ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែងថា « ថ្ងៃនេះ វិស័យ​ឯកជន បាន​ចាប់ដៃ​ជាមួយ​ក្រសួងបរិស្ថាន បើក​ទំព័រ​ថ្មី​ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង និង​ដៃគូ ក្នុង​វិស័យ​ឯកជន ដើម្បី​នឹង​ប្តេជ្ញា គ្រប់​រោងចក្រ​សហគ្រាស​រៀបចំ​ឱ្យមាន​បរិស្ថាន​ល្អ ស្អាត សំដៅ​ឱ្យ​ទីកន្លែង​ធ្វើការ​មាន​ភាព​ស្អាត បៃតង និង​ផាសុកភាព ជាពិសេស​ប្រែក្លាយ​កន្លែង​ការងារ ជា​កន្លែង​ដែលមាន​ប្រាក់ខែ​សមរម្យ ទ្រទ្រង់​ជីវភាព​ខ្លួនឯង និង​គ្រួសារ ។​

​គួរ​បញ្ជាក់ថា ការ​ថ្លែង​ឱ្យដឹងពី​សំណាក់ លោក សាយ សំ​អាល់ បែបនេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០២២ ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី «​ការជំរុញ​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​បរិស្ថាន និង​អភិរក្ស​ជីវៈចម្រុះ​» ដោយមាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន តំណាង​ដៃគូរ​អភិវឌ្ឍន៍ វិស័យ​ឯកជន រោងចក្រ សហគ្រាស និង​អ្នកពាក់ព័ន្ធ​។​

​ដោយឡែក លោក ទា ជុប រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​អធិការកិច្ច និង​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ជីវចម្រុះ បានឱ្យដឹងថា ក្នុង​ក្របខណ្ឌ​នៃ «​កិច្ច​គាំពារ​បរិស្ថាន​» ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​លើ​ការទប់ស្កាត់​ការបំពុល​បរិស្ថាន និង​ថែរក្សា​គុណភាព​បរិស្ថាន ទឹក ដី ខ្យល់ ឲ្យ​មាន​ភាពល្អប្រសើរ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ ផែនការ​សកម្មភាព លិខិតបទដ្ឋាន​ច្បាប់ និង​វិធានការ​គ្រប់គ្រង​សំណល់ និង​សារធាតុ​បំពុលបរិស្ថាន ដោយ​ត្រូវការ​ជា​ចំ​បាច់​នូវ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ម្ចាស់​រោងចក្រ សហគ្រាស និង​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​លោក​បានលើកឡើង​ដោយ​បញ្ជាក់​បន្ថែមថា​៖​ការចូលរួម​របស់​ម្ចាស់​អា​ជីក​ម្ម សហគ្រាស រោងចក្រ ទាំងអស់ ក្នុង​ការគោរព និង​អនុវត្តតាម​វិធានការ​តម្រូវ​នៃ​លិខិតបទដ្ឋាន​ច្បាប់​ជា​ធរមាន ដើម្បី​បញ្ជៀ​ស​ផលប៉ះពាល់​នានា​ដល់​បរិស្ថាន សុខភាព​សាធារណៈ និង​ប្រជាពលរដ្ឋ​៕