​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ ជុំវិញ​រូបភាព​អតីត​ប្រធានាធិបតី​ចិន​លោក ហ៊ូ ជីន​តាវ​(Hu Jintao)​ត្រូវបាន​អញ្ជើញ​អោយ​ចាកចេញ​ពី​សមាជ​បក្ស​នៅ​ថ្ងៃ​ប្រជុំ​ចុង​ក្រោយ​ដ៍​សំខាន់​ទាំង​រូប​លោក​ហាក់​​ស្ទាក់ស្ទើរ​មិន​ចង់​ចាកចេញ ត្រូវបាន​សារព័ត៌មាន​លោកខាងលិច​និយាយ​យោង​ទៅ​រក​មូលហេតុ​ផ្សេងៗ ដោយ​ខ្លះ​ថា​មកពី​លោក​ស្ថិតក្នុង​ក្រុម​មេដឹកនាំ​ដូច​នាយករដ្ឋមន្ត្រី​លី ឃឹ​ឈាំ​ង ដែរ ដែល​សុទ្ធតែ​​មិនមែន​ជា​សម្ពន្ធមិត្ត​របស់​ប្រធានាធិបតី​មាន​ឥទ្ធិពល ស៊ី ជីន​ភីង ។​ទោះជា​យ៉ាងណា ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន​ស៊ីន​ហួរ បាន​អះអាង​ថា អតីត​ប្រធានាធិបតី​ហ៊ូ ជីន​តាវ វ័យ​៧៩​ឆ្នាំ បាន​ចាកចេញ​​ពី​សម័យ​ប្រជុំ​មុន​សមាជ​បក្ស​លើក​ទី​២០​បិទ​បញ្ចប់​កាលពី​ថ្ងៃ​សៅរ៍ ដោយសារ​«​មិន​ស្រួលខ្លួន​»​។​

​ប្រធានាធិបតី​ស៊ី ជីន​ភីង​(​ស្តាំ​)​អង្គុយ​ជាប់​នាយករដ្ឋមន្ត្រី​លី ឃឹ​ឈាំ​ង​(​ឆ្វេង​) នៅពេល​អតីត​ប្រធានាធិបតី​ហ៊ូ ជីន​តាវ (​កណ្តាល​)​ត្រូវបាន​គ្រាហ៍​ចេញ​ពី​ពិធី​បិទ​បញ្ចប់​សមាជ​មួយ​សប្តាហ៍​កាលពី​ថ្ងៃ​សៅរ៍​

​ពិធី​បិទ​សមាជ​បក្ស​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​សមាជិក​គណៈ​កម្មា​ធិ​ការ​កណ្តាល​ថ្មី​របស់​បក្ស​កុំម្មុយនីស្ត​ចិន​ត្រូវ​បាន​អនុម័ត​។​មួយ​សម្ទុះ​ក្រោយមក​លោក​ហ៊ូ ដែល​អង្គុយ​ក្បែរ​ប្រធានាធិបតី​​ស៊ី ជីន​ភីង ត្រូវបាន​គ្រាហ៍​ចេញពី​សាលប្រជុំ​ហើយ​កៅអី​របស់​លោក​នៅ​ទទេ​រហូត​ដ​លើ​ចប់​សម័យប្រជុំ​។​

​យោង​តាម​សារព័ត៌មាន​ស៊ីន​ហួរ អ្នកយក​ព័ត៌មាន​របស់ខ្លួន​បានអោយដឹងថា លោក​ហ៊ូ វ័យ​៧៩​ឆ្នាំ បាន​ចចេស​ចូលរួម​ពិធី​បិទ​សមាជ​នេះ ទោះ​ជា​លោក​ត្រូវ​សម្រាក​អោយបាន​ច្រើន​ក្រោយ​ជា​ពី​ជំងឺ​កាល​​ពី​ពេល​ថ្មីៗ​។​អ្នកយក​ព័ត៌មាន​បាន​បន្តថា នៅ​ពេល​លោក​ហ៊ូ​«​ដឹងខ្លួន​ថា​មិន​ស្រួល​»​ក្នុងពេល​អង្គុយ​ប្រជុំ លោក​ត្រូវបាន​នាំ​ចេញ​ពី​សាលប្រជុំ​ទៅកាន់​«​កន្លែង​សម្រាក​»​។​ឥឡូវ អតីត​មេដឹកនាំ​រូប​នេះ​មាន​​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​។​

​រំលឹកថា ហ៊ូបាន​ធ្វើ​ជា​អគ្គលេខា​បក្ស​កុំម្មុយនីស្ត​ចិន​ចាប់ពី​ឆ្នាំ​២០០២ ដល់ ២០១២ និង​ធ្វើ​ជា​ប្រធានាធិបតី​ចិនចាប់ពី​ឆ្នាំ​២០០៣​ដល់​២០១៣ មុន​ត្រូវ​លោក​ស៊ី​ចូល​ជំនួស​។​

​សូមបញ្ជាក់​ថា សមាជ​បក្ស​កុំម្មុយនីស្ត​ចិន​លើក​ទី​២០ ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​១៦​ដល់​២២​តុលា​។​គណៈប្រតិភូ​ប្រមាណ​២.៣០០​នាក់​មក​ពី​ជុំវិញ​ប្រទេស បានអនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីសំរេចចិត្ត​មួយ​​លើ​របាយការណ៍​របស់​គណៈកម្មាធិការ​កណ្តាល​លើក​ទី​១៩​របស់​បក្ស​កុំម្មុយនីស្ត​ចិន សេចក្តីសំរេច​ចិត្ត​មួយ​ស្តី​ពី​របាយការណ៍​អំពី​ការងារ​នៃ​គណៈកម្មាធិការ​កណ្តាល​លើក​ទី​១៩​សំរាប់​អធិការកិច្ច​វិន័យ និង​​សេចក្តីសំរេច​ចិត្ត​មួយ​លើ​ការធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​បក្ស​។​

​សមាជ​ក៏បាន​អនុម័ត​សមាសភាព​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​២០​នៃ​បក្ស​កុំម្មុយនីស្ត​ចិន ព្រមទាំង​សមាសភាព​ថ្មី​នៃ​គណៈកម្មាធិការ​កណ្តាល​សំរាប់​អធិការកិច្ច​វិន័យ​។​

​សម័យប្រជុំ​លើកដំបូង​នៃ​គណៈកម្មាធិការ​កណ្តាល​ថ្មី​​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ទី​២៣​តុលា​ដើម្បី​ជ្រើសតាំង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​ថ្មី​របស់​គណបក្ស សមាជិក​ការិយាល័យ​នយោបាយ​និង​គណៈ​អចិន្ត្រៃ​​យ៍របស់​ខ្លួន ដើម្បី​ដឹកនាំ​ប្រទេស​ប្រាំ​ឆ្នាំ​ទៅ​មុខ​។​លោក​ស៊ី ត្រូវ​រំពឹងថា​នឹង​នៅ​កាន់​មុខតំណែង​ដដែល​សំរាប់​ពេល​ប្រាំ​ឆ្នាំ​ទៅ​មុខ​៕

សម័យប្រជុំ​លើកដំបូង​នៃ​គណៈកម្មាធិការ​កណ្តាល​ថ្មី​​កំពុងបង្ហាញមុខក្រុមមេដឹកនាំថ្មី