ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានអញ្ជើញជួបសំណេះសំណាល ជាមួយយោធិន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ចំនួន ១៦ នាក់ ក្នុងឆ្នាំ២០២២ នេះ។

មានមតិសំណេះសំណាល ជាមួយយោធិន នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ដួង បានមានប្រសាសន៍ថាៈ ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនអាចបំភ្លេចបានឡើយ ចំពោះយោធិន ដែលចូលនិវត្តន៍ ព្រោះបងប្អូនយោធិន ពិតជាបានចូលរួមចំណែក ធ្វើពលីកម្មយ៉ាងធំធេង ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក្នុងពេលកន្លងមក ហើយក៏ជាគំរូវីរ:ភាពមួយ សម្រាប់ប្រជាជនកម្ពុជា។

លោកបានបន្តថាៈ យោធិនគ្រប់រូប ក្នុងកងយោធពលខេមរភូមិន្ទ បានចងចាំទុកដោយ មិនអាចបំភ្លេចបាន និងបន្តររៀនសូត្រ ពីគំរូវីរ:ភាពនេះ ទុកជាបទពិសោធន៍សំរាប់ធានា ប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។

លោកបានបញ្ជាក់ថាៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល តែងតែយកចិត្តទុក្ខដាក់ គិតគូរចំពោះយោធិន យើងគ្រប់ពេលវេលា តាមរយៈការយកចិត្តទុកដាក់ដោះស្រាយ ជីវភាពរស់នៅដល់បងប្អូន ទាំងស្មារតី សម្ភារៈ និងថវិកា ក្នុងនោះរួមទាំងការតម្លើង ប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត ជាបន្តបន្ទាប់។

ជាមួយគ្នានោះ លោកក៏បានសំណូមពរដល់បងប្អូនទាំងអស់ ដែលត្រូវចូលនិវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចូលជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានទទួលការមើលថែទាំ ពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋានខេត្ត-ក្រុង ដែលបងប្អូនបានទៅរស់នៅ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងការអនុត្តន៍ គោលនយោបាយជាតិ សំខាន់ៗ ចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាព យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយគោរពដឹងគុណ ដ៏ថ្លៃថ្លារបស់ពួកគាត់ជានិច្ច។

នៅទីបញ្ចប់ពិធីនោះ លោក ដួង សំនៀង បានឧបត្ថម្ភដល់និវត្តន៍ជន ១៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ១ បេ  មី១កេះ ទឹកក្រូច ១យួរ ត្រីខ១យួរ និងថវិកា ១០ ម៉ឺនរៀល៕/V-PC