ប្រែ​សម្រួលៈ​បំណង​(CGTN)៖ កំណើន​អតិផរណា​បន្ត​បង្ខំ​អោយ​ប្រជាជន​ចេញមក​ស្រែក​តវ៉ា​នៅ​តាម​ដងផ្លូវ​នៅ​ទូទាំង​អឺរ៉ុប នៅពេល​កំហឹង​កំពុង​កើនឡើង​។​

​កាលពី​ថ្ងៃ​សៅរ៍ ទី​២២​តុលា នៅ​កណ្តាល​ទីក្រុង​ម៉ា​ឌ្រី​ត​របស់អេ​ស្ប៉ាញ ប្រជាជន​បាន​ចេញ​មក​បង្ក​សម្លេង​អ៊ូ​អែ ជាមួយនឹង​ការ​ផ្លុំ​កញ្ចែ ស្រែក​និង​គ្រវី​ទង់​នៅពេល​មនុស្ស​ប្រមាណ​៣​ពាន់​នាក់​អំពាវនាវ​អោយ​​បង្កើន​ថ្លៃឈ្នួល​និង​ប្រាក់​សោធន​អោយ​ស៊ីគ្នា​នឹង​អតិផរណា​។​

​ការប្រឆាំង​តវ៉ា​ស្រដៀង​គ្នា​ក៏​មាន​នៅ​បារាំង បែ​ល​ហ្សិ​ច អាល្លឺម៉ង់​និង​សាធារណរដ្ឋ​ឆែក​។​

​ការតវ៉ា​ប្រឆាំង​នឹង​ការចំណាយ​លើ​ការរស់នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ាញ​ឆ្លុះបញ្ចាំង​អ្វី​ដែល​កំពុង​កើតមាន​នៅ​បារាំង បែ​ល​ហ្សិ​ច អាល្លឺម៉ង់​និង​សាធារណរដ្ឋ​ឆែក នៅពេល​ការចំណាយ​លើ​ការរស់នៅ​កើន​ឡើង​នាំ​​អោយ​ប្រជាជន​កាន់តែ​មិន​សប្បាយចិត្ត​។​

​ស្បៀង ប្រេង ហ្គាស​និង​ថ្លៃ​កំដៅ​ក្នុងផ្ទះ​សុទ្ធតែ​កើន​ឡើង​ហើយ​ប្រជាជន​ជាច្រើន​កំពុង​ប្រឈម​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​នៅ​ពេល​អាកាសធាតុ​ត្រជាក់​នឹង​ចូលមក​ដល់​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​។​

​អង់​តូ​ញ៉ូ ប៉េ​រ៉េស​( Antonio Pérez)​ប្រធាន​សហជីព​មួយ​បាន​ប្រាប់​សារព័ត៌មាន​CGTN​ពេល​ដើរ​ដង្ហែរ​ក្បួន​នៅ​ក្រុង​ម៉ា​ឌ្រី​ដ​ថា « យើង​ជួប​កំណើន​អតិផរណា​ដ៏​ខ្ពស់​នៅ​ប្រាំបួន​ខែ​មកនេះ និង​មិន​ឃើញមាន​​ចំណាត់ការ​ធំដុំទេ​។​ប្រាក់ខែ​នៅ​កក​ស្ញេញ​ហើយ​ឥឡូវ​វា​សំខាន់​ណាស់​ក្នុង​ការកែប្រែ​សភាពការណ៍ ។​ប្រជាជន​កាន់តែ​ធ្លាក់ចុះ​ចំណូល​ហើយ​វា​នឹង​កាន់តែ​ពិបាក​ក្នុង​ការរស់នៅ​និង​ចំណាយ​លើ​ថ្លៃឈ្នួល​»​។​

​តាម​ពិត​នៅ​ប៉ុន្មាន​ខែ​កន្លងមក​នេះ​រដ្ឋាភិបា​លអេ​ស្ប៉ាញ​បានដាក់ចេញ​វិធានកា​រទប់​ទល់​អតិផរណា​ពិសេស​ចំនួន​ពីរ​រួម​មាន​ការជួយ​ចេញ​ខាត​លើ​ប្រេងសាំង គមនាគមន៍​សាធារណៈ និង​យកពន្ធ​ខ្ពស់​លើ​​ប្រាក់​ចំណូល​ច្រើន​លើសលប់​របស់​ក្រុមហ៊ុន​ប្រេង​និង​ធនាគារ​។​

​បាតុកម្ម​នៅអេ​ស្ប៉ា​ញនឹង​កាន់តែ​មានស​ម្ទុះ​កើនឡើង​នៅពេល​អតិផរណា​ក្នុងប្រទេស​នេះ​កើន​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ​

​នៅ​កន្លែងផ្សេងទៀត​នៅ​អឺរ៉ុប បាតុកម្ម​ធំ​មួយ​ក៏​កើតមាន​នៅ​ក្រុង​ប៊ែរ​ឡាំង​របស់​អាល្លឺម៉ង់ ។​បាតុករ​ទាមទារ​អោយ​ផ្លាស់ប្តូរ​អោយ​បាន​ឆាប់​ពី​ការ​ពឹង​លើ​ឥន្ធនៈផូស៊ីល​និង​ទាមទារ​ការបែងចែក​មូលនិធិ​​រដ្ឋ​អោយ​កាន់តែ​មាន​យុត្តិធម៌​ដើម្បី​ជួយ​ដោះស្រាយ​ថ្លៃ​ថាមពល​ដែល​ឡើង​ជាប់​។​

​សូមបញ្ជាក់​ថា ពួក​មេដឹកនាំ​អឺរ៉ុប​បាន​ជួបប្រជុំ​នៅ​សប្តាហ៍​កន្លងទៅ​ដើម្បី​ដាក់ចេញ​ផែនទី​បង្ហាញផ្លូវ​មួយ​សំរាប់​ធ្វើដំណើរ​ឆ្លងកាត់​វិបត្តិ​ថាមពល​បច្ចុប្បន្ន​។​ប្រធានាធិបតី​បារាំង​បានបញ្ជាក់​ថា ប្រទេស​​លោក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ធម្មនុញ្ញ​ថាមពល​ឆ្នាំ​១៩៩៤ ដែល​ការពារ​ការវិនិយោគ​ឥន្ធនៈ​ផូស៊ីល​។​

​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​អាច​ជា​ហេតុផល​មួយ​ដែល​អឺរ៉ុប​ងាក​ចេញពី​ការ​ពឹង​លើ​ប្រេង​និង​ហ្គាស​រុស្ស៊ី​ហើយ​ផ្តោតលើ​អនាគត​អឺរ៉ុប​មួយ​ដែលកាន់តែ​មិន​បំផ្លាញ​បរិស្ថាន​ឡើង​៕

​រាប់ពាន់​នាក់​ក៏​ចេញ​មក​តវ៉ា​នៅ​រ៉ូ​ម៉ានី​និង​បារាំង