ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាអុកចត្រង្គកម្ពុជា នឹងបង្ហាញខ្លួនជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ ។

អុកចត្រង្គ ដែលជាកីឡាប្រពៃណីមួយរបស់កម្ពុជា នឹងបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម នៅក្នុងចំណោមប្រភេទកីឡាអុក ដែលត្រូវបានបែងចែក ជាពីរ គឺអុកចត្រង្គ និងអុកចិន (Xiangqi)។ ស្របពេលជាមួយគ្នា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា កំពុងជ្រើសរើស កីឡាករ-កីឡាការិនីជម្រើសជាតិ ចំនួន ១១នាក់ ដើម្បីត្រៀមប្រកួតលើ ៦វិញ្ញាសា ស្មើនឹងការ ប្រជែងមេដាយមាស ចំនួន៦គ្រឿង ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ លើទឹកដីកម្ពុជា។

បើតាមការបញ្ជាក់ដោយលោក ប៊ិន គាសេង ជើងឯករងស្តេចអុកអង្គរសង្រ្កាន្ដ ឆ្នាំ២០១៧ និងជាអគ្គលេខាធិការរង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ទទួលបន្ទុកការងារបច្ចេកទេស បានឲ្យដឹងថាៈ ការជ្រើសរើសកីឡាករ កីឡាការិនី សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ គឺជារឿងសំខាន់របស់សហព័ន្ធកីឡាអុក ហើយត្រូវបានធ្វើឡើង ដោយសម្រិតសម្រាំង មានវិធីសាស្ត្រច្រើន ដំណាក់កាល។

ដោយសារវិញ្ញាសាប្រភេទកីឡាអុក យើងមាន ៦វិញ្ញាសា ហើយត្រូវប្រើកីឡាករ-កីឡាការិនី ១១នាក់ ប៉ុន្តែដោយមានគោលការណ៍ កីឡាករម្នាក់ អាចលេងបាន ២វិញ្ញាសា អ៊ីចឹងយើង សម្រេចចិត្តជ្រើសរើសកីឡាករ ផ្នែកបុរស ៩នាក់ និងកីឡាការិនី ២នាក់ ដើម្បីចូលរួម ប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

បច្ចុប្បន្ន កីឡាករចំនួន ៨រូប ត្រូវបានជ្រើសរើសរួចរាល់ហើយ នៅតែកីឡាករម្នាក់ទៀត ដែលត្រូវប្រកួតជម្រុះ ក្នុងចំណោមកីឡាករ ៤នាក់ (ជាជើងខ្លាំងលេខ៣ ក្នុងពូល) ចំពោះកីឡាការិនី នឹងត្រៀមធ្វើការប្រកួតជម្រុះ ក្នុងពេលឆាប់ៗនេះ។

ពេលនេះ មានប្រទេសចំនួន៤ ហើយ បានបញ្ជាក់ជាផ្លូវការ អំពីការចូលរួមប្រកួត ក្នុងនោះ រួមមាន ម្ចាស់ផ្ទះកម្ពុជា, ថៃ, មីយ៉ាន់ម៉ា និង វៀតណាម ស្របពេលដែលប្រទេសផ្សេងៗ ដទៃទៀត មិនទាន់មានការបញ្ជាក់នៅឡើយទេ។

អតីតជើងឯករងស្តេចអុកអង្គរសង្រ្កាន្ដឆ្នាំ២០១៧ រូបនេះ បានបន្តថាៈ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ វប្បធម៌លេងអុក គឺស្រដៀងៗគ្នា។ ថៃក៏លេងអុកដូចគ្នាជាមួយយើងដែរ ខុសលក្ខខណ្ឌតិចតួច។ ហើយវៀតណាម ផ្នែកខាងក្រោម ក៏មានលេងអុក ដូចជាមួយយើង។ រីឯនៅភូមា (មីយ៉ាន់ម៉ា) ក៏គេលេងអុកភូមា ប៉ុន្តែប្រភេទដូចៗគ្នា គ្រាន់តែខុសគ្នាបន្តិចបន្តួច ហេតុនេះ អាចលេងចូលគ្នាបាន។ សម្រាប់ប្រទេសផ្សេងៗ ដូចជាសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ភាគច្រើន គាត់លេងអុកអន្តរជាតិ និងលេងអុកកូនកាត់អាស៊ីអាគ្នេយ៍។ អ៊ីចឹង ប្រទេសខ្លះ គេអត់ទាន់យល់ច្បាស់ដែរ។

ក្នុងនាមជាម្ចាស់ លើប្រភេទកីឡាអុកចត្រង្គ អគ្គលេខាធិការរងរូបនេះ បានមើលឃើញថា ៤ ប្រទេសខាងលើ សុទ្ធតែមានវប្បធម៌ និងក្បួនខ្នាត នៃការលេងអុក ប្រហាក់ប្រហែលគ្នា។ យ៉ាងណាក៏ដោយ សហព័ន្ធ បានដាក់ក្ដីរំពឹងឈ្នះមេដាយមាស យ៉ាងតិច ៣ គ្រឿង ក្នុងចំណោម ៦ មេដាយមាស។

នៅក្នុងប្រភេទកីឡាអុកចត្រង្គនេះ មានមេដាយដល់ទៅ ៦ មេដាយមាស ហើយសមត្ថភាព កីឡាករកម្ពុជាយើង បច្ចេកទេស ទេពកោសល្យលេង ភាពប៉ិនប្រសប់ជាដើម គឺមិនចាញ់ ប្រទេសជិតខាងនោះទេ។ ថៃ ក៏ខ្លាំងផងដែរ ដោយសាររបៀបលេងអុករបស់គេ គឺស្រដៀង យើង ខុសលក្ខខណ្ឌបន្តិចបន្តួចប៉ុណ្ណោះ។ សហព័ន្ធ បានធ្វើការប្តេជ្ញាចិត្តជំរុញកីឡាករ កីឡាការិនី ហ្វឹកហាត់ក្នុងកម្រិតមួយដ៏ខ្ពស់ ដើម្បីបង្កើនគុណភាព ដោយសង្ឃឹមថា ទទួលបាន មេដាយមាស យ៉ាងតិច ៣ គ្រឿង»។ នេះបើតាមប្រសាសន៍របស់លោក ប៊ិន គាសេង ។

ជុំវិញការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅក្រោយចប់ព្រឹត្តិការណ៍ លោក ប៊ិន គាសេង រំពឹងថាៈ កីឡាមួយប្រភេទនេះ ជាកីឡាប្រពៃណី។ យើងចង់បង្ហាញ ទៅអន្តរជាតិថា យើងជាប្រទេសដែលមានវប្បធម៌ មានល្បែងល្បងប្រាជ្ញា ដែលបន្សល់ទុកពី ដូនតា គឺមានភាពអស្ចារ្យណាស់ ផ្នែកខាងខួរក្បាល ផ្នែកខាងគិត៕ V / N