ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពាក់កណ្ដាល អាជីពដ៏ធំ KW Cambodia League រដូវកាលទី១០ ឆ្នាំ២០២២ បានបញ្ចប់ហើយ ដោយក្រុម Khmer United បានគ្រងតំណែង ជើងឯកជាប្រវត្តិសាស្ដ្រ បន្ទាប់ពីយកឈ្នះក្រុម TN Kandal ដោយលទ្ធផល ១ទល់០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៣ ខែតុលា នៅទីលាន វិទ្យាល័យ បឹងត្របែក ។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាស្ថាបនិកពានរង្វាន់ KW Cambodia League ដោយលោកបានវាយតម្លៃ ខ្ពស់ ចំពោះការប្រកួតខាងលើ ដែលបញ្ចប់ដោយជោគជ័យ ។

សម្រាប់រដូវកាលថ្មី លោកកំពុងធ្វើការថ្លឹងថ្លែង នូវជម្រើស ២ ថាត្រូវរៀបចំពាននេះបន្ដ ឬត្រូវជំរុញក្រុមរបស់ខ្លួន គឺក្រុម Khmer United ទៅលេងក្របខណ្ឌលីគទី២? ក្នុងជំនួបកាត់ សេចក្ដីដ៏តានតឹង ខាងលើ Khmer United បានបាត់បង់សមាជិកម្នាក់ តាំង ពីដើមវគ្គទី១ បន្ទាប់ពីត្រូវអាជ្ញាកណ្ដាល ពិន័យកាតក្រហម ដែលធ្វើឲ្យក្រុម TN Kandal មានប្រៀប តែយ៉ាងណា អតីតក្រុមជើងឯក ឆ្នាំ២០២០ នេះ មិនអាចរកគ្រាប់បាល់បានឡើយ ។ ផ្ទុយទៅវិញ Khmer United បានរកគ្រាប់នាំមុខ ១គ្រាប់មុន ដែលធ្វើសម្រេចដោយការទាត់
បាល់ចេញពីជ្រុង យ៉ាងល្អរបស់កីឡាករ កែវ ជាតួ នៅនាទី១៩ ហើយក៏ជាគ្រាប់បាល់ជ័យ ជម្នះ នៃការប្រកួតនេះដែរ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Khmer United សម្រេចបំណង លើកពាន KW Cambodia League លើកដំបូង ក្នុងរយៈពេល ១០ឆ្នាំ ដែលលោកឧកញ៉ា បណ្ឌិត គីម ហ៊ាង បានរៀបចំ ពាននេះឡើង ។

ពាននេះ បានបង្កើតដំបូង កាលពីឆ្នាំ២០១២ ដោយប្រើឈ្មោះថា Khmer Real Estate League រហូតដល់ឆ្នាំ២០១៩ ទើបប្ដូរមកជាពានរង្វាន់ KW Cambodia League រហូតមក ទល់បច្ចុប្បន្ន (លើកលែងឆ្នាំ២០២១ ដែលពាននេះ ពុំបានរៀបចំ ដោយសារជំងឺរាតត្បាត កូវីដ-១៩) ។

លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថាៈ រយៈពេល ១០ឆ្នាំ ដែលលោកបានសន្យា នឹងរៀបចំពាននេះ គឺបានបញ្ចប់ហើយ ពិសេសរដូវកាលទី១០ ដែលបញ្ចប់ដោយជោគជ័យ បន្ទាប់ពីមានក្រុមខ្លាំងៗ ចូលរួម ១៨ក្រុម ធ្វើឲ្យការប្រកួតនីមួយៗ មានភាពស្វិតស្វាញ ។ ប៉ុន្ដែឆ្នាំក្រោយ លោកមិនទាន់ប្រាកដថា នឹងរៀបចំទៀត ឬក៏អត់នោះទេ ដ្បិតលោកកំពុង ពិចារណាជម្រើស ២ ខាងលើ ដើម្បីទទួលបាននូវប្រយោជន៍រួម សម្រាប់វិស័យកីឡា បាល់ទាត់ជាតិ ។

ក្នុងនាមប្រធានក្លិប Khmer United ផងដែរ លោកបានបន្ដថាៈ «ខ្ញុំនៅថ្លឹងថ្លែងនៅឡើយថា ឆ្នាំ២០២២ រដូវកាលទី១០ ដែលយើងសន្យាធ្វើ ១០ឆ្នាំ គឺចប់ហើយ ។ អ៊ីចឹងឆ្នាំ២០២៣ យើងមានជម្រើស ២ ទី១-យើងបង្កើតពាន រដូវកាលទី១ បន្ដទៅមុខទៀត ហើយទី២ យើងរុញ Khmer United ចូលក្នុងលីគទី២? បើចូលក្នុងលីគទី២ យើងទៅតែឯង ប៉ុន្ដែបើយើងបន្ដធ្វើ KW Cambodia League គឺយើងមានកីឡាករ រាប់រយ រាប់ពាន់នាក់ នឹងទទួលបានផល ប្រយោជន៍ ។ ខ្ញុំកំពុងថ្លឹងថ្លែង ព្រោះអីការចំណាយយើង វាមិនខុសគ្នាទេ ។ បើយើងចូលលេង លីគទី២ ក៏មួយឆ្នាំ ការចំណាយប្រហែល ១០ ម៉ឺនដុល្លារដែរ ហើយបើយើងធ្វើពាន ឆ្នាំនេះ ក៏យើងចាយ ៧ ម៉ឺនដុល្លារ ។ ឆ្នាំក្រោយ បើយើងធ្វើពាន ការចំណាយ អាចនឹងលើស ៧ម៉ឺន ។ ហេតុនេះ មានន័យថា ចំណាយប្រហាក់ប្រហែលគ្នា តែអ្វីដែលបានប្រយោជន៍ច្រើនជាងគេ គឺយើងបានបង្កើតពាន បានប្រយោជន៍រួម» ។

យ៉ាងណាមិញ លោកបានបង្ហើបថាៈ ប្រសិនបើកលោកបន្ដរៀបចំពានរង្វាន់ KW Cambodia League ទៀត លោកនឹងរៀបចំឲ្យកាន់តែធំ ហើយការចំណាយ ក៏កាន់តែច្រើនជាងមុន ផងដែរ ។

សម្រាប់ក្រុមជ័យលាភី នៃពានរង្វាន់ KW Cambodia League ឆ្នាំ២០២២ ក្រុមជើងឯក Khmer United ទទួលបានពាន និងមេដាយមាស អមប្រាក់រង្វាន់ ៤០លានរៀល, ក្រុមលេខ២ TN កណ្ដាល ទទួលបានប្រាក់រង្វាន់ ២០លានរៀល ។ ចំណែកក្រុមលេខ៣ បានទៅក្រុម Riel Phnom Penh ក្រោយយកឈ្នះក្រុម Marlians FC ៣-២ បានទទួលប្រាក់រង្វាន់ ១០លារៀល ខណៈក្រុមលេខ៤ Marlians FC ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥លានរៀលផងដែរ ៕ V / N