ទឹកខ្មៅ​ជ្រ​លក់​ដៃ​ជាង​ប្រាំ​ម៉ឺន​ដប​​នឹង​បញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៥ កក្កដា​

1352
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ទឹកខ្មៅ​ជ្រលក់​ដៃ​ជាងប្រាំ​ម៉ឺន​ដប សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.ប.) បញ្ជាទិញ​ពី​ប្រទេស​ឥណ្ឌា​នឹង​បញ្ជូន​មកដល់​​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។

មន្រ្តីគ.ជ.ប.ពេលពិនិត្យទឹកខ្មៅនៅឥណ្ឌា

​លោ​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប. បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២ ខែកក្កដា​ថា ទឹកខ្មៅ​ជ្រលក់​ដៃ​ដែល​គ​.​ជ​.​ប. បាន​ទិញ​ពី​ឥណ្ឌា គឺមាន​ចំនួន ៥១.០០០​ដប (​ប្រាំ​ម៉ឺន​មួយ​ពាន់​ដប​) ដោយ​ក្នុង​មួយ​ដប​មាន​ចំណុះ ៧០​មី​លី​លីត្រ (ml) ហើយនឹង​បញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែកក្កដា ខាងមុខ​។លោក​បាន​បញ្ជាក់ទៀតថា ទឹកខ្មៅ​ចំនួន ៤៥.៩៣៤​ដប ទុក​សម្រាប់​ប្រើ​នៅតាម​ការិយាល័យ​បោះឆ្នោត​ជាង​ពីរ​ម៉ឺន​ការិយាល័យ​នៅ​ទូទាំងប្រទេស ដោយ​ក្នុង​មួយ​ការិយាល័យ​ប្រើ​ទឹកខ្មៅ​ចំនួន​ពីរ​ដប និង​នៅសល់​មួយចំនួនទៀត​ទុក​បម្រុង​នៅ​គណៈកម្មាធីការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី ខេត្ត និង​នៅ​គ​.​ជ​.​ប.​។
​លោក​បន្តថា “​ទឹកខ្មៅ​ជ្រលក់​ដៃ​ទិញ​ពី​ឥណ្ឌា គឺមាន​គុណភាព​ល្អ នឹងមិន​អាច​លាង​ជ្រះ​ទេ ពីព្រោះ​មុននឹង​ទិញ​គ​.​ជ​.​ប. បានធ្វើការ​ពិសោធន៍​ត្រឹមត្រូវ​។ ទឹកខ្មៅ​សម្រាប់​ប្រើប្រាស់ក្នុង​ការបោះឆ្នោត​នៅលើ​ពិភពលោក គឺ​មាន​ក្រុមហ៊ុន​ផលិត​តែ​បួន ទៅ​ប្រាំ​ក្រុមហ៊ុន​ទេ។ ​ប្រទេស​នៅក្នុង​អាស៊ី​ភាគច្រើន និង​ប្រទេស​ជាច្រើន​នៅលើ​ពិភព​លោកគេ​ប្រើប្រាស់​ទឹកខ្មៅ​របស់​ឥណ្ឌា។ ទឹកខ្មៅ​នេះ គឺ​មិនអាច​លាង​ជ្រះ​ទេ​។ គ​.​ជ​.​ប. មុននឹង​ទិញ​គឺមាន​ការពិសោធ​ល្អិតល្អន់ ហើយ​អ្នក​ដែលថា ទឹកខ្មៅ​លាង​ជ្រះ គឺ​អ្នកនោះ​មាន​ចេតនា​មិនល្អ​ក្នុងការ​បោះឆ្នោត​។​

លោក ហង្សពុទ្ធា ពេលផ្តល់បទសំភាសន៍(រូបឯកសារ)

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ កន្លងមកនេះ លោក​ហ៊ឺ រ៉ុង ទីប្រឹក្សា​គ​.​ជ​.​ប. និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ រួមទាំង​មន្ត្រី​មួយចំនួន​បាន​អញ្ជើញ​ប្រទេស​ឥណ្ឌា ដើម្បី​ត្រួតពិនិត្យ​សង្វាក់​ផលិតកម្ម និង​ការ​វេច​ខ្ចប់​ទឹក​ថ្នាំ​លុបលាង​មិន​ជ្រះសម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត តប​តាម​ការអញ្ជើញ​របស់​ក្រុមហ៊ុន​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម