ដោយៈ សុខុម / ស្ទឹងត្រែងៈ ប្រតិភូក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង សហការជាមួយអាជ្ញាធរឃុំ ស្រុក កាលពីថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ ២០២២ ថ្មីៗនេះ បានចុះពិនិត្យវាយតម្លៃផលប៉ះពាល់ ដោយសារទឹកជំនន់រដូវវស្សា ដើម្បីពិនិត្យ​លទ្ធភាពក្នុងការស្ដារឡើងវិញ ក្រោយទឺកជំនន់ស្រកអស់។

ជាក់ស្តែង  ក្នុងពេលចុះពិនិត្យដំណាំកសិករ នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន និងភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង លោក អេង ជាសាន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថាៈ ក្រុមការងារក្រសួង កសិកម្ម ចុះមកពិនិត្យផ្ទាល់ ពីផលដំណាំដែលរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង និងទឹកទន្លេ និងមើលស្ថានភាពផ្ទៃដីដាំដុះ ដែលអាចឲ្យកសិករ នៅតាមតំបន់នីមួយៗ រស់នៅជាប់មាត់ទន្លេ ក្នុងខេត្តស្ទឹងត្រែង ត្រៀមដាំដុះដំណាំឡើងវិញ ទៅតាមតម្រូវការ ប្រកបមុខរបរចិញ្ចឹមជីវិត។

លោកអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថាៈ រាជរដ្ឋាភិបាល បានត្រៀមពូជស្រូវ និងគ្រាប់ពូជដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំចំនួន ១៦ មុខផ្សេងទៀត សម្រាប់ផ្ដល់ ជូនកសិកររងផលប៉ះពាល់ ដើម្បីដាំដុះស្ដារឡើងវិញ នៅសេដ្ឋកិច្ចគ្រួសារកសិករ។

លោក សាយ តុម អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថាៈ ក្រោយពីការពិនិត្យហើយ ក្រសួងកសិកម្ម និងនាំយកពូជបន្លែ មកផ្ដល់ជូនដល់កសិករណា ដែលមានលទ្ធភាព ក្នុងការស្ដារឡើងវិញ បាននូវការដាំដុះដំណាំរួមផ្សំនេះ ជំនួសការខូច ខាត កន្លងមក។ បន្ទាប់ពីស្រូវយើង មានពូជបន្លែ ដូចជាពោតផ្អែម-ត្រកួន-សណ្ដែកគួរ -ល្ពៅ- ត្រប់វែង- ទ្រព្យគ្រាំងរមាស- ត្រឡាច-ស្ពៃចង្កឹះ-ស្ពៃខៀវ -ស្ពៃស-ម្រះ- ប៉េងប៉ោះ- ននោងមូល- ននោងជ្រុង- និងត្រសក់ ជាដើម។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង បានបញ្ជាក់ថាៈ នៅទូទាំងក្រុង ស្រុកទាំង ៦ នៃខេត្តស្ទឹងត្រែង មានកសិកររងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង និងទឹកទន្លេ បង្កផលប៉ះពាល់ ចំនួន ២.៤៨៧ គ្រួសារ ក្នុងនោះប៉ះពាល់ដំណាំស្រូវ ១.០០១ ហិកតា (ខូចខាត ១៨៧ ហិកតា) ដំណាំសាកវប្បកម្មប៉ះពាល់ ១៤៤ ហិកតា (ខូចខាត ១៦ ហិកតា) និងដំណាំឧស្សហកម្ម ប៉ះពាល់ចំនួន ៨២១ ហិកតា ខូចខាតចំនួន (៣២៨ ហិកតា)។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមទៀតថាៈ ខេត្តស្ទឹងត្រែង គឺជាតំបន់ខ្ពង់រាប ដោយមិនមានទឹកគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ធ្វើស្រែ ដូច្នេះហើយ ខេត្តដែលមិនមានលទ្ធភាព ដើម្បីដាំដុះដំណាំស្រូវ នៅរដូវប្រាំងនេះ បានទេ។ ក្នុងន័យនេះ ប្រជាកសិករ បានស្នើសុំ រាជរដ្ឋាភិបាល ផ្តល់ជាស្បៀងជំនួសស្រូវពូជវិញ (បញ្ជាក់៖ កសិករចំនួន ២.០៩៤ គ្រួសារ មានតម្រូវការស្បៀង ជំនួសពូជស្រូវ និងកសិករ ចំនួន ៣៩២ គ្រួសារ មានតម្រូវការ ពូជដំណាំបន្លែ និងដំណាំរួមផ្សំ)៕ V / N