ដោយ៖ដេប៉ូ/មណ្ឌលគិរី៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថា ក្នុងយុទ្ធនាការបញ្ឈប់ការជួញដូរ និង ហូបសាច់សត្វព្រៃដែលជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាននិងដៃគូបានអនុវត្តដោយជោគជ័យចំនួនប្រាំមួយខេត្តនាកន្លងមកត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានលើកឡើងថាមានគោលបំណងសំខាន់ៗចំនួន៣ដើម្បីឱ្យម្ចាស់ភោជនីយដ្ឋាន មន្រ្តីពាក់ព័ន្ធ អង្គការដៃគូនិងក៏ដូចជាពលរដ្ឋទូទៅរួមគ្នាបញ្ឈប់ការជួញដូរ ហូបសាច់ព្រៃ និងក៏ដូចជាការសម្លាប់សត្វព្រៃជាដើម។

ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២បានរួមគ្នាបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ក្នុងពិធីនេះឱ្យដឹងថាក្នុងយុទ្ធនាការបញ្ឈប់ការ
ជួញដូរនិងហូបសាច់សត្វព្រៃនេះគឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួនបី រួមមានទី១.លើកទឹកចិត្តដល់ម្ចាស់ ភោជនីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគិរីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដោយបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួននិងចូលរួមផ្សព្វផ្សាយឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ទី២.លើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានីភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃនិងឃោសនាជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃដែលវាមិនផ្តល់ប្រយោជន៍សម្រាប់សុខភាពឬគ្មានឥទ្ធិពលអ្វីបង្ហាញពីកិត្តិយសឬឋានៈក្នុងសង្គមដូចអ្វីដែលមនុស្សមួយចំនួនតូចបានគិត និងដើម្បីឱ្យពួកគេបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ទី៣.ផ្សព្វផ្សាយជាសាធារណៈឱ្យបាន
ទូលំទូលាយបន្ថែមទៀតអំពីយន្តការអនុវត្តច្បាប់របស់ខេត្តមណ្ឌលគិរីក្នុងនោះមានក្រុមជំនួយអនុវត្តច្បាប់ចល័ត ព្រមទាំងសេចក្តីណែនាំ និង វិធានការនានារបស់ខេត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ។

ទាក់ទិនក្នុងរឿងនេះ លោក រដ្ឋលេខាធិការបានលើកឡើងឱ្យដឹងថា៖“មានភោជនីយដ្ឋានចំនួន៣២នៅ ខេត្តមណ្ឌលគិរីបានចូលរួមប្រកាសថានឹងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃទេហើយភោជនីយដ្ឋានទាំងនោះ គឺជាភោជនីយដ្ឋានដែលមានអតិថិជនច្រើន និងមានឈ្មោះបោះសម្លេងផងដែរ”។

គួរបញ្ជាក់ថាក្នុងពិធីនេះដែរគេឃើញ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ,រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWFប្រចាំកម្ពុជាបានអញ្ជើញចុះបិទស្លាក ដែលបញ្ជាក់ពីខ្លឹមសារឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ,បញ្ឈប់ការជួញដូរសត្វព្រៃនៅតាមភោជនីយដ្ឋាននៅទីក្រុងសែនមនោរម្យទៀតផង។

ក្នុងពិធីនេះដែរលោក នេត្រ ភក្រ្តា បានបញ្ជាក់ថា “ក្នុងយុទ្ធនាការដែលយើងបានចាប់ផ្តើមពីថ្ងៃទី ២២ខែតុលា ឆ្នាំ ២០២២នេះគឺជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ហើយពេលនេះយើងបានបញ្ចប់យុទ្ធនាការអន្ទាក់សូន្យ ហើយឥឡូវនេះយើងបានផ្តោតទៅលើការបញ្ឈប់ការជួញដូរសត្វព្រៃដែលតម្រង់ទិសទៅលើផ្នែកភោជនីយដ្ឋានដែលជាកន្លែងមួយយើងយល់ថាជាកន្លែងចែក​ចាយសាច់សត្វព្រៃហើយក៏ជាកន្លែងមួយដែលធ្វើឱ្យមានការដាក់អន្ទាក់ និងមានការលក់ដូរ”។

ជាមួយគ្នានេះលោក រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃព្រមតាំងអំពាវនាវឱ្យភោជនីយដ្ឋានបញ្ឈប់ការលក់សាច់សត្វព្រៃសូមកុំចូលព្រៃសម្លាប់សត្វព្រៃត្រូវបញ្ឈប់បន្ទាន់។ ព្រោះថា អំពើទាំងនេះខុសច្បាប់ វាជាទង្វើដែលសង្គមមិនទទួលស្គាល់សោះឡើយ៕សរន

ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២បានរួមគ្នាបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី( រូបថតៈបរិស្ថាន)