ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ បន្ទាប់ពី​ប្រកួត​យ៉ាង​តឹងតែង​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​សឹង្ហ​បូរី​នៃ​ព្រឹត្តិការណ៍ Davis Cup ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី​កម្ពុជា​បាន​ឡើងមក​លេង​នៅ​កម្រិត​ទី​៣ នា​ឆ្នាំ​២០២៣ ដែលជា​កម្រិត​មួយ​ខ្អ​ស់​ជាង​កម្រិត​៤​។​

​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ថ្ងៃទី​២២ តុលា នៅ​ទីក្រុង Isa Town ប្រទេស​បា​រ៉ែ​ន ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​ដោយ​លទ្ធផល​២​ទល់​១​នៃ​ការប្រកួត​កម្រិត​ទី​៤​។​

​ជំនួប​ដណ្ដើម​កៅអី​កម្រិត​ទី​៣ (Davis Cup Asia/Oceania Group III 2023) នេះ បានបញ្ចប់​ការប្រកួត​ជាមួយនឹង​តានតឹង បន្ទាប់ពី​ការប្រកួត​បើកឆាក លើ​វិញ្ញាសា​ឯកត្តជន កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក Mathew Krusling បាន​ប្រកួត​ចាញ់​កីឡាករ​សិង្ហ​បុរី Alam Shaheed ដោយ​លទ្ធផល ២​ទល់​១​សិត (១-៦, ៦-៤ និង ៤-៦​ពិន្ទុ​)​។​

លើ​វិញ្ញាសា​ឯកត្តជន​ដដែល ជើង​ខ្លាំង​កម្ពុជា ប៊ុន កេ​ន្នី ធ្វើបាន​យ៉ាង​ល្អ ដោយ​យកឈ្នះ​កីឡាករ Hobbs Roy ដាច់​ក្នុង​លទ្ធផល ២​ទល់​០​សិត ជាមួយ​ពិន្ទុ ៦-៣ និង ៦-៣ ដូចគ្នា​។​

​មកដល់​វគ្គ​ប្រកួត​កាត់សេចក្ដី លើ​វិញ្ញាសា​វាយ​គូ ក្រុម​កម្ពុជា រួមមាន​កីឡាករ ប៊ុន កេ​ន្នី និង Mathew Krusling បាន​រួមដៃគ្នា​យកឈ្នះ​ក្រុម​សិង្ហ​បុរី កីឡាករ Alam Shaheed និង Lye Ethan Kai Xin ជាមួយ​លទ្ធផល​ដ៏​តានតឹង ២-០​សិត ក្នុង​ពិន្ទុ ៧-៦ និង ៦-២​ពិន្ទុ​ដែល​ជួយ​ឲ្យ​កម្ពុជា ទទួលបាន​កៅអី​កម្រិត​ទី​៣ នៃ Davis Cup Asia/Oceania Group III 2023 តែម្ដង​។​

ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ឡើង​កម្រិត​ទី​៣ នៃ​ព្រឹត្តិការណ៍ Davis Cup ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ មុន​ធ្លាក់​មកលេង​កម្រិត​ទី​៤ វិញ ពី​ឆ្នាំ​២០១៧ រហូតដល់​ឆ្នាំ​២០២២ មុន​ដណ្ដើមបាន​កៅអី​កម្រិត​ទី​៣​នៃ​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ​វិញ នា​ឆ្នាំ​២០២៣ ខាងមុខ បន្ទាប់ពី​បញ្ចប់​យុទ្ធនា​ការប្រកួត Davis Cup កម្រិត​ទី​៤ ឆ្នាំ​២០២២ នៅ​ប្រទេស​បា​រ៉ែ​ន ដោយ​មិន​ស្គាល់​បរាជ័យ​ឡើយ ពោលគឺ​បាន​យកឈ្នះ​ប៊ូ​តាន ៣-០, ឈ្នះ​ម៉ុង​ហ្គោ​លី ៣-០ និង​ឈ្នះ​ទួ​កមេ​នី​ស្ថាន ២-១ ក្នុង​ពូ​ល A និង​ទម្លាក់​សិង្ហ​បុរី ២-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃទី​២២​តុលា​ម្សិល​ម៉ិ​ញ​នេះ​។​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​លោក​ទេព​រិទ្ធី​វិ​ទ្ធ​បាន​ចាត់ទុកថា​ព្រឹត្តិការណ៍ ព្រឹត្តិការណ៍ Davis Cup គឺជា​ការប្រកួត​មួយ​ដ៏​សំខាន់ នៃ​ផែនការ​របស់​សហព័ន្ធ សម្រាប់​ការត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។​
​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិកា​រ​ជាតិ​CAMSOC​ក៏ដូចជា​ក្រុមហ៊ុន​ដៃគូ ដែល​បាន​គាំទ្រ​ដល់​សហព័ន្ធ ពិសេស​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ៥​រូប គឺមាន​កីឡាករ ប៊ុន កេ​ន្នី​, ឡុង សំនៀង​, ឃ្លាំង ពន្លក​, ទេព ធី​ម៉ូ​ធី និង Matthew David Krusling ដែលជា​ការរួមចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ជោគជ័យ​នៃ​បេសកកម្ម​ខាងលើ​៕​