ប្រមុខ​រាជរដ្ឋាភិបាល​ការពារ​ភាព​ស្អាតស្អំ​របស់​នាយទាហាន​កម្ពុជា​

1495
ចែករម្លែក

ដោយ : តារារិទ្ធិ / ​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តាំផ្ញើ​ទៅ លោក ប្រេ​ដ អាដាម ថា​មេទាហាន​កម្ពុជា​ដែល​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល ស្មោះត្រង់​ជាមួយ ហ៊ុន សែន មាន​រហូត​ជិត ១២ ម៉ឺន​នាក់ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អះអាងថា​ មេទាហាន​របស់​កម្ពុ​ជាមាន​ភាព​ស្អាតស្អំ​មិនមែន​ដូច​ការចោទប្រកាន់​រប​ស់​អ្នកឯង​ទេ ។ ប្រតិកម្ម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើឡើង​បន្ទាប់ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​ចោទប្រកាន់​មេ​នគរបាល មេ​យោធា និង មេ​កងរាជអាវុធហត្ថ​កម្ពុជា ដែល​សរុបទៅ​មាន​១២​រូប ថា​បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ។

​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៨ នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​មិត្តភាព កម្ពុជា-ចិន សែន​សុខ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា “…​រឿង​នាយទាហាន ១២ រូប​សូម​ផ្ដាំ​ទៅ​ប្រេដ​អាដាម​ថា​នេះ​វា​មាន​ចំនួន​តិច​ណាស់ សូម​ដាក់​ទាំងអស់​ទៅ ទើប​គ្រប់​មិនមែន​មានតែ​១២​នាក់​ទេ ​ដែល​ស្មោះត្រង់​នឹង ​ហ៊ុន សែន​ស្មោះត្រង់​រាជរដ្ឋាភិបាល…នាយទាហាន​ម៉ា​ប្រទេស​ជាង១១ម៉ឺន​នាក់ គឺ​ស្មោះត្រង់​និង​ហ៊ុនសែន​និង​រាជរដ្ឋាភិបាល​…”។

​សម្តេច​តេ​ជោ​បាន​បន្តថា “…រឿង​អ្នកឯង​ចោល​គឺជា​រឿង​របស់​អ្នកឯង ឯ​ភាព​ស្អាតស្អំ​របស់​មេទាហាន​ក​ម្ពុ​ជា​គឺជា​ភាព​ស្អាតស្អំ​របស់​នាយទាហាន​កម្ពុជា​អ្នកឯង​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់…ហើយ​សូម​ផ្ដាំ​ទៅ ប្រែ​ត អាដាម ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​គឺជា​ឧបករណ៍​ការពារជាតិ ដូចនេះ​គេ​បង្កើត​កងទ័ព​​​មក​គឺ​ដើម្បី​ការពារជាតិ ការពារ​រដ្ឋាភិបាល…ប្រទេស​ណា​ដែល​គ្មាន​កម្លាំងប្រដាប់អាវុធ​នៅលើ​ពិភព​លោក គឺ​សុទ្ធ​តែមាន​កម្លាំងប្រដាប់អាវុធ ទាំងអស់​តើ​កម្លាំងប្រដាប់អាវុធ​គឺ​ទុក​ធ្វើ​អី គឺ​គេ​ទុក​សម្រាប់​ការពារជាតិ ហើយ​គុក​គេ​ធ្វើ​សំរាប់​ដាក់​អ្នកទោស…”។​

​គួរបញ្ជាក​ថា​ឧ​ត្ត​ម​សេនីយ៍​១២​រូប​ស្ថិតក្នុង​ស្ថាប័ន​គ្រប់គ្រង​ប្រដាប់អាវុធ​ទាំង​៣​គឺ​យោធា នគរបាល និង​កងរាជអាវុធហត្ថ​។ អ្នក​ទាំងនោះ រួមមាន លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​, លោក គន់ គីម អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​, លោក សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក​, លោក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក​, ឧត្ដមសេនីយ៍ទោ ជឿន សុវណ្ណ​ថា មេបញ្ជាការរង​កងទ័ព​ជើងគោក​, លោក ចាប ភក្ដី នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេ​មរ ភូមិន្ទ​, លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ លើ ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​, លោក សុខ ផល អគ្គស្នងការ រង​នគរបាលជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​, និង​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាល ជាតិ និង​ជា​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ ៕​B

 

ទីតាំងផ្សាយពាណិជ្ជកម្ម