​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​ស៊ី ជីន​ភីង បាន​បង្កើន​ការត្រួតត្រា​របស់​លោក​លើ​ប្រទេស​ចិន នៅ​ពេល​លោក​ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណបក្ស​កុំម្មុយនីស្តចិន​មួយ​អាណត្តិ​ទៀត​ដោយ​​បំពាន​ប្រពៃណី​កាន់​តំណែង​ពីរ​អាណត្តិរយៈពេល​ដប់ឆ្នាំ​។​

​កាលពី​ថ្ងៃអាទិត្យ​លោក​ក៏​បាន​ដំឡើង​ឋានៈ​សម្ពន្ធមិត្ត​ដែល​គាំទ្រ​ទស្សនៈ​របស់​លោក​ក្នុង​ការគ្រប់គ្រង​លើ​សង្គម​ចិន​កាន់​តែង​តឹងតែង​ឡើង​និង​សេដ្ឋកិច្ច​ដែល​កំពុង​ជួប​បញ្ហា​។​បុរស​វ័យ​៦៩​ឆ្នាំ​​រូបនេះ ត្រូវ​អ្នក​ខ្លះ​យល់​ថា​នឹង​កាន់​តំណែង​មួយ​ជីវិត​។​

​បុរស​ដែល​បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១២ ត្រូវបាន​គណៈកម្មាធិកា​រ​កណ្តាល​ថ្មី​ផ្តល់​តំណែង​ជា​អគ្គលេខា​បក្ស​មួយ​អាណត្តិ​ទៀត

​គណបក្ស​ក៏​បាន​តែងតាំង​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ដែល​មាន​សមាជិក​ប្រាំ​ពីររូប ដែល​សុទ្ធតែ​ជា​សម្ពន្ធមិត្ត​រប​ស់លោក​ស៊ី ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​លី ឃឹ​ឈាំ​ង ដែល​ជា​មេដឹកនាំ​លំដាប់​ទី​ពីរ និង​ជា​អ្នក​គាំ​​ទ្រ​កំណែ​ទំរង់​ទីផ្សារ​និង​សហគ្រាស​ឯកជន ត្រូវ​បាន​ទម្លាក់​ចេញពី​ក្រុម​មេដឹកនាំ​ថ្មី​។​

​សារព័ត៌មាន​បាន​និយាយថា លោក​លី​បាន​សុំ​ចូល​និវត្តន៍​ទោះជា​លោក​អាយុ​តិច​ជាង​លោក​ស៊ី​មួយឆ្នាំ​(៦៨​ឆ្នាំ​)​ក៏ដោយ​។​

​លោក​ស៊ី​និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដទៃ​ទៀត​បង្ហាញ​មុខ​ជា​លើកដំបូង​នៅ​ចំពោះមុខ​សារព័ត៌មាន កាលពី​ថ្ងៃ​អាទិត្យ​នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ។​លោក​ស៊ី​បានប្រកាស​លោក​​លី គាំង​(Li Qiang) អតីត​លេខា​បក្ស​ទីក្រុង​សៀង​ហៃ ដែល​មិន​មាន​ទំនាក់ទំនង​ជាមួយ​លោក​លី ឃឹ​ឈាំ​ង ជា​ជន​លំដាប់​ទី​ពីរ​និង​លោក ចា​វ លេ​ជិ​(Zhao Leji)​ជា​ជន​មាន​អំណាច​លំដាប់​ទី​បី​។​

​លោក​ស៊ី​និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដទៃ​ទៀត​បង្ហាញ​មុខ​ជា​លើកដំបូង​នៅ​ចំពោះមុខ​សារព័ត៌មាន កាលពី​ថ្ងៃអាទិត្យ​

លោក​ស៊ី​បានប្រកាស​លោក​​លី គាំង(ស្តាំ) ជាជនលំដាប់ទីពីរក្នុងបក្ស ដែលទំនងជានឹងកាន់មុខតំណែងនាយករដ្ឋមន្រ្តីបន្ទាប់

​ចាប់​តាំងពី​ទសវត្សរ៍​១៩៩០​មក ជន​លំដាប់​ទី​ពីរ​តែង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​ជន​លំដាប់​ទី​បី​ជា​ប្រធានសភា ហើយ​មុខ​តំណែង​ទាំងនេះ​នឹង​ត្រូវ​តែងតាំង​ពេល​សភា​បើក​កិច្ចប្រជុំ​នៅ​ឆ្នាំក្រោយ​។​

​បុគ្គល​ចាកចេញ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ម្នាក់​ទៀត​គឺ​លោក វ៉ាង យ៉ាង ជា​អ្នកគាំទ្រ​ការកែ​ទំរង់​និង​ត្រូវបាន​គេ​មើលឃើញ​ថា​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។​វ៉ាង អតីតជន​លំដាប់​ទី​បី​ក៏​ទំនង​ជា​ត្រូវ​​ចូល​វិវត្តន៍​នៅ​អាយុ​៦៧​ឆ្នាំ ក្រោមអាយុ​ត្រូវ​ចូល​និវត្តន៍​ផងដែរ​។​

​សមាជិក​គណៈ​អចិន្ត្រៃយ៍​ថ្មី​ដទៃ​ទៀត​រួមមាន​លេខា​បក្ស​ក្រុង​ប៉េកាំង លោក​កាយ គី​(Cai Qi)​ជំនួយការ​កំពូល​ឬ​នាយសេនាធិការ​របស់​ស៊ី​លោក ទីង ស៊េ​ស៊ាំង​(Ding Xuexiang)​។​

​លេខា​បក្ស​ក្រុង​ប៉េកាំង លោក​កាយ គី ក្នុងពេល​បង្ហាញមុខ​សមាជិក​គណៈ​អចិន្ត្រៃយ៍​ថ្មី​កាលពី​ថ្ងៃអាទិត្យ​

​វ៉ាង ហ៊ូនិ​ញ​(Wang Huning)​អតីត​សាស្ត្រាចារ្យ​សាលា​ច្បាប់​ដែល​ជា​ប្រធាន​មនោគមវិជ្ជា បន្ត​នៅក្នុង​គណៈកម្មាធិការ​នេះ​។​សមាជិក​ទី​ប្រាំពីរ​គឺ​លោក លី ស៊ី ជា​លេខា​បក្ស​ខេត្ត​ក្វាង​ទុង ដែលជា​​មជ្ឈមណ្ឌល​ឧស្សាហកម្ម​កម្មន្តសាល​សំរាប់​នាំ​ចេញ​របស់​ចិន​។​

​គណៈកម្មាធិការ​កណ្តាល​ដែល​មាន​សមាជិក​២០៥​នាក់ មាន​ស្ត្រី​១១​នាក់ ស្មើនឹង​៥​ភាគរយ ហើយ​ក្នុង​គណៈអចិន្ត្រៃយ៍​មិន​មាន​ស្ត្រី​ទេ ក្រោយ​ការចាកចេញ​របស់​ឧបនាយករដ្ឋមន្ត្រី ស៊ុន ជុន​ឡាន​(Sun Chunlan)​។​

​ក្នុងអំឡុងពេល​សមាជ លោក​ស៊ី​បាន​អំពាវនាវ​អោយ​បង្កើត​សង្គម​សម្បូរ​សប្បាយ​ចំរើន​ថ្កុំថ្កើង​មួយ​នៅ​យ៉ាងយូរ​ត្រឹម​ពាក់កណ្តាល​សតវត្សរ៍​នេះ និង​ស្តារ​មុខមាត់​ចិន​សំរាប់​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជា​​មេដឹកនាំ​នយោបាយ សេដ្ឋកិច្ច​និង​វប្បធម៌​មួយ​។​ទោះជា​យ៉ាងណា មហិច្ឆតា​ទាំងនេះ​ប្រឈម​ការទប់ស្កាត់​មិន​អោយ​ចូល​ប្រើ​បច្ចេកវិទ្យា​លោកខាងលិច កម្លាំង​ពលកម្ម​វ័យចាស់​កាន់តែច្រើន និង​ភាព​តា​ន​​តឹង​ជាមួយ​អាម៉េរិក អឺរ៉ុប ព្រម​ទាំង​ប្រទេស​ក្បែរ​ខាង​អាស៊ី​ដោយសារ​បញ្ហា​ពាណិជ្ជកម្ម សន្តិសុខ សិទ្ធិមនុស្ស​និង​ជម្លោះ​ទឹកដី​។​

​លោក​ស៊ី​ក៏​អំពាវនាវ​ធ្វើ​«​មហា​យុវ​កម្ម​ប្រជាជាតិ​ចិន​»​និង​ការធ្វើអោយ​មាន​កំលាំង​ឡើងវិញ​«​បេសកកម្ម​ដើម​»​របស់​បក្ស ក្នុងនាម​ជា​មេដឹកនាំ​សង្គម សេដ្ឋកិច្ច​និង​វប្បធម៌​នៅក្នុង​អ្វី​ដែល​លោក​មើលឃើញ​​ថា​ជា​យុគមាស​មួយ​ក្រោយ​បក្ស​ចូល​កាន់​អំណាច​នៅ​ចិន​ក្នុង​ឆ្នាំ​១៩៤៩​។​

​លោក​ក៏​បាន​អំពាវនាវ​អោយ​អភិវឌ្ឍ​យោធា​កាន់តែ​លឿន និង​«​ពឹង​លើ​ខ្លួនឯង​និង​ពង្រឹងកំលាំង​»​ខាង​បច្ចេកវិទ្យា​និង​ការពារ​ផលប្រយោជន៍​ចិន​នៅ​បរទេស ៕