ដោយ៖តារារិទ្ធ(បន្ទាយមានជ័យ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺនៅគ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋមានទុក្ខគឺតែងតែមានមុខសម្តេចនិងគណបក្សប្រជាជនចាំជួយប្រជាពលរដ្ឋជានិច្ច។សម្តេចក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលតែងតែគាំទ្ររាល់សកម្មភាពនានារបស់រាជរដ្ឋាភិបាលដែលលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិនិង​ប្រជាជនគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់និន្នាការនយោបាយសាសនាពណ៌សម្បុរ ។

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែនេះក្នុងឱកាសដែលសម្តេចបានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០ តោនជូនប្រជាកសិករជាង ៥ពាន់គ្រួសារនៅខេត្តបន្ទាយមានជ័យដែលរង គ្រោះដោយទឹកជំនន់នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២២នេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំអត់ទៅណាចោលបងប្អូនទេ អាហ្នឹងជាចំណុចខ្លាំងរបស់គណបក្សប្រជាជនវានៅកន្លែងហ្នឹង ឱ្យតែមានទុក្ខពេលសប្បាយហើយមិនចាំបាច់រកមុខ ហ៊ុន សែន ទេប៉ុន្តែនៅពេលប្រជាជនលំបាក ហ៊ុន សែន ត្រូវតែរត់រកប្រជាជនតែម្តង បើទោះបីកម្លាំងរាងជ្រេបន្តិចក៏ដោយ ប៉ុន្តែ ត្រូវតែលះបង់ដើម្បីប្រជាជន»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋសម្តេចព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានឹងមិនរុញរាជាដាច់ខាតសម្រាប់ការលះបង់ ។ ជាក់ស្តែងបើទោះបីឆ្នាំ២០២២នេះកម្ពុជាធ្វើជាប្រធានអាស៊ានដែលមានភាពមមាញឹកក្នុងរៀបចំកិច្ចប្រជុំនានាយ៉ាងក្តីប៉ុន្តែសម្តេចនៅតែបន្តចុះជួបប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ដើម្បីដោះស្រាយបញ្ហានានារបស់ពួកគាត់ឱ្យបានទាន់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្តេចនឹងបន្តចុះជួបប្រជាពលរដ្ឋនៅបណ្តាលខេត្តដែលរងគ្រោះដោយសារទឹកជំនន់នៅតំបន់ជុំវិញបឹងទន្លេ សាបនិងបន្តត្រឡប់មករាជ ធានីភ្នំពេញវិញដើម្បីបញ្ចប់ការងារមួយចំនួនហើយនឹងបន្តចុះមកខេត្តកំពង់ធំបន្តទៀតដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឱ្យបានរួចរាល់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលកន្លងទៅ។សម្តេច តេជោជឿជាក់ថាប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ៕