ដោយ៖ បញ្ញាសាស្រ្ត / ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា នារីៗ ភាគច្រើន មានការតុបតែងខ្លួន យ៉ាងស្រស់ស្អាត មិនថា ការតុបតែងមុខមាត់ ឬការលេង ស្តាយ តាមបែបយុវវ័យសម័យថ្មី និងការផាត់មុខបែបសិចស៊ី ឬ ការគូសចិញ្ចើម ដោយការផ្លុំ ឬប៉ាក់ តាមបែបធម្មជាតិ។

ជាអ្នកប៉ាក់ចិញ្ចើមអាជីព លោក យូ ឌីម៉ង់ បានបង្ហើបថាៈ ទម្រាំបានក្លាយខ្លួនជាមនុស្ស មានស្នាដៃ ដែលអតិថិជនទទួលស្គាល់ លោកបានតស៊ូ មិនចាញ់ខ្សែភាពយន្តប៉ុន្មានទេ សម្រាប់ជីវិតជាក្មេងកំព្រារបស់លោក មុនពេលឈានជើង ដល់ចំណុចមួយនេះ។ លោកធ្លាប់ជាក្មេងកំព្រា លក់នំតាមសាលារៀន តស៊ូជំនះឧបស័គ្គ ខណៈដែលត្រឹមវ័យ ៧ឆ្នាំ ត្រូវបានឳពុកម្តាយ ស្លាប់ចោល។ ជាក្មេងកំព្រា លោក ឌីម៉ង់ មិនបានបោះបង់សាលារៀនទេ ពោលគឺ លក់នំនៅតាមរបងសាលាបណ្តើរ តស៊ូរៀនបណ្តើរ រហូតបានដល់បរិញ្ញាប័ត្រ ឆ្នាំទី២។

ដោយមើលឃើញពីភាពមិនរីកចម្រើន នូវមុខវិជ្ជារបស់ខ្លួន ដែលបានចាប់យក លោកក៏បាន ផ្លាស់ប្តូរគំនិតមកធ្វើជាអ្នកផាត់មុខ អ៊ុតសក់ ដោយសារតែលោក មានបងស្រីធំ ជាអ្នករៀន ជំនាញមួយនេះ។ ដូច្នេះហើយ វាជាដើមចម ដែលបានបង្ហាញផ្លូវឱ្យលោកចូលមកអាជីព ជាអ្នកផាត់មុខ ក្នុងហាងដំបូង ដែលជាកម្លាំងញើសឈាម របស់បងស្រី និងលោក។

បន្តការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ និងចង់បំពេញចំណេះវិជ្ជា បន្ថែមទៀត អ្នកជំនាញ ប៉ាក់ផ្លុំចិញ្ចើមម្នាក់នេះ បានបន្តការធ្វើដំណើរ ទៅក្រេបជញ្ជក់ជំនាញមួយនេះ បន្ថែមទៀត ដល់ប្រទេសបារាំង តែម្តង ដែលធ្វើឱ្យអ្នកនិយម ក្នុងវិស័យនេះ មានការកោតសរសើរ មិនដាច់ពីមាត់ថា ជាងជំនាញ (DIMANG BROWS)រូបនេះ ខិតខំបំពេញជំនាញ របស់ខ្លួនបន្ថែមទៀត ដើម្បីតែភាពស្រស់ស្អាត ដូចធម្មជាតិពិតៗ ជូនអតិថិជនរបស់ខ្លួន។

សូមរំលឹកថា លោក យូ ឌីម៉ង់ ម្ចាស់ហាង ធារ៉ា សាឡន និងមានជំនាញផ្នែកប៉ាក់ផ្លុំចិញ្ចើម បបូរមាត់ យ៉ាងស្រស់ស្អាត ធ្លាប់ទទួលបានការបណ្តុះបណ្តាល ផ្នែកជំនាញចិញ្ចើមបបូរមាត់ ល្បីឈ្មោះនៅថៃ ឈ្មោះលោកគ្រូ ថូនី ក្នុងជំនាន់ដែលលោក បានទៅរៀននោះ។ ហើយជាចុងក្រោយ ថ្មីៗនេះ លោក យូ ឌីម៉ង់ បានចំណាយថវិកា ខ្ទង់ម៉ឺនដុល្លារ ហោះទៅដល់ប៉ែកអឺរ៉ុប ជាពិសេស លោកបានទៅ រៀនជំនាញផ្ទាល់នេះ នៅប្រទេសបារាំងទៀតផង។

លោកបានប្រាប់ថាៈ ដោយសារតែលោក សង្កេតឃើញថា ក្នុងជំនាញប៉ាក់ផ្លុំចិញ្ចើម បបូរមាត់នេះ មិនទាន់មានអ្នកណា មានចំណាប់អារម្មណ៍ ទៅរៀនផ្នែកនេះ នៅប្រទេស បារាំងទេ បើមានគឺមានត្រឹមប្រទេសជិតខាងប៉ុណ្ណោះ ដូច្នេះហើយទើបលោក ធ្វើដំណើរ ទៅរកបទពិសោធន៍ថ្មី និងស្ទាយ៏ខាងប៉ែកអឺរ៉ុប ដើម្បីចែកជូន អតិថិជនរបស់ខ្លូន ដែលតែងតែគាំទ្រ ហាង ធារ៉ា សាឡន ឬ (DIMANG BROWS) កន្លងមក ឱ្យទទួលបាននូវ អ្វីដែលប្រទេសជឿនលឿន គេបានធ្វើ​ និងសាកល្បងថា វាមានកម្រិតស្រស់ស្អាត និងគុណភាពបែបណា៕ V / N