ដោយៈ សុផល / ភ្នំំពេញ៖ ដោយមានកិច្ចសហការ ពីលេខាធិការដ្ឋានអាស៊ាន , គណៈកម្មការសេដ្ឋកិច្ច សង្គមអង្គការសហប្រជាជាតិ ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក (ESCAP),​ បណ្តាញសកម្មភាព​ពាណិជ្ជកម្មបរិយាប័ន្ន (IBAN), អង្គការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) និងអង្គការ OXFAM, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំកិច្ចប្រជុំកំពូល អាជីវកម្មបរិយាប័ន្នអាស៊ាន លើកទី៥ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងទម្រង់ “Hybrid” ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

ឆ្លៀតក្នុងឱកាសនោះ ក្រសួង ក៏នឹងរៀបចំកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN Business Advisory Council) និងសភាពាណិជ្ជកម្មកម្ពុជា។

នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អង្គការ OXFAM ដែលរស្មីកម្ពុជាទទួលបានកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការប្រកាសបើកកិច្ច​ប្រជុំកំពូលអាជីវកម្មបរិយាប័ន្ន អាស៊ានលើកទី៥ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២។ នៅក្នុងព្រឹត្តិការណ៍ ដ៏មាន សារៈសំខាន់នេះ នឹងមានការចូល​រួមពីសំណាក់ភាគីពាក់ព័ន្ធអាជីវកម្មបរិយាប័ន្នផ្សេងៗ រួមមានមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល សមាគមអាជីវកម្ម វិនិយោគិន ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន អ្នកសម្របសម្រួលអាជីវកម្ម និងដៃគូ អភិវឌ្ឍន៍នានា ពីក្នុងតំបន់អាស៊ាន និងក្រៅតំបន់។

កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្ន ខាងលើនេះ ត្រូវបានប្រើប្រាស់ជាវេទិកាមួយ សម្រាប់កិច្ចសន្ទនា រវាងភាគីពាក់ព័ន្ធ នៅក្នុងតំបន់អាស៊ានក្នុងគោលបំណងចែករំលែក នូវគោល​នយោបាយ និងផែនការលើកស្ទួយ អាជីវកម្មបរិយាប័ន្ន ពិភាក្សា អំពីវឌ្ឍនភាព នៃការជំរុញអាជីវកម្មបរិយាប័ន្ន និងរួមគ្នាគាំទ្រ ដល់គំនិតផ្ដួចផ្ដើមនេះ ក៏ដូចជា ស្វែងរកការគាំទ្រ​ពីដៃគូអភិវឌ្ឍន៍នានា។ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផល សម្រាប់អាជីវកម្មបរិយាប័ន្ន នៅក្នុងតំបន់អាស៊ាន – Together ASEAN IBee (Inclusive Business enablling Environment)* ព្រឹត្តិការណ៍នេះ នឹងមានសកម្មភាពសំខាន់ៗដូចខាងក្រោម៖
១. ពិនិត្យលើវឌ្ឍនភាព ក្នុងការលើកកម្ពស់ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអំណោយផលសម្រាប់ អាជីវកម្មបរិយាប័ន្ន ក្នុងបណ្តាប្រទេសអាស៊ាន និងពិភពលោក និងពិភាក្សាលើកិច្ចសហការក្នុង តំបន់សម្រាប់ការជំរុញអាជីវកម្មបរិយាប័ន្ន។
២. ពិភាក្សាស្វែងរកឱកាស សម្រាប់កិច្ចសហការលើ ឧបករណ៍គោលនយោបាយ ដើម្បីជំរុញអាជីវកម្ម បរិយាប័ន្ន ដូចជាការបង្វឹកអាជីវកម្មបរិយាប័ន្ន ការវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន និងហិរញ្ញប្បទាន សម្រាប់អាជីវកម្មបរិយាប័ន្ន។
៣. សិក្សាលើអាជីវកម្មបរិយាប័ន្ន ដែលលើកកម្ពស់ ដល់សេដ្ឋកិច្ចស្រ្តី ការសម្របសម្រួល ជាមួយអាកាសធាតុ និងដំណោះស្រាយបរិស្ថាន។
៤. ផ្តល់ឱកាសពិភាក្សាគ្នាទៅលើគំរូអាជីវកម្មនវានុវត្តន៍ ដែលមានដំណោះស្រាយជាប្រព័ន្ធជូនដល់ប្រជាជនក្រីក្រ និងប្រជាជន មានចំណូលទាប។
៥. សម្របសម្រួលការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការត្បូង-ត្បូង លើអាជីវកម្មបរិយាប័ន្ន ក្នុងបណ្តាប្រទេស មកពីតំបន់អាស៊ីខាងត្បូង និងអាស៊ីកណ្តាល ក៏ដូចជា នៅតំបន់អាហ្វ្រិកផងដែរ។
៦. ផ្តល់វេទិកាសម្រាប់ការផ្លាស់ប្តូរ និងសិក្សាពីអាជីវកម្មបរិយាប័ន្ន នៅក្នុងតំបន់។

ជាមួយគ្នានេះ កម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ាន ឆ្នាំ២០២២ ក៏នឹងត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកស្ទួយអាជីវកម្មបរិយាប័ន្ន នៅក្នុងបណ្តាប្រទេសសមាជិក​អាស៊ាន ដែលបានប្រកាន់ខ្ជាប់ គោលការណ៍អាជីវកម្មបរិយាប័ន្នបានល្អ៕ V / N