសទាំងពីរ គឺកិច្ចព្រមព្រៀង ស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាស និងអនុស្សរណៈយោគយល់គ្នា ស្តីពីការ​ធ្វើពាណិជ្ជកម្មអង្ករ។ ទាំងអស់នេះ នឹងបើកឱកាសបន្ថែមទៀត សម្រាប់ការជំរុញវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន រួមទាំងវិស័យទេសចរ​ណ៍ផងដែរ។

ក្រៅពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី មានកិច្ចផ្លាស់ប្តូរ និងមិត្តភាព នឹងត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលកម្ពុជា-ទីម័​ខាងកើ​ត តែងតែ​គាំទ្រ​គ្នាទៅវិញទៅមក។ ទាក់ទិននឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីម្តងទៀត នូវការគាំទ្រពេញលេញ ចំពោះការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។

លោក ថោង ខុន បានបន្តទៀតថាៈ វេទិកាថ្ងៃនេះ មានការចូលរួមពីវិស័យឯកជន និងគ្រឹះស្ថានសាធារណៈ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយ ដែលផ្តោតលើការស្វែងយល់ និងផ្លាស់ប្តូរទស្សនៈ សម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។ វេទិកានេះ នឹងបង្ហាញ អំពីវិស័យជាច្រើនផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគម្រោងរួមគ្នា ក្នុងប្រធានបទ៖ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រីទេសចរណ៍ បានបន្ថែមថាៈ ប្រទេសជាសមាជិកអាស៊ាន នឹងផ្តោតជាពិសេសលើការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់ឱកាសស្មើគ្នា ក្នុងការលើកកម្ពស់ការងារ សម្រាប់សហគមន៍មូលដ្ឋាន ដូចមានចែងក្នុងសេចក្តីប្រកាសភ្នំពេញ ស្តីពីការប្រែក្លាយទេសចរណ៍អាស៊ាន ដែលត្រូវដាក់ជូនសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ នៅឆ្នាំ២០២២។ ផ្នែកទីផ្សារ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានគាំទ្រនិមិត្តសញ្ញាទេសចរណ៍អាស៊ានថ្មី និងស្លាកសញ្ញាកំណត់តំបន់ថា ជា «គោលដៅសម្រាប់រាល់ក្តីស្រមៃ»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍​ គណៈប្រតិភូកីឡា នៃប្រទេសទីម័រខាងកើត មកចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នាពេលខាងមុខ៕ V / N