ដោយ៖តារារិទ្ធ(បាត់ដំបង)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅតែបន្តអំពាវនាវឲ្យប្រជាជនកុំទម្លាក់ចោលនូវការអនុវត្ត វិធានការសុខាភិបាលនិងវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដើម្បីការពារជំងឺកូវីដ១៩ ព្រោះជំងឺនេះនៅមិនទាន់ទៅណាឆ្ងាយនោះទេ ។

ថ្លែងទៅកាន់ប្រជាជនប្រមាណជាង ១ ម៉ឺនគ្រួសារដែលបានមកជួបជុំគ្នាដើម្បីទទួលអំណោយស្រូវពូជ និង ស្បៀងអាហារ នៅខេត្តបាត់ដំបងនាព្រឹកថ្ងៃទី ២៤ ខែ តុលា ២០២២ នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមនិងស្តាប់តាមការរៀបចំរបស់រាជរដ្ឋាភិបាលដើម្បីរួមគ្នាទប់ស្កាត់បង្ការជំងឺកូវីដ ១៩ កុំឱ្យ បន្តឆ្លងរីករាលដាលកាន់តែខ្លាំងក្លានាដំណាក់ពិភពលោកក៏ដូចកម្ពុជាដែលជំងឺកូវីដ១៩ បានវាយលុកយ៉ាងខ្លាំង ។ ការអនុវត្តវិធានការសុខាភិបាលគឺមិនត្រឹមតែនៅទប់ស្កាត់ ការឆ្លងកូវីដ១៩ ប៉ុណ្ណោះទេក៏ប៉ុន្តែវាអាចនឹងការពារនូវជំងឺឆ្លងផ្សេងទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យដឹងថានៅនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ នោះទេនេះជាថ្ងៃទី៤ហើយដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺ កូវីដ១៩ ។ ក៏ប៉ុន្តែមិនមែន ន័យថាការអត់ឆ្លងជំងឺនេះគ្មានកូវីដ១៩ នៅជិតយើងម្នាក់ៗនោះទេព្រោះជំងឺកូវីដ១៩ ដូចជាសត្រូវលាក់ខ្លួនដែលយើងមើលមិនឃើញដូចគ្នាដូច្នេះយើងមិនអាចប្រកាសជោគ ជ័យទៅលើសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ១៩នោះទេក៏ប៉ុន្តែយើងគ្រាន់តែអាចប្រកាសថាយើងជោគ ជ័យលើសមរភូមិប្រឆាំងកូវីដ១៩ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវថា៖«បើទោះបីជាយើងអត់មានកូវីដក៏ដោយប៉ុន្តែ ត្រូវចាត់ទុកវាថាពួកវានៅក្បែរៗខ្លួនយើងហ្នឹងឱ្យធ្វេសប្រ ហែសបន្តិចគឺវាឆ្លងមក ចំពោះខ្លួនយើងអ៊ឹចឹងសូមបងប្អូនបន្តតទៅទៀតជាមួយនឹងការខិតខំអនុវត្តន៍វិធានការសុខាភិបាលក្នុងនោះមានទាំងការពាក់ម៉ាស់ រក្សាគម្លាត លាងសំអាតដៃជាមួយអាល់ កុលឬសាប៊ូដើម្បីចៀងវាងការឆ្លងចំពោះខ្លួនយើងនិងការចម្លងទៅអ្នកដទៃ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាជាមួងនឹងការចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលនិងវិធានការនានាសូមប្រជាពលរដ្ឋបន្តទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្របៗគ្នាជាពិសេសសូមបងប្អូនកុំមើលស្រាលវ៉ាក់សាំងឱ្យសោះជាក់ស្តែងការយកវ៉ាក់សាំងមកចាក់ជូនប្រជាពល រដ្ឋគ្រប់អាយុទូទាំងប្រទេសបានធ្វើឱ្យស្ថានភាព របស់កម្ពុជាមានភាពល្អប្រសើរដែលអាចបើប្រទេសឡើងវិញបន្ទាប់ពីកម្ពុជាបានទទួលរលកវាយប្រហារយ៉ាងខ្លាំងដូចបណ្តាប្រទេសនានាជាដើម។មិនមែនគ្រាន់តែ រាជរដ្ឋាភិបាល ឬមិនមែនគ្រាន់តែ ហ៊ុន សែន ម្នាក់អាចធ្វើបាននោះទេតែជោគជ័យនេះជាជោគជ័យរួមដែលប្រជាជនទទួលយកនូវគោលនយោបាយទាក់ទងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះដែលរាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលបានដាក់ចេញ ៕