ដោយៈ សុក្ខារិន / ពោធិសាត់ៈ មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៥ បានប្រារព្ធបើក នៅវិទ្យាល័យពោធិ៍សាត់ ក្រោមប្រធានបទ ” មរតករស់នៃអក្សរសិល្ប៍ ” ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងតំណាងលោក ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់។

លោក ឃុត សុខឿន នាយកគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរ បានជម្រាបជូនថាៈ អក្សរសិល្ប៍ខ្មែរ បានចាប់បដិសន្ធិ តាំងពីឆ្នាំ២០១៧ ក្នុងគោលបំណងបណ្ដុះស្មារតី ស្រឡាញ់អក្សរសិល្ប៍ជាតិ តាមរយៈការផ្ដល់ឱកាស ដល់យុវជនខ្មែរ ចូលរួមដោយផ្ទាល់ ក្នុងកម្មវិធីនានារបស់មហោស្រព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃ នៃអក្សរសិល្ប៍ជាតិ ដើម្បី លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និងសិល្បៈករខ្មែរ នៅក្នុងសង្គមជាតិ បង្កើតវេទិកាទំនាក់ទំនង រវាងអ្នកនិពន្ធ អ្នកអាន អ្នកបោះពុម្ព ទាំងក្នុង និងក្រៅស្រុក និងពង្រីកទីផ្សារ សម្រាប់អ្នកនិពន្ធ។

លោកបានឲ្យដឹងទៀតថាៈ ឆ្នាំ២០១៧ យើងបានប្រារព្ធ ធ្វើនៅខេត្តសៀមរាប, ឆ្នាំ២០១៨ នៅខេត្តបាត់ដំបង, ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ, ឆ្នាំ២០២០ និងឆ្នាំ២០២១ ខកខាន មិនបានធ្វើដោយសារជំងឺកូវីដ-១៩, និងឆ្នាំ២០២២ ដែលប្រារព្ធធ្វើនៅខេត្តពោធិ៍សាត់នេះ គឺជាលើកទី៥ ហើយ។

មានមតិបើកមហោស្រព លោក ងួន ប៉ោសេង តំណាងលោកអភិបាលខេត្ត បានថ្លែងអំណរ គុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់របស់មហោស្រព អក្សរសិល្ប៍ខ្មែរ ដែលបានរៀបចំមហោស្រពនេះឡើង ប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់ សំដៅបម្រើផលប្រយោជន៍ ដល់អ្នកសិក្សារៀនសូត្រ និងសាធារណជនទូទៅ។

នេះជាលើកទីមួយហើយ នៅខេត្តពោធិ៍សាត់ ហើយកម្មវិធីនេះ អាចកើតឡើងទៅបាន ដោយការរួមគ្នា ដោយស្ម័គ្រចិត្ត នៃអ្នកតែងនិពន្ធ សិល្បៈវប្បធម៌ខ្មែរ ពីគ្រប់មជ្ឍដ្ឋាន និងគ្រប់ជំនាញ។

លោកបានបន្តទៀតថាៈ មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៥នេះ ធ្វើឡើងក្រោមប្រធាន បទ ” មរតករស់នៃអក្សរសិល្ប៍ ” ឆ្លុះបញ្ចាំងពីគុណតម្លៃរបស់អ្នកនិពន្ធ ដែលនៅរស់រាន មានជីវិតពីរបបខ្មែរក្រហម។

នៅក្នុងសម័យមួយ ដែលប្រទេសខ្មែរ ស្ថិតក្នុងសភាពខ្ទេចខ្ទាំ ដោយសារភ្លើងសង្គ្រាម និងការបំផ្លិចបំផ្លាញ ដល់ឫសគល់ ពីរបបប្រល័យពូជសាសន៍ អ្នកនិពន្ធទាំងនោះ បានជួយផ្សព្វផ្សាយចំណេះដឹង ផ្ដល់ការកម្សាន្ត លើកទឹកចិត្តពលរដ្ឋដែលរងគ្រោះ ហើយបានផ្សារភ្ជាប់អក្សរសិល្ប៍ ជំនាន់មុន និងជំនាន់ក្រោយ ពិសេសបានដើរតួនាទី ជាអ្នកជំរុញលើកទឹកចិត្ត ដល់អ្នកនិពន្ធជំនាន់ក្រោយ ឲ្យអភិវឌ្ឍន៍វិស័យអក្សរសិល្ប៍ខ្មែរ ឲ្យកាន់តែរីកចម្រើនឡើង។

លោក ងួន ប៉ោសេង សង្ឃឹមថាៈ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥នេះ នឹងក្លាយជា វេទិកាមួយ បំផុសឲ្យយុវជនជំនាន់ក្រោយ បានយល់ដឹងពីអក្សរសិល្ប៍ជាតិ លើកតម្លៃ ការតែងនិពន្ធ ការអាន ព្រមទាំងដឹងគុណជាប់ជានិច្ចនូវ កវីនិពន្ធខ្មែរគ្រប់ជំនាន់ ពិសេស មានទឹកចិត្តស្រឡាញ់ ហ៊ានចូលប្រឡូក ក្នុងការតែងនិពន្ធនេះ។

ដោយមើលឃើញពីប្រយោជន៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរនេះ លោកអភិបាលរងខេត្ត បានស្នើឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់ បង្កើតឲ្យមាន កម្មវិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនង ការបង្កើតបរិយាកាស សប្បាយរីករាយ និងរៀនសូត្រពីអ្វីដែលថ្មី និងអ្វីដែលមានស្រាប់ ក្នុងវិស័យអក្សរសាស្ត្រ អក្សរសិល្ប៍ជាតិយើង៕/V