ដោយ៖តារារិទ្ធ(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាអញ្ជើញផ្តល់ ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងផ្តល់ពូជស្រូវជាង ៥០០ តោនជូនប្រជាកសិករប្រមាណ ៥២២០ គ្រួសារ ក្នុងស្រុកចំនួន៣ ក្នុងខេត្តបន្ទាយមានជ័យ ស្រុក មង្គលបូរី ក្រុងសិរីសោភ័ណនិងស្រុកភ្នំស្រុក ដែលរងគ្រោះដោយទឹកជំនន់ខូចខាតស្រូវ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថាជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃផងនោះបានធ្វើឱ្យប៉ះពាល់ក្រុង/ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ ។ ទឹកជំនន់នេះបង្ កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារស្មើនឹង ប្រមាណ ៦៥,៦៨៨នាក់ស្រី ៣៣,៥៨៤នាក់ ជម្លៀស ៨២១គ្រួសារមនុស្សរាយ ៣,២៦៧នាក់ ស្រី ១,៧៧៨នាក់កុមារ ៦៥២នាក់ ,លង់ទឹកស្លាប់ ៤នាក់ ,ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ,ដំឡូងមី ២,៨៩៩ហិកតា,ដំណាំរួមផ្សំ ១២៨ ហិកតា,សត្វពាហនៈ ២,៨៦៧ ក្បាល,សាលារៀន៧៥, វត្ត៣៨ ,មណ្ឌលសុខភាព ៧ និងផ្លូវ ៨០២កន្លែងមានប្រវែង ៤០៦,២៩៥ម៉ែត្រ ។ ជា មួយនឹងការកើតមានគ្រោះមហន្តរាយនេះអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិចនិងជួយ ដោះស្រាយបញ្ហាផ្សេងៗ។

ជាមួយគ្នានេះលោក អ៊ុ រាត្រី បានចុះសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារទឹកជំនន់ជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែងគិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក អ៊ុ រាត្រី បានចុះសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពល រដ្ឋ រងគ្រោះបានប្រមាណ ៤,៦៤៨គ្រួសារ ៕