​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ភ្លៀង​រដូវវស្សា​បន្ត​ធ្លាក់​រាយប៉ាយ​មិន​ស្មើ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​រហូតដល់​ដំណាច់​ខែតុលា​នេះ​ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្តបន្ទាប់​ដោយមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ពាក់កណ្តាល​ប្រទេស​ចុះទៅ​ក្រោម (​ត្បូង​) ហើយ​ព្យុះ​សម្រាប់​រដូវវស្សា​ឆ្នាំ​២០២២​នេះ​ក៏​មិនទាន់​អស់​នៅឡើយ​ដែរ ដូចជា​នៅ​ថ្ងៃទី​២៤ ខែតុលា​នេះ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​មិន​ស្មើ​ក្នុង​កម្រិត​ពី​តិច​ដល់​បង្គួរ​ចាប់ពី​ខេត្តកំពង់ធំ​រហូតដល់​មាត់សមុទ្រ​។ លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២​នេះ​។​
អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​រាល់ថ្ងៃ​ក្នុង​កម្រិត​ពី​តិច​ដល់​បង្គួរ ចំណែក​ស្ថានភាព​ភាព​ព្យុះ​សម្រាប់​រដូវវស្សា​ឆ្នាំ​២០២២​នេះ តាម​ការ​ព្យាករ​ឃើញ​នៅមាន​មិនទាន់​អស់​នៅឡើយ​ទេ​។ តែ​អ្វីដែល​ធ្វើឱ្យមាន​ឥទ្ធិពល​ទឹកភ្លៀង​ដល់​ប្រទេស​កម្ពុជា​នៅពេលនេះ គឺ​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​មួយ​ហើយ​មួយទៀត​។​

​លោក​ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៤ ខែតុលា​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ភ្លៀង​រដូវវស្សា​បាន​ធ្លា​ក់រាយ ប៉ាយ​មកវិញ​នៅ​គ្រប់​ស្រុក​ក្រុង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​រាល់ថ្ងៃ​នាំឱ្យ​ដំណាំ​ស្រូវវស្សា​នៅតាម​ទីទួល និង​តំបន់​ដែល​គ្មាន​ប្រព័ន្ធ​ទឹក​បញ្ជូន​ទៅដល់​រួច​ផុតពី​ការខ្វះ​ទឹក​ហើយ ដោយសារ​នៅក្នុង ពេលនេះ​ជាទូទៅ​ស្រូវ​ទាំងនោះ​បានចេញ​ផ្លែ​ជិត​អស់ហើយ ។ បើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ថែម​មកទៀត​រហូតដល់​ចុងខែ​ការប្រមូល​ផល​អាច​ជួប​ការលំបាក​វិញ​ដោយ​ត្រូវ​ច្រូតស្រូវ​នៅក្នុង​ស្រែ​មានទឹក​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​១៩ ដល់​២៥ ខែ តុលា​ថា នៅ​អំឡុង​ពីថ្ងៃ​ទី​១៩ ដល់​២១ ខែតុលា ព្រះរាជណាចក្រ​កម្ពុជា បន្ត​ទទួល​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​។ ចំណែក​ព្យុះ​ទី​២០ ឈ្មោះ​នេសាទ​( NESAT ) ដែល​បាន​កើតមានឡើង​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន និង​ថមថយ​ឥទ្ធិពល នៅពេល​ធ្វើដំណើរ​ចូលដល់​ប៉ែក​ខាងក្រោម​នៃ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​២១ ខែតុលា និង​ចាប់ពី​ថ្ងៃទី​២២ ដល់​២៥ ខែតុលា ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា ទទួល​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​

​នៅក្នុង​សេច​ក្តិ​ជូនដំណឹង​បាន​សរសេរ​ទៀតថា ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២ ទៅ​២៤​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​៣០ ទៅ​៣២​អង្សា​សេ ។

​នៅ​អំឡុង​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ ខែតុលា អាចមាន​តិចតួច តែ​បន្ទាប់ពីនោះ​បណ្តា​រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម និង​ខាងជើង​ជាប់​ប្រទេស​វៀតណាម​មាន​ភ្លៀង​ធ្លាក់​ក្នុង​កំរិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ បណ្តា​ខេត្ត​ដទៃទៀត​អាចមាន​ភ្លៀង​តិចតួច ។​
​សម្រាប់​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២០ ទៅ​២២​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩ ទៅ​៣១​អងក​សា​សេ ។
​ចាប់ពី​ថ្ងៃទី​១៩ ដល់​២១ ខែតុលា​អាចមាន​ភ្លៀង​ធ្លាក់​តិចតួច តែ​បន្ទាប់ពីនោះ​នឹង​អាចមាន​ភ្លៀង​ក្នុង​កំរិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​
​ចំពោះ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២ ទៅ​២៤​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​២៩ ទៅ​៣១​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កំរិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​