​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖នៅ​មួយថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ត្រូវបាន​ជ្រើសតាំង​ជា​មេដឹកនាំ​ចិន​សំរាប់​អាណត្តិ​ទី​បី​ ទិន្នន័យផ្លូវការបង្ហាញថា សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​៣,៩​ភាគរយ​នៅ​ត្រីមាស​ទី​បី​ឆ្នាំ​២០២២​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​កើន​លើស​ការព្យាករណ៍​ទុក ។

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កាលពី​សប្តាហ៍​មុន​បាន​ពន្យារ​ពេល​បញ្ចេញ​តួលេខ​កំណើន​នៅ​ត្រីមាស​ទី​បី ជាមួយនឹង​សូចនាក​រណ៍​សេដ្ឋកិច្ច​ដទៃទៀត នៅពេល​ក្រុម​មេដឹកនាំ​ចិន​កំពុង​ជួបប្រជុំគ្នា​នៅក្នុង​​ទីក្រុង​ប៉េកាំង​។​

​រូបភាព​បញ្ចេញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ បង្ហាញ​ផែ​កុងតេ​នឺ​នៅ​កំពង់ផែ​គីន​ចូ​វ​ក្នុង​តំបន់​ស្វ័យ​ត​ហ្កាងស៊ី ស័ង កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២

​នៅ​ត្រីមាស​មុន សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ដល់​០,៤​ភាគរយ​ធៀប​នឹង​ត្រីមាស​ដូច​គ្នា​កាលពី​ឆ្នាំមុន ជា​ដំណើរការ​សេដ្ឋកិច្ច​អាក្រក់​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០២០ ក្រោយ​ពី​កើន​បាន​៤,៨​ភាគរយ​នៅ​ត្រីមាស​​ទីមួយ​។​

​ទិន្នន័យ​កាលពី​ថ្ងៃ​ចន្ទ​បានបង្ហាញ​កំណើន​ឡើងវិញ​បន្តិច បន្ទាប់ពី​ក្រុម​អ្នកជំនាញការ​បាន​ទាយ​ទុក​ថា​ចិន​មាន​កំណើន​ជាង​២,៥​ភាគរយ​ប៉ុណ្ណោះ។​​ទោះជា​យ៉ាងណាភាព​អត់​ការងារ​ធ្វើ​កើន​ហួស​ខែ​មុន ដោយ​មន្ត្រី​បន្ទោស​លើ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​អ្នកសេដ្ឋកិច្ច​ជាច្រើន​បន្ត​គិតថា ចិន​នឹង​នៅ​ខិតខំ​តស៊ូ​ធ្វើយ៉ាងណា​សំរេច​អោយបាន​គោលដៅ​កំណើន​ឆ្នាំ​២០២២​ក្នុង​រង្វង់​ប្រមាណ​៥,៥​ភាគរយទោះជា​អង្ក​ការ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​បាន​បន្ទាប​កំណើន​​របស់​ចិន​នៅ​ឆ្នាំ​នេះ​មក​នៅត្រឹម​៣,២​ភាគរយ និង​៤,៤​ភាគរយ​សំរាប់​ឆ្នាំក្រោយ​។​

​ក្រុម​អ្នក​ជំនាញ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ចិន​ត្រឹម​៣​ភាគរយ​នៅ​ឆ្នាំ​២០២២ ដោយ​ទាប​ជាង​៨,១​ភាគរយ​ឆ្ងាយ​ដែល​ចិន​សំរេចបាន​នៅ​ឆ្នាំ​២០២១​។​​បើ​ដូច្នេះ វា​នឹង​ជា​កំណើន​ខ្សោយ​បំផុត​របស់​ចិន​ធៀប​នឹង​កំណើន​ប្រចាំ​ឆ្នាំ​នៅ​បួន​ទសវត្សរ៍​មក​នេះ រួម​ទាំង​ឆ្នាំ​២០២០ នៅពេល​សេដ្ឋកិច្ចពិភពលោក​រង​ការបំផ្លាញ​ដោយ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​គោល​ន​យោ​បាន​សូន្យ​កូវី​ដ របស់​ចិន​នៅ​បន្ត​ធ្វើ​អោយ​ប៉ះពាល់​សេដ្ឋកិច្ច ហើយ​វា​ទំនងជា​នឹង​មិន​បន្ធូរបន្ថយ​ទេ​បន្ទាប់​ពី​ចិន​បញ្ចប់​សមាជ​បក្ស​ទៅ​។​ការបិទ​ខ្ទប់​ភ្លាមៗ​ដោយសារ​កើត​មានកូ​វីដ រួម​មាន​ការ​​បិទ​រោងចក្រ​និង​ក្រុមហ៊ុន បាន​រំខាន​ផលិតកម្ម​និង​ការប្រើប្រាស់​របស់​គ្រួសារ​។​

​ក្នុងពេល​ជាមួយគ្នា ចិន​ក៏​កំពុង​ប្រឈម​វិបត្តិ​មិនដែល​ធ្លាប់​ជួប​នៅក្នុង​វិស័យ​អចលនទ្រព្យ ដែល​ធ្លាប់​ជា​អ្នក​ជំរុញ​កំណើន​និង​តំណាង​អោយ​ជាង​មួយ​ភាគ​បួន​នៃផលិតផល​សរុប​ក្នង​ស្រុក​(GDP)​នៅពេល​​បូក​បញ្ចូល​ជាមួយ​វិស័យ​សំណង់​។​

​សូមបញ្ជាក់​ថាក្រោយវិស័យអចលនទ្រព្យ​រីកចំរើន​ដូច​ផ្ទុះ​អស់​ពេល​រាប់​ឆ្នាំ ជំរុញ​ដោយ​ការងាយ​ទទួលបាន​ឥណទាន​ អាជ្ញាធរ​ចិន​បាន​ចាប់ផ្តើម​បង្ក្រាប​លើ​បំណុល​ច្រើន​ហួសហេតុ​នៅ​ឆ្នាំ​២០២០​។​ការលក់​អចលនទ្រព្យ​ឥឡូវ​​ធ្លាក់ចុះ​នៅ​ទូទាំង​ប្រទេស ជាហេតុ​នាំ​អោយ​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋា​នជាច្រើន​តស៊ូ​យ៉ាងត្រដាបត្រដួស​និង​អ្នកទិញ​ខ្លះ​ឈប់​បង់ប្រាក់​រំ​លោះ​ដោយសារ​ផ្ទះ​សង់​អត់​ចប់​។​

​ទោះជា​មាន​បញ្ហា​មួយចំនួន ក៏​«​ស​ន្ទ​ស្សន៍​សេដ្ឋកិច្ច​ជាច្រើន​ពិតជា​បានបង្ហាញ​ការ​រើប​រើ​ឡើងវិញ​ដោយ​សម​ហេតុផល​ចេញពី​ការបិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​មីនា និង​មេសា​»​នេះ​បើ​តាម​លោក ថូ​ម៉ាស​​ហ្កា​ត​លី​(Thomas Gatley) អ្នកវិភាគ​នៅ​ក្រុមហ៊ុន​Gavekal Dragonomics​។​

​ការលក់​លក់​រថយន្ត​បាន​កើនឡើង​ខ្លាំង​នៅ​ខែ​កញ្ញា ជំរុញ​ដោយ​តំរូវការ​រថយន្ត​អគ្គិសនី​។​ការនាំចេញ​នៅ​ខែ​សីហា​បាន​កើនឡើង​៧,១​ភាគរយ ធៀប​នឹង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំមុន​៕

កំណើនសេដ្ឋកិច្ចចិនជំរុញមួយផ្នែកដោយការនាំចេញរថយន្តអគ្គិសនី