ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និង មន្ត្រីបច្ចេកទេស ប្រដាល់ឃីកបុកស៊ីង កម្រិតអន្តរជាតិ បានបិទជាផ្លូវការ នាព្រឹកថ្ងៃទី២៤ តុលា បន្ទាប់ពីដំណើរការរយៈពេល ៥ ថ្ងៃមកនោះ។ នេះជាវគ្គដ៏សំខាន់ ដើម្បីត្រៀមចូល រួមធ្វើអាជ្ញាកណ្តាល ចៅក្រម ការប្រកួតកីឡាជាតិ លើកទី៣ និងព្រឹត្តិការណ៍ការប្រកួត កីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

ពិធីបិទវគ្គជាផ្លូវការ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា លោកគ្រូ Nasser Nassiri ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងអន្តរជាតិ ។

លោកឧត្តមសេនីយ៍ឯក លោក តែម ម៉ឺន បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ប្រដាល់ឃីកបុកស៊ីង កម្រិតអន្តរជាតិ ដោយប្រើប្រាស់ គណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMES។

លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បាននិយាយថាៈ លោកសូមអរគុណ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងប្រធានគណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMES ដែលបានគាំទ្រទំាងបច្ចេកទេស សម្ភារៈ និងថវិកា សម្រាប់វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ប្រដាល់ឃីកបុកស៊ីង កម្រិតអន្តរជាតិ មានរយៈពេល ៥ថ្ងៃ ដោយមានសិក្ខាកាម ចំនួន ៣៨ នាក់ ដើម្បីឲ្យសហព័ន្ធត្រៀមចូលរួម ធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

វគ្គនេះធ្វើឡើង ដើម្បីឲ្យសិក្ខាកាម អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលបំណង តម្រង់ទិសពង្រឹងពង្រីកគុណភាព និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ប្រដាល់ឃីកបុកស៊ីង កម្រិតស្តង់ដារ ត្រឹមត្រូវ តាមបទដ្ឋានជាតិ និងអន្តរជាតិ ពិតប្រាកដ៕/V-PC