​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) មើល​ទៅ​គ្រោង​នឹង​ប្រឡូក​ក្នុង​ឆាកនយោបាយ​ជាច្រើន​ឆ្នាំ បន្ទាប់ពី​បាន​ជួយ​ផ្តួលរំលំ​អតីត​នាយករដ្ឋមន្ត្រី​បូរី​ស ច​ន​សុន ប៉ុន្តែ​បន្ទាប់​មក​បាន​ចាញ់​លោកស្រី លី​ស ត្រាស (Liz Truss) ក្នុងការ​ប្រជែង​តំណែង​ថ្នាក់ដឹកនាំ​របស់​បក្ស​អភិរក្សនិយម​កាល​ពី​រដូវក្តៅ​។​

​ប៉ុន្តែ​ការដួលរលំ​ខាង​នយោបាយ​ដ៏​ភ្ញាក់ផ្អើល​របស់​លោកស្រី​បន្ទាប់​ពី​កាន់តំណែង​បានត្រឹមតែ ៤៤​ថ្ងៃ​បាន​ផ្តល់ឱកាស​ស្ទើរតែ​ភ្លាមៗ​សម្រាប់​សមាជិក​សភាបក្ស​អភិរក្ស​រូប​នេះ​ដើម្បី​ប្រឹងប្រែង​ជា​ថ្មី​ដើម្បី​​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ចម្រុះ​ពណ៌​សម្បុរ​ដំបូង​គេ​របស់​ចក្រភព​អង់គ្លេស​។​

​វា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ប្រសិនបើ​កូនចៅ​ជនអន្តោប្រវេសន៍​ហិណ្ឌូ​មក​ពី​ចក្រភព​អង់គ្លេស​ចាស់​ក្នុងប្រទេស​ឥណ្ឌា​និង​អាហ្វ្រិក​ខាងកើត​ត្រូវ​មក​គ្រប់គ្រង​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទី​​ប្រាំ​របស់​ពិភពលោក ទោះបីជា​អង់គ្លេស​កំពុងមាន​វិបត្តិ​ធ្ងន់ធ្ងរ​ក៏ដោយ​។​

​ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​សភា​បក្ស​អភិរក្សនិយម​ជាង ១០០ នាក់ ហើយ​បន្ទាប់មក​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខភាព​របស់​គាត់​កាលពី​ថ្ងៃអាទិត្យ ការពិត​កាន់តែ​ខិត​ជិត​មក​ដល់​។​

​អ្នក​ឈរ​ពាំង​ផ្លូវ​របស់​គាត់ គឺ​មានដូចជា អតីត​ចៅហ្វាយនាយ​ប្រែក្លាយ​សត្រូវ​នយោបាយ លោក​ច​ន​សុន ដែល​គាត់​មាន​ជម្លោះ​ជាមួយ​នៅ​ឆ្នាំនេះ និង​ដៃគូ​បក្ស​អភិរក្ស​និយម លោកស្រី ផេននី ម័​រ​ដោន (Penny Mordaunt) ក៏ដូចជា​លទ្ធភាព​បោះឆ្នោត​មួយ​ផ្សេង​ទៀត​របស់​សមាជិក​បក្ស​។​

​លោក​ស៊ូ​ណា​ក់​បាន​បរាជ័យ​ក្នុង​ការប្រកួតប្រជែង​តំណែង​ថ្នាក់ដឹកនាំ​កាល​ពី​រដូវក្តៅ​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​មូលដ្ឋាន​ថា គាត់​ជា​ជម្រើស​ល្អ​ជាង​លោកស្រី​ត្រាស​។​ប៉ុន្តែ​ដោយ​បាន​ទស្សន៍ទាយ​យ៉ាង​ត្រឹម​​ត្រូវ​នូវ​របៀបវារៈ​សេដ្ឋកិច្ច​របស់​លោកស្រី​ថា​នឹង​បង្ក​ឱ្យ​មាន​ចលាចល​ផ្នែក​សេដ្ឋកិច្ច គាត់​ប្រហែល​ជា​សង្ឃឹមថានឹង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​ក្នុង​ការប៉ុនប៉ង​លើក​ទី​ពីរ​នេះ​។​

​លោក​ច​ន​សុន​នៅតែ​បេក្ខជន​ឈាន​មុខ​របស់​អ្នក​ស្មោះត្រង់​នឹង​គណបក្ស ហើយ​សមាជិក​មួយចំនួន​មើលឃើញថា អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​គាត់​គឺជា​អ្នក​លួច​ចាក់​ពី​ក្រោយខ្នង​ដោយ​ធ្វើឱ្យ​​ការទទួល​សំឡេងឆ្នោត​ខ្ពស់​មាន​ការលំបាក​សម្រាប់​លោក​ស៊ូ​ណាក់​។​

​ទោះជា​យ៉ាងណា​នៅ​នាទីចុងក្រោយ លោក​ច​ន​សុន ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​។​

រី​ស៊ី ស៊ូ​ណាក់(ឆ្វេង)កាន់តែមានសង្ឃឹមក្រោយ​លោក​បូរី​ស ច​ន​សុន ដកខ្លួន​ចេញពី​ការ​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​

​ជា​អ្នក​មាន​ដ៏​អស្ចារ្យ​ពី​អាជីព​នយោបាយ​របស់​គាត់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ គាត់​ត្រូវបាន​គេ​ចម្អក​ថា​លែង​មាន​អី​ទាក់ទង​ជាមួយ​ជនជាតិ​អង់គ្លេស​ដែល​កំពុង​ជួប​ការលំបាក​ជាមួយ​អតិផរណា​ខ្ពស់​រាប់​​ទសវត្សរ៍​។​

​ក្នុង​ពេលធ្វើ​យុទ្ធនាការ​បោះឆ្នោត​រដូវក្តៅ គាត់​បាន​ពាក់​ស្បែកជើង​ម៉ាក Prada ដែល​មាន​តម្លៃ​ថ្លៃ នៅពេល​ធ្វើដំណើរ​ទៅ​កាន់​ការដ្ឋាន​សំណង់​មួយ ហើយ​បាន​ប្រឈម​មុខ​នឹង​ការចោទប្រកាន់ថា “​ក្បត់​” លោកស្រី​ត្រាស​។​

​វីដេអូ​មួយ​ក៏​បាន​បង្ហាញ​លោក​ស៊ូ​ណាក់ ដែល​មាន​អាយុ ២១ ឆ្នាំ​រៀបរាប់​ពី​មិត្តភក្តិ​ចម្រុះ​របស់​គាត់​ផងដែរ បន្ទាប់​ពី​ការសិក្សា​របស់​គាត់​នៅ​មហាវិទ្យាល័យ​វីន​ឆេ​ស្ទើ (Winchester)​ដែល​ជា​សាលា​​ឯកជន​ផ្តាច់មុខ​បំផុត​មួយ​របស់​ចក្រភព​អង់គ្លេស និង​សាកលវិទ្យាល័យ​អក់​ស្វត​។​

​គាត់​បាន​និយាយថា “​ខ្ញុំ​មាន​មិត្ត​ជា​អភិជន ខ្ញុំ​មាន​មិត្ត​ជា​វណ្ណៈ​ខ្ពស់ ខ្ញុំ​មាន​មិត្តភក្តិ​ជា​វណ្ណៈ​កម្មករ​” មុន​នឹង​បន្ថែម​ថា “​អូ​ច្រឡំ មិនមែន​វណ្ណៈ​កម្មករ​ទេ​”៕

លោក រី​ស៊ី ស៊ូ​ណាក់ កំពុង​ព្យាយាម​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​