ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​គឺ​អ្នកដទៃ​មិនអាច​ធ្វើ​អ្វី​លោកអ្នក​បាន​ស្រេច​តែ​ចិត្ត​ទេ ពិសេស​ងាយ​ទទួលផល​លំបាក​ដោយសារ​អ្នក​ទៀតផង ។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អៗ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​មាន​ឧបសគ្គ​ខ្លះៗ​ចូលមក​លុកលុយ​យាយី​ក្តី តែ​យ៉ាងណា​ប្រាក់កម្រៃ​មិន​ថា​ទីជិត​ឆ្ងាយ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាការ​ដោះស្រាយ​ចាយវាយ​សម្រាប់​គ្រួសារ​។
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​នរណាម្នាក់​មក​ធ្វើ​គូគាប់​ជា​ពេលវេលា​ល្អ​ក្នុងការ​ភ្ជាប់​ចំណង​នេះហើយ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​យើង ពេលខ្លះ​មាន​បញ្ហា​ច្រើន មាន​បញ្ហា​តិច ឬ​បើ​ពុំមាន​បញ្ហា​សោះ​នោះ​គឺ​ពុំ​អាចមាន​ឡើយ​។​និយាយ​រួម​គ្រាន់តែ​អ្នកខ្លះ​មាន​បញ្ហា​ច្រើន​និង​តិច​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​សំខាន់​ឱ្យ​យើង​ចេះ​ដោះស្រាយ​និង​តស៊ូ​ជាមួយ​វា​ទើប​ជា​ការល្អប្រពៃ​បំផុត​។​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ​និង​ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ​ធ្វើ​អ្វីមួយ​ដែល​ធំដុំ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​រាល់​កិច្ចការ​តូចធំ​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​មាន​ភាព​ស្រស់ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ចង់បាន​អ្វី ឬ​ប្រាថ្នា​ធ្វើ​អ្វីមួយ​គឺ​តែង​ឆ្លើយតប​ផល​សម្រេច​មកវិញ​គ្រាន់​កក់ក្តៅ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។ លោកអ្នក​មានដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ចូរ​ចេះ​ចាត់ចែង​ការងារ និង​បញ្ហា​ប្រាក់កាស​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោល ហើយ​ឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ដែល​ត្រូវ​រាប់​រង​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​មិន​សម្រេច​ដូច​បំណង​ឡើយ​ពោលគឺ​ច្រើន​ខកបំណង​ច្រើនជាង​។​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោកសង្រេង​ជាក់​ជាពុំខាន​។​អ្នកជំនួញ​តូចធំ​ឃើញថា​អំឡុង​ពេលនេះ​ជួប​ស្ថាន​ភាពលំបាក​ច្រើន​អ្នកខ្លះ​សឹង​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​មិនបាន​គ្រប់​ឆ្នាំងបាយ​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​នឿយណាយ​អស់សង្ឃឹម​ដោយសារ​ម្នាក់ៗ​ពុំ​សូវ​បាន​យកចិត្តទុកដាក់​គ្នា​ប៉ុន្មាន​ឡើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួបប្រទះ​នូវ​បញ្ហា​មិនល្អ​យាយី ហើយ​ធ្វើ​ច្រើន​តែង​ជួប​បញ្ហា​ច្រើន​ថែមទៀត​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា ហើយ​ចង់រក​តាម​គេ​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ឃើញថា លោកអ្នក ជួប​ភាព​សុខដុម ហើយ​បើ​ចង់​កសាង​មិត្ត​ឬ​លុបបំបាត់​រឿង​រាវ​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អប្រពៃ​បំផុត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់​ប្រពៃ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​ក្រៅពីនេះ​បើ ទោះ​លោកអ្នក​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ទោះបីយ៉ាងណា​បុរស​ប្រកបការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​អាក្រក់​អាច​កើតមាន​គ្រប់ពេលវេលា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ផង ។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​សម្រាប់ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ក្នុងថ្ងៃនេះ មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​។ ការប្រកប​ការងារ​រ​បស់ លោកអ្នក​ក៏​មិនសូវ​ល្អប្រសើរ​ដែរ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ ឬ សម្រេចចិត្ត​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ច្រើន​ត្រូវ​ឆ្លងកាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។
បញ្ហា​ស្នេហា​ពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ​ហើយ​អាចមាន​គេ​ចោមរោម​ស្រឡាញ់​ច្រើនតែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​ដែរ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នេះ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ឬ​មនុ​សុ្ស​ភាគច្រើន​អាណិតអាសូរ​ជានិច្ច​។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន​និង​ការចុះ​សម្រុង​គ្នា​ឃើញថា​ច្រើន​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕