​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ក្រុង​គៀវ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​តុលា​បាន​ថ្កោលទោស​ថា​ជា​ការនិយាយ​កុហក​ដ៏​គ្រោះថ្នាក់​ពី​រុស្ស៊ី​ដែលថា អ៊ុយ​ក្រែន​កំពុង​ត្រៀម​ប្រើ “​គ្រាប់បែក​កខ្វក់​” សម្រាប់​ជា​ការបង្កើន​ការប្រយុទ្ធ​នៅក្នុង​សង្គ្រាម​ដែល​មាន​រយៈពេល​ប្រាំបី​ខែ​របស់​ពួកគេ​។​

​សម្ពន្ធ​មិត្ត​លោកខាងលិច​របស់​អ៊ុយ​ក្រែ​នក៏បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ផងដែរ​ពោល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជាមួយនឹង​ការអះអាង​​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នេះ​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និយាយថា នៅក្នុង​ការសន្ទនា​ជាមួយ​សម​ភាគី​អង់គ្លេស បារាំង និង​តួ​ក​គី រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ (Sergei Shoigu) បាន​បង្ហាញ​ពី​«​ការព្រួយបារម្ភ​អំពី​​ការ​បង្កហេតុ​ដែល​អាច​កើតមាន​ដោយ​អ៊ុ​យក្រែន ជាមួយនឹង​ការប្រើប្រាស់ “​គ្រាប់បែក​កខ្វក់​”» ដោយ​សំដៅលើ​អាវុធ​ដែល​ប្រើ​ជាតិ​ផ្ទុះ​បែប​ប្រពៃណី​ដើម្បី​ពង្រាយ​សារធាតុ​វិទ្យុ​សកម្ម​។

​លោក​សយហ្គូ​ក៏​បាន​និយាយ​ទៅកាន់​ប្រធាន​មន្ទីរ​បញ្ច​កោណ​លោក ឡយ អូ​ស្ទីន ផងដែរ​ប៉ុន្តែ​មូ​ស្គូ​មិន​បាន​លើកឡើង​អំពី​ការចោទប្រកាន់​អំពី​គ្រាប់បែក​កខ្វក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដែល​​សង្ខេប​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​នោះទេ​។​

​ប៉ុន្តែ​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​អំពាវនាវ​ឱ្យ​មាន​ការឆ្លើយតប​ជា​អន្តរជាតិ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ជា​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ថា “​ប្រសិនបើ​រុស្ស៊ី​ទូរស័ព្ទ​មក ហើយ​និយាយ​ថា​អ៊ុយ​ក្រែន​កំពុង​ត្រៀម​ធ្វើ​អ្វីមួយ នោះ​វា​មានន័យថា​រុស្ស៊ី​បាន​ត្រៀម​ធ្វើ​អ្វីៗ​​ទាំងអស់​នោះ​រួចទៅហើយ​”​។​

“​ខ្ញុំ​ជឿថា​ឥឡូវនេះ​ពិភពលោក​គួរតែ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​តាម​ដែល​អាច​ធ្វើទៅបាន​”​។​

​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន លោក ឌី​មីត្រូ គូ​ឡេ​បា (Dmytro Kuleba) បាន​ថ្កោលទោស​ការអះអាង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូថា “​មិន​សម​ហេតុផល​” និង “​គ្រោះថ្នាក់​”​។​

​លោក​បាន​បន្ថែមថា “​រុស្សី​តែងតែ​ចោទ​អ្នកដទៃ​អំពី​អ្វី​ដែល​ពួកគេ​គ្រោង​នឹង​ធ្វើ​ខ្លួនឯង​”៕

ប្រជាជន​អ៊ុ​យក្រែន​១​លាន​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ក្រោយ​ការវាយប្រហារ​របស់​រុស្ស៊ី​នា​ពេល​ថ្មីៗ​នេះ​