ដោយ: ភ្នំខៀវ /បាត់ដំបង៖ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានចុះណែនាំឱ្យកសិករក្នុងខេត្តបាត់ដំបងពីរបៀបអនុវត្តការដាំដុះដំណាំស្រូវពីការចំណាយថ្លៃដើមច្រើន ងាកមកកាត់បន្ថយថ្លៃចំណាយតិច និងស្រូវមានតម្លៃខ្ពស់ក្នុងទីផ្សារ។

បណ្ឌិត ងិន ឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(រូបទី២ខាងឆ្វេង)បានជួបជាមួយ ប្រជាកសិករនៅក្នុងភូមិចកកាប់ជើង ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង(រូបថតៈភ្នំខៀវ)

ក្នុងសកម្មភាពជាក់ស្តែងនៅថ្ងៃទី ២៣ ខែតុលានេះបណ្ឌិត ងិន ឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយក​នៃ​អគ្គនាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបសំណេះសំណាលជាមួយ ប្រជាកសិករនៅក្នុងភូមិចកកាប់ជើង ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។លោកបានណែនាំថាដើម្បី ទទួលបានប្រាក់ចំណេញក្នុងការងារដាំដុះដំណាំស្រូវ កសិករត្រូវងាកមកអនុវត្តជាមួយកត្តាធំៗចំនួនបីរួមមាន: ១.កាត់បន្ថយថ្លៃដើម, ២.ដាំស្រូវមានគុណភាពល្អ និង៣.ស្រូវមានតម្លៃខ្ពស់ក្នុងទីផ្សារ។

បណ្ឌិត ងិន ឆាយ បន្តថា ការកាត់បន្ថយថ្លៃដើមគឺប្រជាកសិករគប្បីចេះជ្រើសរើសពូជសុទ្ធល្អ ដាំដុះរយ:ពេលខ្លី នោះកសិករនឹងចំណេញពេលវេលា ចំណេញទឹកស្រោចស្រព កម្រៃប្រើថ្នាំកម្ចាត់សត្វល្អិតចំណេញ ទាំងការប្រើប្រាស់ជីច្រើន រួមទាំងមានកិច្ចសហការជិតស្និតរវាងមន្ត្រីនៃមន្ទីរកសិកម្ម និងកសិករ ឬមានកិច្ចសន្យាច្បាស់លាស់រវាងសហគមន៍កសិករ ជាមួយនឹងឈ្មួញអ្នកផលិតពូជជាដើម ( តាមការសិក្សាការប្រើពូជសុទ្ធ បានផ្តល់ទិន្នផលកើនឡើងខ្ពស់ពី ១៥ ទៅ២០% )។

លោកបន្តថាបរិមាណគ្រាប់ពូជដែលត្រូវដាំដុះ ត្រូវជាពូជសុទ្ធដែលមានដំណុះខ្ពស់ ។ពូជមានអាយុកាលខ្លី បរិមាណពូជក្នុងការព្រោះសមស្រប។មិនប្រើច្រើនពេកតាមបច្ចេកទេសកសិកម្ម។ដើម្បីឱ្យស្រូវមានផលខ្ពស់អាស្រ័យលើកត្តាបី ដូចជា: ចំនួនដើមផ្តល់ផលច្រើន ចំនួនកួរស្រូវច្រើនក្នុងមួយដើមៗ និងគ្រាប់ស្រូវមានទម្ងន់ធ្ងន់ ។ដូចនេះមានន័យថា ការប្រើគ្រាប់ពូជច្រើន​លើសលប់មិនប្រាកដថាបានផល និងចំណេញច្រើននោះឡើយ។ ដូចគ្នាដែរជីក៏ត្រូវកាត់បន្ថយអំឡុងពេលស្រូវជិតប្រមូលផលមិនត្រូវប្រើច្រើនពេកនោះទេព្រោះស្រូវស្រូបជីមិនអស់សល់ចោលនៅក្នុងដី។

មន្ត្រីជំនាញដដែលបានបញ្ជាក់ទៀតថា ការកាត់បន្ថយមួយផ្នែកទៀតលើការបាញ់ថ្នាំកម្ចាត់ស្មៅ កម្ចាត់សត្វល្អិតជាដើម ក៏ជាចំណុចដែលកសិករត្រូវចំណាយលុយច្រើន ពិសេសស្រូវមានជំងឺក្រាស៊ីដើម ត្រូវទៅពិគ្រោះជាមួយមន្ត្រីជំនាញដើម្បីពិនិត្យប្រភេទជំងឺឱ្យបានច្បាស់លាស់រួចប្រើប្រាស់ថ្នាំបាញ់ទប់ស្កាត់ឱ្យចំគោលដៅតែគួរប្រយ័ត្នចំពោះអ្នកលក់ឯកជនដែលចេះតែសន្និដ្ឋានមិនមានមូលដ្ឋានត្រឹមត្រូវនាំកសិករអនុវត្តតាមទិញថ្នាំច្រើនមុខប្រើប្រាស់មិនបានកាត់បន្ថយថ្លៃដើម៕សរន

បណ្ឌិត ងិន ឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(រូបកណ្តាល)បានជួបជាមួយ ប្រជាកសិករនៅក្នុងភូមិចកកាប់ជើង ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង(រូបថតៈភ្នំខៀវ)