​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​វៀតណាម VinFast បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​តុលា​ថា ខ្លួន​បាន​ទទួល​កញ្ចប់​ហិរញ្ញប្បទាន​ចំនួន ១៣៥ លាន​ដុល្លារ ដែល​ដឹកនាំ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​របស់​ធនាគា​រ​ដើម្បី​ជំរុញ​ឱ្យមាន​ការវិនិយោគ​ដែល​មិន​ប៉ះពាល់​ដល់​អាកាសធាតុ​នៅក្នុង​តំបន់​។

VinFast ដែលជា​ក្រុមហ៊ុន​រថយន្ត​របស់​ក្រុមហ៊ុន​មេ Vingroup JSC ធំជាងគេ​របស់​វៀតណាម បាន​និយាយ​កាលពី​ឆ្នាំមុន​ថា ខ្លួន​គ្រោង​នឹង​រក​ប្រាក់​យ៉ាងហោចណាស់ ៤០០​លាន​ដុល្លារ​​តាមរយៈ​កម្ចី​បៃតង​ដំបូង​របស់​ខ្លួន​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់ខ្លួន​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គភាព​ទាំងពីរ​បាន​និយាយថា “​ជំនួយ​នេះ​រួម​មាន​ការផ្តល់​ហិរញ្ញប្បទាន​រយៈពេល ៧ ឆ្នាំ រួម​ទាំង​ប្រាក់​កម្ចី​ចំនួន ២០ លាន​ដុល្លារ​ដែល​ផ្តល់​ដោយ ADB ប្រាក់កម្ចី​ស្របគ្នា (Parallel Loan) ចំនួន ៨៧ លាន​ដុល្លារ ដែល​សម្របសម្រួល​ដោយ ADB ក្នុងនាម​ជា​អ្នកចាត់ចែង​ដឹកនាំ​ជាប់​កាតព្វកិច្ច និង ហិរញ្ញប្បទាន​សម្បទាន​រហូតដល់ ២៨ លាន​ដុល្លារ​”​។

VinFast ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ ២០១៩ និង​បាន​បញ្ឈប់​ការផលិត​រថយន្ត​ម៉ាស៊ីន​ចំហេះ​ឥន្ធនៈ​ក្នុង​ខែ​សីហា បាន​កំណត់​គោលដៅ​លក់​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក​ឱ្យ​បាន​ចំនួន ៧៥០.០០០ គ្រឿង​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ ២០២៦​។ ក្រុមហ៊ុន​ក៏​កំពុង​ពង្រីក​ខ្លួន​នៅក្នុង​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​ផងដែរ​។​

​យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​ឱ្យដឹងថា វិស័យ​ដឹកជញ្ជូន​របស់​វៀតណាម​បាន​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ១៨ ភាគរយ​នៅក្នុង​ប្រទេស​។​

​យោងតាម ADB មូលនិធិ​នេះ​ក៏​នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​វៀតណាម​ក្នុង​ការសម្រេច​បាននូ​វ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សូន្យ​នៅត្រឹម​ឆ្នាំ ២០៥០ ផងដែរ​៕

VinFast ទទួលបាន​មូលនិធិ​បៃតង ១៣៥ លាន​ដុល្លារ​ពី​ធនាគារ ADB