វើ​ល​ខាប់ ៖ ស្តេច និង នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ គាំទ្រ​ជម្រើសជាតិ បន្ទាប់ពី​ចាញ់​នៅ​វើ​ល​ខាប់​

997
ចែករម្លែក

​ស្តេច​អេ​ស្ប៉ា​ញ ហ្វេ​លី​ប៉េ ទី​៦ និង​នាយករដ្ឋមន្ត្រី​លោក ប៉េ​ត្រូ សាន់​ឆេស បានបង្ហាញ​ការគាំទ្រ​ដល់​កីឡាករ​អេ​ស្ប៉ា​ញ បន្ទាប់ពី​ពួកគេ​រង​បរាជ័យ​ក្រោម​ស្នាដៃ​រុស្ស៊ី​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​ហ្វី​ហ្វា​វើ​ល​ខាប់​កាលពី​ថ្ងៃអាទិត្យ ទី​១ កក្កដា​។​

​អេ​ស្ប៉ា​ញ​បាន​ចាញ់​ម្ចាស់ផ្ទះ​រុស្ស៊ី​ក្នុង​លទ្ធផល ៤-៣ លើ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី បន្ទាប់ពី​ការប្រកួត​បានបញ្ចប់ ១-១ ក្រោយ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​។ បន្ទាប់ពី​ការប្រកួត​នេះ ស្តេច ហ្វេ​លី​ប៉េ ទី​៦ ដែល​បាន​យាង​ចូលរួម​ទត​ការប្រកួត​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌី​មេ​ទ្រី ម៉េ​ត​វ៉េ​ដេ​វ និង​ប្រធាន​ហ្វី​ហ្វា លោក ជី​យ៉ាន​នី អ៊ី​ន​ហ្វា​នទី​ណូ បាន​យាង​ចូល​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​ក្រុម​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​ទ្រង់​ដល់​កីឡាករ​។​

​ចំណែក លោកនាយក​រដ្ឋមន្ត្រី​សាន់​ឆេស​វិញ បាន​ថ្លែង​គាំទ្រ​ក្រុម​អេ​ស្ប៉ា​ញ​តាមរយៈ​ធ្វី​ត​ធឺ​។​

​លោក​សាន់​ឆេស​បានសរសេរថា “​អ្នក​បានធ្វើឱ្យ​ប្រទេស​ទាំងមូល​សប្បាយរីករាយ​ជាច្រើន​សប្តាហ៍​។ លើក​នេះ​មិនអាច​ធ្វើបាន​ដូច​លើក​មុន ប៉ុន្តែ​ខ្ញុំ​ប្រាកដថា​យើង​នឹងធ្វើ​វា​បាន​ម្តងទៀត​។ ខ្ញុំ​សូម​គាំទ្រ​ដល់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​”​។​

​បន្ទាប់ពី​ការទទួល​ជ័យជម្នះ​កាលពី​ថ្ងៃអាទិត្យ រុស្ស៊ី​បាន​ឈានទៅ​ប្រកួត​វគ្គ ៨ ក្រុម​ចុងក្រោយ​ជា​លើកដំបូង ហើយនឹង​ត្រូវ​ប្រឈម​នឹង​ក្រូ​អាស៊ី​នៅ​ថ្ងៃទី ៧ ខែកក្កដា ខណៈដែល​អេ​ស្ប៉ា​ញក​ក់​សំបុត្រ​យន្តហោះ​ត្រឡប់មក​ស្រុក​វិញ​៕ ដោយ៖ កញ្ញាដាលីស

អេ​ស្ប៉ា​ញ​បាន​ចាញ់​ម្ចាស់ផ្ទះ​រុស្ស៊ី​ក្នុង​លទ្ធផល ៤-៣ លើ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី

ទីតាំងផ្សាយពាណិជ្ជកម្ម