​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រី​សន្តិសុខ​ក្នុង​តំបន់​បាន​និយាយថា មនុស្ស​ប្រាំបួន​នាក់​បាន​ស្លាប់ និង ៤៧​នាក់​បាន​រងរបួស​កា​លពី​ថ្ងៃអាទិត្យ​ទី​២៣​តុលា​នៅក្នុង​ការវាយប្រហារ​​លើ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​គី​ស្មា​យ៉ូ (Kismayo)​ភាគ​ខាងត្បូង​ប្រទេស​សូ​ម៉ាលី ដែល​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​អ៊ីស្លាម អាល់ សា​បាប (Al-Shabaab)​។​

​ទីក្រុង​កំពង់ផែ​នេះ​គឺ​ជា​ទីក្រុង​ចុងក្រោយ​ដែល​រង​ការវាយប្រហារ​បន្ទាប់ពី​ការ​រើប​ឡើងវិញ​នូវ​ការវាយប្រហារ​នា​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​ក្រុម​ដែល​មាន​សម្ពន្ធភាព​ជាមួយ​ក្រុម​អាល់​កៃ​ដា​មួយ​នេះ​ដែល​​ផ្តោត​គោលដៅ​ចម្បង​ទៅលើ​រដ្ឋធានី​ម៉ូ​ហ្គាឌី​ស៊ូ (Mogadishu) និង​ភាគ​កណ្តាល​សូ​ម៉ាលី​។​

​ការវាយប្រហារ​កាលពី​ថ្ងៃអាទិត្យ​បាន​ចាប់ផ្តើម​នៅ​ម៉ោង ១២៖៤៥ ថ្ងៃ នៅពេល​ដែល​រថយន្ត​បង្កប់​គ្រាប់បែក​មួយ​បាន​បើក​បុក​ទ្វារ​ចូល​សណ្ឋាគារ Tawakal​។ វា​បាន​បញ្ចប់​នៅ​ម៉ោង ៧៖០០ ល្ងាច​បន្ទាប់​​ពី​ជន​វាយប្រហារ​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​។​

​រដ្ឋមន្ត្រី​សន្តិសុខ​ក្នុង​តំបន់​ជូ​បា​ឡាន (Jubaland)​លោក យូ​ស៊ូ​ហ្វ ហ៊ូ​ស​សេន អូស្មាន់ (Yusuf Hussein Osman) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្នុងចំណោម​អ្នកស្លាប់​និង​របួស​គឺ​ជា​សិស្ស​ដែល​ចាកចេញ​ពី​សាលា​ក្បែរ​នោះ​។ លោក​បាន​បន្ថែមថា ជន​វាយប្រហា​រទាំង​បួន​នាក់ រួមទាំង​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាដ ត្រូវបាន​សម្លាប់​។​

​លោក​បាន​និយាយថា “​ជន​ទី​មួយ​បាន​បំផ្ទុះ​គ្រាប់បែក​ដោយ​ខ្លួនឯង ហើយ (​នៅសល់​) បី​នាក់​ទៀត​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​”​។​

​មន្ត្រីប៉ូលិស លោក អាប់​ឌុល​ឡា​ហ៊ី អ៊ី​ស្មា​អ៊ី​ល (Abdullahi Ismail) បាន​និយាយថា “​នេះ​មិនមែន​ជា​គោលដៅ​រដ្ឋាភិបាល​ទេ​។ វា​គ្រាន់តែ​ជា​សណ្ឋាគារ​ស៊ីវិល​ធម្មតា​ប៉ុណ្ណោះ​”​។​

​លោក ហ្វា​ហាន ហាស​សាន់ (Farhan Hassan) កំពុង​នៅ​ខាងក្រៅ​សណ្ឋាគារ​នៅពេលដែល​ការវាយប្រហារ​បាន​កើត​ឡើង​។ លោក​បាន​និយាយថា​”​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បើករថយន្ត​​បំបុក​ច្រកចូល​សណ្ឋាគារ មុន​ពេល​ខ្មាន់កាំភ្លើង​សម្រុកចូល​អគារ​”​។​

​ក្រុម​អាល់​សា​បាប​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​រយៈពេល​ប្រាំមួយ​ម៉ោង​នេះ ដោយ​និយាយថា សមាជិក​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​នៃ​តំបន់​ជូ​បា​ឡាន ជា​កន្លែង​ដែល​ក្រុង​គី​ស្មាយ៉ូ​ស្ថិតនៅនោះ កំពុង​ជួបប្រជុំគ្នា​ក្នុង​សណ្ឋាគារ​នៅពេលនោះ​៕

​ក្រុម​អាល់​សា​បាប​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​រយៈពេល​ប្រាំមួយ​ម៉ោង​នេះ​