​ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង ដូចជា សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់ និស្សិត​បញ្ចប់​ការសិក្សា គ​.​ជ​.​ប​. ចាប់ផ្តើម​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ហើយ​សម្តេច​តេ​ជោ អញ្ជើញ​ចុះទៅ​ជួប​ប្រជាពលរដ្ឋ នៅ​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្តពោធិ៍សាត់ ដែល​រងគ្រោះ ដោយ​ទឹកជំនន់ រួមទាំង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត ជាដើម​។​

១-​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សិស្ស​ស្លាប់ ដោយសារ​លិច ទូក​ចម្លង នៅ​ខេត្តកណ្តាល

​កាលពី​ថ្ងៃទី​១៧ ខែតុលា ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​មជ្ឈមណ្ឌល​ជ្រោយចង្វា រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដឹកនាំ​ពិធី​ឈរ​ស្មឹង​ស្មា​ធ គោរព​វិញ្ញាណក្ខន្ធ​កុមារ សិស្សសាលា ១១​នាក់ ដែល​បាន​ស្លាប់ ក្នុង​ហេតុការណ៍​លិច​ទូក​ចម្លង នៅ​ស្រុក​លើកដែក ខេត្តកណ្ដាល កាលពី​យប់​ថ្ងៃទី​១៣ តុលា ។ សម្តេច​តេ​ជោ ចាត់ទុក​ករណី​ស្លាប់ ដោយសារ​លិច​ទូក​នេះ ជាហេតុ​ការណ៍​សោកនាដកម្ម​ដ៏​រន្ធត់ អាណិតអាសូរ និង​អាឡោះអាល័យ​ជា​ពន់ពេក ដែល​ក្រសួង​អប់រំ ត្រូវ​ដាក់ចេញ​វិធានការ​បញ្ចៀស នៅពេល​ខាងមុខ​។​

២- សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​មន្ត្រី​ក្រសួងកសិកម្ម និង​អាជ្ញាធរខេត្ត អន្តរាគមន៍ ដោះស្រាយ​បន្ទាន់ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់

​ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ជូន និស្សិត​ជ័យលាភី សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​សាជាថ្មី​ដល់ មន្ត្រី​ក្រសួងកសិកម្ម អាជ្ញាធរខេត្ត និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ តាមរយៈ ការផ្តល់​ពូជស្រូវ និង​ពូជ​ដំណាំ​រួមផ្សំ ដោយ​មិនត្រូវ បណ្តែតបណ្តោយ​នោះឡើយ​។ ជាមួយគ្នានេះ សម្ត​ច​នាយករដ្ឋមន្ត្រី ក៏បាន​សំណូមពរ ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ទាំងអស់ យោគយល់ និង​ជួយ​សម្រួល​អត្រា​ការប្រាក់ ជូន​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ដោយ​ទឹកជំនន់​ផងដែរ​។ សេចក្តីណែនាំ និង​ការអំពាវនាវ​នេះ បានធ្វើ​ឡើង ខណៈដែល​រដ្ឋមន្ត្រី​ថ្មី ក្រសួងកសិកម្ម លោក ឌិ​ត ទីណា ត្រូវបាន​ប្រកាស ចូលកាន់​តំណែង ជំនួស​លោក វេ​ង សាខុន កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា​។​

៣- សម្តេច​តេ​ជោ ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​នឹង​លោក សម រង្ស៊ី ជុំវិញ​ការអំពាវនាវ ឱ្យមាន​ការផ្លាស់ប្តូរ នៅ​ឆ្នាំ​២០២៣

​នៅ​ថ្ងៃទី​១៧ ខែតុលា ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​ជ័យលាភី សាកល​វិទ្យា ល័យ​ជាតិ​គ្រប់គ្រង សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ជុំវិញ​ការ​អំពាវ នាវ​របស់លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង ដែល​កំពុង​រស់នៅ ប្រទេស​បារាំង ឱ្យមាន ការផ្លាស់ប្តូរ នៅ​ឆ្នាំ​២០២៣​។ សម្តេច ហ៊ុន សែន ចាត់ទុក​ការអំពាវនាវ​របស់លោក សម រង្ស៊ី ជាការ​អំពាវនាវ​ខុសច្បាប់ ក្រៅ​របប​ប្រជាធិបតេយ្យ ដែល​មិនអាច​អត់ឱន​ឱ្យបាន​។ ក្រៅតែពី​ការបញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ហៅ​លោក សម រង្ស៊ី ដោយ​មិន​ចេញ​ឈ្មោះថា ជា​ជន​ក្បត់ជាតិ ៣ ជំនាន់ និង​ជាម​នុស្ស​ខូច​បំផុត ក្នុង​ប្រវត្តិសាស្ត្រ ៥០០​ឆ្នាំ ចុងក្រោយ​នេះ​។ សម្តេច​បាន​ព្រមាន​ទុកជាមុន​ថា គណបក្ស នយោបាយ​ទាំងអស់ ត្រូវ​ដកខ្លួន​ចេញ​ការជាប់​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ។ បើ​មិន​ដូច្នោះ​ទេ គណបក្ស​នោះ នឹងត្រូវ​រំលាយ​ជាក់​ជាមិនខាន តាម​អំណាចច្បាប់ ។​

៤-​សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ សមាជិក​ការិយាល័យ​នយោបាយ ប្រចាំការ នៃ​គណៈ​លេខា​មជ្ឈិមបក្ស កុម្មុយនីស្ត​វៀតណាម

​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក វ៉ូ វ៉ាន់​ធឿ​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខាធិការ​អចិន្ត្រៃយ៍ នៃ​គណៈ​លេខា​មជ្ឈិមបក្ស កុម្មុយនីស្ត​វៀតណាម ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន ៧​មករា ដែលជា​ទីស្នាក់ការ កណ្តាល​របស់ គណបក្ស​ប្រជាជន​កម្ពុជា​។ ជំនួប​ពិភាក្សា​ការងារ រវាង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា និង​សមាជិក​ការិយាល័យ​នយោបាយ​បក្ស កុម្មុយនីស្ត​វៀតណាម លោក វ៉ូ វ៉ាន់​ធឿ​ង នៅក្នុង​សប្តាហ៍​នេះ ផ្តោតលើ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ប្រទេស​ទាំងពីរ ពិសេស​ការងារ​រួម នៅតាម​ខេត្ត​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ត្រូវ​បន្ត ជំរុញ​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត ជាពិសេស បញ្ហា​សន្តិសុខ សម្រួល​ដោះស្រាយ​លំហូរ​ទំនិញ សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​ទប់ស្កាត់​អំពើ​ខុសច្បាប់ ដូចជា ការជួញដូរ រត់ពន្ធ​គ្រឿងញៀន រត់ពន្ធ​មនុស្ស ជាដើម​។​

៥- សម្តេច​តេ​ជោ ប្រកាស​អញ្ជើញ​ទៅតាម​ខេត្ត សួរសុខទុក្ខ និង​ដោះស្រាយ​បញ្ហា​ជូន ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ នៅ​ជុំវិញ​បឹង​ទន្លេសាប​

​នៅ​ដើម​សប្តាហ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​អញ្ជើញ​ធ្វើដំណើរ ទៅកាន់​ខេត្ត​ចំនួន​៤ នៅ​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ជួប និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ បេសកកម្ម​នេះ បានចាប់ផ្តើម​នៅ​ថ្ងៃ​២០​តុលា មុនគេ នៅ​ខេត្តសៀមរាប មុន​បន្តដំណើរ​ទៅកាន់ ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្តពោធិ៍សាត់​។ សម្តេច​តេ​ជោ ចំណាយពេល ៥​ថ្ងៃ ៤​យប់ ក្នុង​ខេត្ត​ទាំង ៤​នេះ ដោយ​ព្រឹក​ជួបជុំ​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ហើយ​នៅពេល​រសៀល សម្តេច ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ទាំង ៤​នោះ​។​

៦-​ប្រធានាធិបតី ទី​ម័​រ​ឡេ​ស្តេ ផ្តើម​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៩ ខែតុលា​

​កាលពី​ថ្ងៃទី​១៩ ខែតុលា ប្រធានាធិបតី​ទី​ម័​រ​ឡេ​ស្តេ លោក ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា​។ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ខ្លួន នៅ​កម្ពុជា ប្រធានាធិបតី​ទី​ម័​រ​ឡេ​ស្តេ ចូល​ក្រាបបង្គំ​គាល់ ព្រះមហាក្សត្រ​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​ប្រធាន ព្រឹទ្ធសភា សម្តេច​ប្រធានរដ្ឋសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជួប​លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក ក៏ដូចជា អញ្ជើញ​ធ្វើ​បាឋកថា ជា​សាធារណៈ នៅ​សាកលវិទ្យាល័យ​ល្បីៗ នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅក្នុង​វេទិកា​កម្ពុជា​-​ទី​ម័​រ​ខាងកើត និង​អញ្ជើញ​ជា​អ​ធីប​តី​សាក្សី ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​ទ្វេភាគី​សំខាន់ៗ​មួយចំនួន ដើម្បី​ពង្រឹងពង្រីក ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ទី​ម័​រ​ខាងកើត ផងដែរ ។​

៧-​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្តូរ​ព័ត៌មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត

​កាលពី​ថ្ងៃទី​២០ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ប្តូរ​ព័ត៌មាន​ថ្ងៃខែ​ឆ្នាំ កំណើត ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សាលាសង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដោយ​ប្តូរ​ពីថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ទៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២ វិញ​។ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​អាយុ​បោះឆ្នោត គឺ​អាយុ ១៨​ឆ្នាំ​ឡើងទៅ សូម​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត នៅតាម​សាលា ឃុំ​សង្កាត់ ដែល​ខ្លួន​រស់នៅ ចាប់ពី​ថ្ងៃទី​២០ ខែតុលា រហូតដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២​។​

៨- សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​យក​ពេល ចុះជួយ​ពលរដ្ឋ​តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប ផ្សព្វផ្សាយ​គោលនយោបាយ កម្ទេច​ចលនានយោបាយ​ជ្រុលនិយម​របស់​សមរង្ស៊ី​

​ក្នុងពេល​អញ្ជើញ​ទៅ​ប្តូរ​ព័ត៌មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សាលា សង្កាត់​តាខ្មៅ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ប្តេជ្ញា អនុវត្តន៍​ឱ្យ​ខាន​តែ​បាន ដោយ​វាយកម្ទេច​ចលនានយោបាយ​ជ្រុលនិយម ដឹកនាំ​ដោយ លោក សម រង្ស៊ី ឱ្យ​រលាយបាត់​ពី​កម្ពុជា​។ សម្តេច ហ៊ុន សែន បន្តថា សម្តេច​នឹង​ប្រើប្រាស់ ធាតុ​ផ្សំ​២ ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ ឌី​ហ្វី​ដ (DIFID) ដើម្បី​កម្ទេច សម រង្ស៊ី គឺ​ធ្វើ​ឲ្យ​ឯកោ (Isolate) និង​បញ្ចប់ (Finish)​។ សម្តេចនាយក​រដ្ឋមន្ត្រី បានឱ្យដឹង​បន្ថែមថា ក្នុងអំឡុងពេល​ចុះ​ជួប​សួរសុខទុក្ខ និង​ជួយ​ដល់​ពលរដ្ឋ តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប ដែល​រង​ផលប៉ះពាល់ ដោយ​ទឹកជំនន់ នៅក្នុង​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ សម្តេច​នឹង​ផ្សព្វផ្សាយ ដាក់ឱ្យ​អនុវត្តន៍​គោលនយោបាយ​កម្ទេច​ចលនា នយោបាយ​ជ្រុលនិយម ដឹកនាំ​ដោយ​លោក សម រង្ស៊ី នេះ​ផងដែរ​។​

៩- គ​.​ជ​.​ប​. ចាប់ផ្តើម​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២

​នៅ​ថ្ងៃទី​២០​តុលា ជា​ថ្ងៃទី​១ នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​។ គ​.​ជ​.​ប​. ប្រកាសថា នៅ​ថ្ងៃ​ដំបូង​នេះ គ្រប់​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅ​ទូទាំងប្រទេស បាន​បើក​ដំណើរការ​ពី​ម៉ោង ៧ ព្រឹក និង​ប្រព្រឹត្តទៅ​ល្អ ពុំមាន​បញ្ហា រាំងស្ទះ​ឡើយ ទោះជា​តំបន់​ខ្លះ មាន​ភ្លៀង​ក៏ដោយ​។ នៅ​ថ្ងៃទី​២០​តុលា មាន​អ្នក​ចុះឈ្មោះ បោះឆ្នោត​ថ្មី ជាង ១៦.០០០ នាក់​។ ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត នឹង​បន្ត​រហូតដល់​ថ្ងៃទី​៨ ខែធ្នូ​។​

១០-​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ ជូន​ពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​រើចេញ ពី​តំបន់​អង្គរ ដោយ​មិន​រង់ចាំ ៥​ឆ្នាំ ដូច​មុន​ឡើយ

​នៅ​ថ្ងៃទី​២១ ខែតុលា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ផ្ដល់ នូវ​ប័ណ្ណ​កម្ម​ដីធ្លី​សិទ្ធិ​ស្របច្បាប់ ជូន​ពលរដ្ឋ អតីត​អ្នក​រស់នៅក្នុង​តំបន់​អង្គរ ដែល​បាន​ស្ម័គ្រ ចិត្ត ចាក​ចេញមក​រស់នៅ​តំបន់​ថ្មី នៅក្នុង​ឃុំ​រុន​តា​ឯក ដោយ​មិន​រង់ចាំ​រហូតដល់ ៥​ឆ្នាំ ក្នុងនាម​ជា​អ្នកកាន់កាប់​ដី សម្បទាន​សង្គមកិច្ច​នោះទេ​។ ក្រៅពី​ប្រកាស​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ ជូន​ពលរដ្ឋ​ហើយ​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ ក៏បាន​ប្រកាស​រុះរើ សាលាស្រុក​បន្ទាយស្រី បច្ចុប្បន្ន​មក នៅក្នុង​ឃុំ​រុន​តា​ឯក នឹង​រុះរើ​សាលា ស្រុក​អង្គរធំ បច្ចុប្បន្ន​មក នៅ​តំបន់​ពាក់​ស្នែង​វិញ​។ រីឯ​ឃុំ​ព្រះ​ដាក់ ក្នុងស្រុក​បន្ទាយស្រី នៅ​បន្ត​រក្សា​ដូចដើម​ដដែល តែ​ហាមឃាត់ មិន​ឲ្យ​សាងសង់​សំណង់​ថ្មី ដែល​ផ្ទុយ​ពី​គោល ការណ៍​អនុញ្ញាត របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

១១-​សម្ដេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់​ថ្នាក់ នៅ​ខេត្តសៀមរាប​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ បាន​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់​ថ្នាក់ នៅ​ខេត្តសៀមរាប ប្រមាណ​ជាង ២.០០០ នាក់ ដែល​រៀបចំ​ធ្វើ នៅ​សណ្ឋាគារ សុខា ក្រុង​សៀមរាប​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​រំលឹក​ដល់​មន្ត្រី ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម រួមមាន ការបង្ក្រាប នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរកម្ម ប្លន់​ប្រដាប់អាវុធ ការជួញដូរ​គ្រឿងញៀន ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព នៃ​ការរស់នៅ និង​ការប្រកប​របរការ​ងា​រ ផ្សេងៗ របស់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនេះ ត្រូវ​យកចិត្តទុកដាក់​ការ​ផ្តល់នូវ​សេវាសាធារណៈ រួមមាន សេវា​តម្រូវ​ការចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា ជូន​ប្រជាពលរដ្ឋ ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព ក្នុងនោះ​មន្ត្រី​ត្រូវ​គិតថា ខ្លួន​ជា​អ្នកបម្រើ ប្រជាពលរដ្ឋ ហើយ​ត្រូវខិតខំ​បំបាត់ ឱ្យអស់​នូវ​ភាព​អសកម្ម​នានា​។ អាជ្ញាធរ ត្រូវយក​ចិត្ត​ទុក ដាក់​ដោះស្រាយ​ជម្លោះដីធ្លី ជូន​ប្រជាពលរដ្ឋ ឱ្យបាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជាពិសេស​ការដោះស្រាយ ក្រៅ​ប្រព័ន្ធតុលាការ ឱ្យបាន​ច្រើន ដោយ​មិនត្រូវ​លំអៀង ខាង​ភាគី​ណា​នោះទេ ត្រូវ​ឈរ​នៅ​កណ្ដាល ដើម្បី​បម្រើ​ផលប្រយោជន៍​ទាំងសងខាង​។ សម្ដេច​តេ​ជោ ក៏​សុំ​ឲ្យ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ប្រទេសជិតខាង ដែល​ស្ថិត​ជាប់​នឹង​ខេត្ត​របស់ខ្លួន ដូចជា ប្រទេស​ថៃ ជាដើម ដើម្បី​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេស​ពង្រឹង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ប្រទេសជិតខាង ឱ្យបាន​ល្អប្រសើរ​។​

១២-​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ ពលរដ្ឋ​ស្ម័គ្រចិត្ត​រើចេញ ពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​តំបន់​ពាក់​ស្នែង​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែតុលា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ប្រមាណ ៣.២០០ គ្រួសារ​បន្ថែមទៀត ដែលជា​អ្នកស្ម័គ្រចិត្ត រើ​លំនៅឋាន​ចេញពី​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​តំបន់​ពាក់​ស្នែង​។ តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង ស្ថិតនៅក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប​។ តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង ជា​កន្លែង​ថ្មី​មួយទៀត បន្ទាប់ពី​តំបន់ អភិវឌ្ឍន៍​រុន​តា​ឯក ដែល​រាជរដ្ឋាភិបាល រៀបចំ​បង្កើតជា​ភូមិឋាន និង​បែងចែក​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត រើ​ចេញពី​រមណីយដ្ឋាន​អង្គរ និង​តំបន់​គ្រប់គ្រង ដោយ​អាជ្ញាធរ ជាតិ​អប្សរា​។ ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ តាម​ខេត្ត​នានា ឲ្យ​ចាត់ចែង​ចែក​ស្បៀង និង​ថវិកា ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​មិនចាំបាច់ រង់ចាំ​វត្តមាន​សម្តេច​នោះទេ​។ ក្រៅពីនេះ សម្ដេច​តេ​ជោ ក៏បាន​ប្រកាស​បន្តធ្វើ​ដំណើ​រ ទៅកាន់​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​ចែក​ពូជស្រូវ និង​ស្បៀង ដល់​ប្រជាពលរដ្ឋ នៅ​ទីនោះ​ផងដែរ​។​

១៣-​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ខេត្តបន្ទាយមានជ័យ​

​នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ជាង ១.០០០ នាក់ នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មន្ត្រី រាជការ ជាពិសេស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ទាំងអស់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស​បន្ត​យកចិត្តទុកដាក់ ផ្តល់នូវ​សេវា​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ ឱ្យបាន​លឿន​រហ័ស​។ ក្នុងនោះ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចៀស វាង​ដាច់ខាត ការបង្កបង្កើត​នូវ​បញ្ហា​នានា ដែលនាំឱ្យ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់ ប្រជាពលរដ្ឋ​៕/V​