​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រេង​ឆៅ​ឡើងថ្លៃ​ក្នុង​ជំនួញ​បើក​ផ្សារ​ដំបូង​កាលពី​ថ្ងៃ​ចន្ទ​ដោយសារតែ​មាន​ការរំពឹង​អំពី​ការផ្គត់ផ្គង់​កាន់តែ​តឹងតែង​ទៅ​នៅ​មុន​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​ប្រេង​រុស្ស៊ី​។​ប្រេង​ឆៅ​នៅ​ផ្សារ​អាស៊ី​បាន​ឡើង​៥៤​សេន​ទៅដល់​ថ្លៃ​៩៤,០៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅពេល​ប្រេង​ផ្សារ​អាម៉េរិក​ឡើង​៥១​សេន ដល់​៨៥,៥៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​ប្រេង​ឆៅ​ផ្សារ​Brent​នៅ​អាស៊ី បាន​កើនឡើង​២​ភាគរយ​កាលពី​សប្តាហ៍​មុន​ដោយសារ​តែ​ដុល្លារ​ចុះខ្សោយ និង​សង្ឃឹមថា​ការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដ​១៩​នៅ​ចិន​នឹង​ត្រូវ​បន្ធូរបន្ថយ ដែល​នឹង​អនុញ្ញាត​អោយ​​តំរូវការ​ប្រេង​ក្នុងប្រទេស​ប្រើប្រាស់​ថាមពល​លំដាប់​ទី​ពីរ​ក្នុង​លោក​នេះ រើប​រើ​ឡើងវិញ​។​

​បញ្ហា​នៃ​ការផ្គត់ផ្គង់​ប្រេង​សកលលោក ត្រូវ​រំពឹងថា​នឹង​កើតមាន​ពិត​នៅ​ពេល​បំរាម​សហភាព​អឺរ៉ុប​លើ​ការនាំ​ចូល​ថាមពល​រុស្ស៊ី​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​៥​ធ្នូ ។​ក្រុម​នេះ​ក៏​មាន​ផែនការ​បិទ​ខ្ទប់​លើ​ការ​នាំចូល​​ផលិតផល​ប្រេង​រុស្ស៊ី​នៅ​ខែ​កុម្ភៈ​។​

​ប្រេង​ផ្សារ​Brent កាលពី​សប្តាហ៍​មុន​បាន​កើនឡើង​ទោះ​ជា​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​ប្រកាស​លក់​ប្រេង​១៥​លាន​បារ៉ែល​ចេញពី​ឃ្លាំង​បំរុង​អាម៉េរិក​។ ការបញ្ចេញ​ប្រេង​នេះ​ជា​ផ្នែក​នៃ​​ការបញ្ចេញ​ប្រេង​១៨០​លាន​បារ៉ែល​ដែល​បាន​ចាប់ផ្តើម​តាំងពី​ខែ​ឧសភា​។​លោកបៃ​ដិនបាន​អះអាងថា អាម៉េរិក​នឹង​បញ្ចូល​ប្រេង​ក្នុង​ឃ្លាំង​បំរុង​វិញ​នៅពេល​វា​ចុះ​ត្រឹម​៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល តែ​លទ្ធភាព​​ប្រហែល​ពិបាក​៕