ដោយៈ ភ្នំសន្ទក / កំពង់ធំ ៖ នៅក្នុងពិធីសាទរខួបទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំនេះ ក្រោមប្រធានបទ ” មនុស្សវ័យចាស់ ជាមរតកដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ដែលជាទិវាមួយ សម្រាប់រំលឹកគុណមនុស្សចាស់ នៅទូទាំងសកលោក ” លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថាៈ មនុស្សចាស់ គឺជាធនធាន ដ៏មានសារៈ សំខាន់បំផុត ដែលបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ ដ៏ច្រើន​លើសលប់ សំរាប់មនុស្សជំនាន់ក្រោយៗ ។ មនុស្សចាស់ បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាទុកនូវ សមិទ្ធផលជាតិ និងស្នាដៃជាប្រវត្តិសាស្ត្រ សំរាប់មនុស្សជាតិ។

នៅក្នុងពិធី ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ នៅសាលាស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួម ពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អង្គការដៃគូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកយាយ លោកតា ប្រមាណ ៣០០ នាក់មកពី ៧ ឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្កនោះ

លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថាៈ មនុស្សចាស់ គឺជាធនធាន ដ៏មានសារៈសំខាន់បំផុត ដែលបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ ដ៏ច្រើន​លើសលប់ សំរាប់មនុស្សជំនាន់ក្រោយៗ ។ មនុស្សចាស់ បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាទុកនូវ សមិទ្ធផលជាតិ និងស្នាដៃជាប្រវត្តិសាស្ត្រ សំរាប់មនុស្សជាតិ។ ចំណុច ទាំងអស់នេះ គឺជាមរតក មិនអាចកាត់ផ្តាច់បាននូវតុណូបការៈ ប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ និងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយ ជាពិសេស ការទូន្មានរបស់មុស្សចាស់ ជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ​ក្នុងការអប់រំ សីលធម៌និងចរិយាធម៌ របស់សង្គមជាតិកម្ពុជា។

លោកបានបញ្ជាក់ទៀតថាៈ សារលិខិតសម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរ សាទរ យ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិ ទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោក ក្នុងឱកាសនៃទិវាមនុស្សចាស់ឆ្នាំនេះ ក្រោមប្រធាន បទ “មនុស្សវ័យចាស់ ជាមរតកដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និង​សង្គមជាតិ ដែលជាទិវាមួយ សម្រាប់រំលឹកគុណមនុស្សចាស់ នៅទូទាំងសកលោក” ហើយជាទិវាមួយ សម្រាប់រំលឹកគុណ ដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់ នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើង ក្នុងការចូលរួម កសាង សង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់ កាន់តែខ្ពស់ ចំពោះសុខុមាលភាព របស់ប្រជាជនគ្រប់វ័យ ជាពិសេសចំពោះមនុស្សវ័យចាស់។

ក្នុងឱកាសនោះ លោក លី សុភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ខេត្តកំពង់ធំ បានឲ្យដឹងថាៈ ប្រទេសកម្ពុជាយើង ធ្លាប់ឆ្លងកាត់សង្គ្រាម និងរបបប្រល័យ ពូជសាសន៍ ជាង ២ ទសវត្សរ៍ដែលបន្សល់ នូវផលវិបាកយ៉ាងច្រើន ក្នុងសង្គមជាតិ ក្នុងនោះ ផលវិបាក មួយចំនួន ធ្លាក់ទៅលើជនចាស់ជរា និងបញ្ហាសង្គម ដូចជាគ្រោះ ធម្មជាតិ គ្រោះថ្នាក់ ចរាចរណ៍ ជីវភាពក្រីក្រ សុខភាព ការរីករាលដាលជំងឺកូវីដ-១៩ និងគ្មានការងារធ្វើ សុទ្ធសឹងធ្វើឲ្យគ្រួសារខ្លះ នៅសល់តែជនចាស់ជរាគ្មានទីពឹង ជនចាស់ ជរាខ្លះ ត្រូវទទួល ថែទាំបីបាច់ចិញ្ចឹមចៅកំព្រា។ ក្នុងន័យនេះហើយ ទើបរាជរដ្ឋាភិបាល បានផ្ដល់បេសកកម្ម ឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុក រៀបចំអនុវត្តន៍ គោលនយោបាយ និងផ្តល់សេវាកម្មនានា សម្រាប់មនុស្សចាស់។ បច្ចុប្បន្ននេះ នៅខេត្តកំពង់ធំ មានមនុស្សវ័យចាស់ សរុបចំនួន ៧៧.១៤៧ នាក់ ៕/V-PC