​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា ២៣ តុលា ១៩៩១ មាន​គោលដៅ​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ លើកកម្ពស់​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី សិទ្ធិសេរីភាព ការគោរព​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្តារ​កសាង​អភិវឌ្ឍ​កម្ពុជា​ឡើងវិញ ដែលជា​កត្តា​មាន​សារសំខាន់ និង​ជា​ផលប្រយោជន៍​ចម្បង​សម្រាប់​កម្ពុជា និង​ប្រជា​ជាតិខ្មែរ​។​

​ការបញ្ជាក់​នេះ ក្នុង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣១ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា ២៣-​តុលា​-១៩៩១-២៣-១០-២០២២ នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស​ខ្មែរ​រួបរួម​ជាតិ ស្ថិត​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២២​។

​លោក​បន្តថា គណបក្ស​ខ្មែ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម សូម​ចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា និង​រំឭក​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា ២៣ តុលា ១៩៩១​។ សន្ធិសញ្ញា​សន្តិភាព​នេះ គឺ​ក្នុង ក្របខណ្ឌ​នៃ​ដំណោះស្រាយ​ជា​ប្រវត្តិសាស្ត្រ​មួយ ក្នុងការ​បញ្ចប់សង្គ្រាម ហើយ​បើក​ឱ្យមាន​ការពាក់ព័ន្ធ​ផ្ទា​ល់ពី អង្គការសហប្រជាជាតិ ដូចជា​ការបង្កើត​អាជ្ញាធរ​បណ្តោះអាសន្ន នៃ​អង្គការសហប្រជាជាតិ ដែល​គេ​ស្គាល់​ថា អ៊ុនតាក់​។​យើង​អាច​កត់សម្គាល់​បាន​ថា មានការ​តម្រូវឱ្យ​ដក​កងទ័ព​បរទេស​ចេញពី​កម្ពុជា មានការ​រៀបចំ មាតុភូមិនិវត្តន៍​ដោយ​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ខ្មែរ មានការ​រៀបចំ​ការបោះ​ឆ្នោត​សកល​សេរី និង​យុត្តិធម៌​នៅ ឆ្នាំ​១៩៩៣ មានការ​ស្តារ និង​ធ្វើ​នីតិសម្បទា​ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំ​អភិវឌ្ឍ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហ គម​ន៍​អន្តរជាតិ​។​ល​។ ជាពិសេស​ធានា​នូវ​ការផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ឯករាជ្យ​ជាតិ អធិបតេយ្យភាព បូរណភាព​ទឹកដី ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​។ កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ​នេះ ខ្មែរ​គ្រប់ភាគី​បាន​ព្រមព្រៀងគ្នា ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​អង្គ ការ​សហប្រជាជាតិ​ផង បាន​ឈានចូល​គម្រប់​ខួប​ឆ្នាំ​ទី​៣១​ហើយ​។​

​លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា ផ្តើមចេញពី​កិច្ចព្រមព្រៀង​សន្តិភាព ២៣ តុលា ១៩៩១​នេះ កម្ពុជា​ឈានចូល​យុគសម័យ​ថ្មី នៃ​ទំព័រ​ប្រវត្តិសាស្ត្រ ដែល​ខ្មែរ​ពី​គ្រប់​មជ្ឈដ្ឋាន និង​និន្នាការ​ន​យោ​បាយ ត្រូវ​ងាក​មករក​វប្បធម៌​ផ្សះផ្សា​ជានា​គ្នា ក្នុងការ​ដោះស្រាយ បញ្ហា​សង្គមជាតិ​ឱ្យ​ចុះសម្រុង សុខដុមរមនា​នឹង​គ្នា​។ រំឭក​ពី​អតីតកាល មុនពេល​មាន​កិច្ចព្រមព្រៀង​សន្តិភាព នេះ ជម្លោះ​ប្រដាប់អាវុធ និង​សង្គ្រាមរ៉ាំរ៉ៃ​អូសបន្លាយ​បាន​បំផ្លិចបំផ្លាញ និង​បង្ក​វិនាសកម្ម​លើ​រូបវន្តបុគ្គល អាយុ ជីវិត​មនុស្ស រហូតដល់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង​ជា​រៀងរាល់ថ្ងៃ​។ ផលវិបាក​បង្ក​ពី​ជម្លោះ​ទាល់ច្រក​នេះ គ្មានអ្វី​ក្រៅពី​វិនាសកម្ម និង​មហន្តរាយ​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​នោះឡើយ ហើយ​អធិបតេយ្យ បូរណភាព និង ឯករាជ្យ​ជាតិ ត្រូវបាន​ជ្រៀតជ្រែក និង​លូកដៃ​ពី​សំណាក់​បរទេស តាមរយៈ​ភាគី​ខ្មែរ​ដែល​បែកខ្ញែក​គ្នា​នោះ​។​

​លោក​បន្តទៀតថា ការ​ប្រារព្ធ​នូវ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា ២៣ តុលា ១៩៩១ ដែល គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម ធ្វើឡើង​នេះ គឺ​ម្យ៉ាង​ឧទ្ទិស និង​ដឹង គុណ​ថ្លៃថ្លា​ចំពោះ​ស្ថាបនិក និង​សហគមន៍​អន្តរជាតិ​ដែល​បាន​ផ្តួចផ្តើម​ធ្វើឱ្យ​សម្រេច​នូវ​សមិទ្ធផល​សម្រាប់​កម្ពុជា ហើយ​ម្យ៉ាងទៀត​សំដៅ​ដាស់សតិ​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​នៅក្នុង​ប្រទេស ក៏ដូចជា​នៅ​បរទេស​ជាពិសេស​យុវជន​ខ្មែរ ដែល​មិន​ធ្លាប់បាន​ឆ្លងកាត់​សម័យ​សង្គ្រាម​នា​ទសវត្ស​រ៍​ឆ្នាំ​៧០-៨០ ឱ្យ​ចងចាំ​ជានិច្ច នូវ គុណបំណាច់​មិនអាច​កាត់ថ្លៃ​បាន​របស់​អ្នកតស៊ូ ដែល​លះបង់​គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​។​

​លោក​ញឹក ប៊ុនឆៃ បានបញ្ជាក់​ទៀតថា “​ខ្ញុំបាទ​ដែលមាន​ប្រភពដើម​ចេញពី​ភាគី​ហត្ថលេខី​មួយ នៃ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា ២៣​តុលា​៩១ បាន​លះបង់​ប្តូរផ្តាច់ និង​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ក្នុង​ចលនា តស៊ូ​ប្រដាប់អាវុធ កសាង​ឧត្តមភាព​សម្រាប់​មេដឹកនាំ​ខ្លួន មាន​ទ​ទួ​ករ​ណ៍​ជា​កម្លាំង​ជំរុញ និង​គាំទ្រ​រួមចំណែក ដល់​ការចរចា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី រហូតដល់​សម្រេចបាន​ចេញ​ជា​រូបរាង នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ១៩៩១ នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង​។​”

​ឆ្លៀត​ក្នុងឱកាស​នេះ ថ្នាក់ដឹកនាំ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម សូម​គោរព និង​សម្ដែង​ការដឹងគុណ និង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្នេហាជាតិ​ក្នុង​ចលនា​តស៊ូ ដែល​បាន លះបង់​យ៉ាង​ប្តូរផ្តាច់​សាច់ឈាម និង​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​ឧ​ត្ត​ម​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ សូម បាន​ទៅកាន់​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
​សូម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ស្ថិតនៅ​ជា​អមតៈ​ក្នុង​ដួងចិត្ត​នៃ​ប្រជា ពលរដ្ឋ​ខ្មែរ​តទៅ​!៕​