ដោយៈ តារារិទ្ធ / បន្ទាយមានជ័យៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួបលើកទី៣១ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានមានប្រសាសន៍បែបចំអក ទៅកាន់អ្នកនយោបាយខ្លះ មិនបានចូលរួមប្រជុំបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ ប៉ុន្តែ បែរជានិយាយអត្ថាធិប្បាយបានយ៉ាងល្អ។ ប៉ុន្តែការអត្ថាធិប្បាយទាំងនោះ គឺខុសពីការពិត។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថាៈ សម្ដេច បានចូលរួមគ្រប់វេទិកា ទាំងដោយចាប់ផ្តើមពីកិច្ចចរចាស៊ីហនុ-ហ៊ុន សែន នៅហ្វែរអង់តាឌឺន័រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ទើបមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ហើយយើងមិនអាចបំភ្លេចបាននូវគុណូបការៈរបស់សម្តេចព្រះបិតាជាតិទេ បើមិនមានព្រះអង្គ គណបក្សប្រជាជននិងគណបក្សហ៊្វុនស៊ិនប៉ិច ប្រហែលជានៅតែមិនត្រូវគ្នាដល់សព្ធថ្ងៃនោះទេ។ ព្រោះអ៊ុនតាក់ចំណាយអស់ ២.០០០ លានដុល្លារ មិនបានបញ្ចប់ជម្លោះ នៅកម្ពុជាទេ ។

សម្តេចតេជោ បានបន្តថាៈ អ្នកខ្លះមិនទាំងបាន ចូលរួមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សូម្បីតែម្តង តែគេបានធ្វើអត្ថាធិប្បាយបានយ៉ាងល្អ។ ប៉ុន្តែការអត្ថាធិប្បាយនោះ សុទ្ធតែខុសពីការពិតទាំងអស់៕/V