​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យន្តហោះ​ក្រុមហ៊ុន Korean Air​មួយ​គ្រឿង​បាន​បើក​ធ្លាក់​ផ្លូវ​រត់ ខណៈ​កំពុង​ចុះ​ចត​ក្នុង​អាកាសធាតុ​អាក្រក់​នៅ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​កាលពី​យប់​​ថ្ងៃអាទិត្យ​ទី​២៣​តុលា ប៉ុន្តែ​អាជ្ញាធរ​និយាយថា មនុស្ស​ទាំង ១៧៣ នាក់​នៅ​លើ​យន្តហោះ​មាន​សុវត្ថិភាព​។​

​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ហ្វីលីពីន​បាន​និយាយថា អាកាសយានដ្ឋាន​នៅលើ​កោះ​ម៉ាក​តាន់ (Mactan) ក្នុង​ខេត្ត​សេ​ប៊ូ (Cebu) ត្រូវ​បាន​បិទ​ដោយ​គ្មាន​កាលកំណត់​ដោយសារតែ​យន្តហោះ​ជាប់គាំង​​មួយ​នេះ​។​

​រូបថត ដែល​ខ្លួន​បាន​បញ្ចេញ បង្ហាញ​ផ្នែក​ខាងក្រោម​របស់​យន្តហោះ​បាន​ដាច់​រហែក​ចេញ​មួយ​ផ្នែក ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​និង​ទីភ្នាក់ងារ​អាកាសចរណ៍​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការខូចខាត​នោះ​ទេ​។​

​ទីភ្នាក់ងារ​អាកាសចរណ៍​ហ្វីលីពីន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​អ្នកដំណើរ​ទាំងអស់​មា​ន​សុវត្ថិភាព និង​ត្រូវបាន​ជួយ​ដោយ​បុគ្គលិក​នៅ​លើ​ដីគោក​”​។​

​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air Lines Co. បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តហោះ Airbus A330 មកពី​ទីក្រុង​អ៊ី​ន​ឆុន (Incheon) ប្រទេស​កូរ៉េខាងត្បូង បាន​ព្យាយាម​ចុះចត​ពីរដង​មុន​នឹង​រអិល​ធ្លាក់​ផ្លូវ​រត់​នៅលើ​ការប៉ុនប៉ង​ទី​បី​។​

​ក្រុមហ៊ុន​បាន​និយាយថា អ្នកដំណើរ​ទាំងអស់​បាន​ជម្លៀស​ខ្លួន​នៅលើ​ពោង​សំ​រ៉ូត​គេច​ខ្លួន​របស់​យន្តហោះ ហើយ​ខ្លួន​កំពុង​ព្យាយាម​រក​មើល​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ​។

​ទីភ្នាក់ងារ​អាកាសចរណ៍​ហ្វីលីពីន​និយាយ​ថា យ៉ាងហោច​ណាស់​ជើងហោះហើរ​ចូល​មក​ចំនួន​បួន​ត្រូវ​បាន​បង្វែរ​ទៅ​កាន់​ទីក្រុង​ម៉ានីល និង​អាកាសយានដ្ឋាន​នៅក្បែរនោះ​៕

យន្តហោះ Airbus A330 មកពី​ទីក្រុង​អ៊ី​ន​ឆុន​បាន​ព្យាយាម​ចុះចត​ពីរដង​មុន​នឹង​រអិល​ធ្លាក់​ផ្លូវ​រត់​នៅលើ​ការប៉ុនប៉ង​ទី​បី​