ដោយ: ភ្នំខៀវ / បាត់ដំបងៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា បានអន្តរាគមន៍ផ្តល់អង្ករជាង ៣០០ តោន ទៅដល់រដ្ឋបាលភូមិភាគខាងលិច ចំនួនពីរ ដើម្បីសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ ដែលប៉ះពាល់ ដោយទឹកជំនន់ កន្លងមក។

រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងថាៈ នៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ស្បៀង ជាអង្ករចំនួន ៣០០ តោន ជាមួយនឹងថវិកាចំនួន ២០ ម៉ឺនដុល្លារអាមេរិក ជាបន្ទាន់ តាមរយៈរដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញចាត់ចែងចុះផ្តល់ ជូនដល់បងប្អូនប្រជាកសិករ ក្នុងមូលដ្ឋាន ដែលរងគ្រោះយាយី ដោយជំនន់ទឹកភ្លៀង កាលពីថ្មីៗ កន្លងមក។

ជំនួយដូចគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន ក៏ទទួលបានស្បៀងអង្ករអន្តរាគមន៍ ចំនួន ៥០០ តោន និងថវិកាចំនួន ១០ ម៉ឺនដុល្លារអាមេរិក ដែរ ក្នុងការជួយដល់ប្រជាពលរដ្ឋ ពិសេស ពលរដ្ឋដែលប៉ះពាល់ ដោយទឹកជំនន់ ក្នុងភូមិសាស្ត្រតំបន់ព្រំដែនរបស់ខ្លួន។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថាៈ លោក និងមន្ត្រីគ្រប់គ្រងគ្រោះ មហន្តរាយ និងរៀបចំដោះស្រាយផ្តល់ជូន នូវអំណោយសង្គ្រោះបន្ទាន់ ក្រោមការយកចិត្ត ទុកដាក់របស់់សម្តេចទាំងពីរ ឲ្យបានទាន់ពេលវេលា ទៅដល់ដៃប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតជីវភាព រងគ្រោះដោយសារធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ខាងលើនេះ៕ V / N