​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុមហ៊ុន Red Bull បាន​និយាយថា ម្ចាស់​ក្រុមហ៊ុន​លោក ឌី​ទ្រិ​ច ម៉ាតេស៊ីត (Dietrich Mateschitz)​ដែល​ជា​បុគ្គល​លេចធ្លោ​បំផុត​នៅក្នុង​​ពិភព​ភេសជ្ជៈ​ប៉ូវ​កម្លាំង ជា​ស្ថាបនិក​ក្រុម​ប្រណាំង​រថយន្ត Formula One និង​ជា​ចក្រភព​កីឡា​ដែរនោះ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សៅរ៍​ទី​២២​តុលា​នៅ​អាយុ ៧៨ ឆ្នាំ​។​

​ក្រុមហ៊ុន Red Bull បានបង្ហាញ​ទាំង “​ទុក្ខព្រួយ​” របស់​ខ្លួន​ចំពោះ​ការស្លាប់​របស់​មហាសេដ្ឋី​អូទ្រីស​រូបនេះ និង “​ការដឹងគុណ​ចំពោះ​អ្វី​ដែល​គាត់​បានធ្វើ​”​។​

​លោក​ម៉ាតេស៊ី​តត្រូវបាន​ទស្សនាវដ្តី Forbes ចាត់ថ្នាក់​ជា​បុគ្គល​មាន​ជាង​គេ​បំផុត​របស់​អូទ្រីស​ក្នុង​ឆ្នាំ ២០២២ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៧,៤ ពាន់​លាន​អឺរ៉ូ​។​

​ក្រៅពី​ការចូលរួម​របស់​ខ្លួន​នៅក្នុង​ការប្រណាំង​រថយន្ត Formula One ដែល​ក្នុងនោះ​អ្នកបើកបរ​ជនជាតិ​ហូ​ឡង់ លោក ម៉ាក់ វើ​ស្តាប​ផិ​ន (Max Verstappen) របស់​ក្រុម Red Bull​គឺ​ជា​ម្ចាស់​​ជើងឯក​ពិភពលោក​សម្រាប់​ឆ្នាំ​ទី​ពីរ​ជាប់ៗ​គ្នា ក្រុមហ៊ុន Red Bull ក៏​បាន​ទិញ​ក្លិប​បាល់ទាត់ Salzburg របស់​អូទ្រីស​ក្នុង​ឆ្នាំ ២០០៥ បន្ទាប់​មក​ក្លិប Leipzig ក្នុង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ​។​

​ប្រធាន​ក្រុម Red Bull Formula One លោក គ្រី​ស្ទាន ហន​ណឺ (Christian Horner) បាន​ពណ៌នា​លោក​ម៉ាតេស៊ីត​ថា​ជា​អ្នកគាំទ្រ​ដ៏ងប់​ងល់ និង​ជា “​ឆ្អឹងខ្នង​នៃ​អ្វីៗ​ទាំងអស់​ដែល​យើង​ធ្វើ​” នៅក្នុង​ថ្លែង​ដឹង​គុណ​ដល់​គាត់​។​

​លោក​ហន​ណឺ​បាន​និយាយ​នៅ​ឯ​កម្មវិធី​ប្រកួត United States Grand Prix នៅ​ទីក្រុង​អូ​ស្ទីន (Austin) រដ្ឋ​តិច​សាស​ថា “​វា​ពិតជា​សោកសៅ​ខ្លាំងណាស់​។ គាត់​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​សម្រាប់​អ្វី​ដែល​គាត់​សម្រេចបាន ហើយ​គាត់​បានធ្វើ​សម្រាប់​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​និង​នៅ​ទូទាំង​កីឡា​ជាច្រើន​”៕

​លោក ឌី​ទ្រិ​ច ម៉ាតេស៊ីត ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​នៅ​អាយុ ៧៨ ឆ្នាំ