​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ចិន​បាន​ផ្អាក​ការសិក្សា​នៅ​សាលា​ដោយផ្ទាល់​និង​ការ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ក្នុង​ខណ្ឌ​មួយ​នៅ​កណ្តាល​ទីក្រុង​ក្វាង​ចូ​វ​ដោយ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​​បារម្ភ​អំពី​លទ្ធភាព​រំខាន​នៅក្នុង​មជ្ឈមណ្ឌល​ផលិតកម្ម​ភាគ​ខាងត្បូង​ប្រទេស​ចិន ដែល​ជា​លំនៅ​សម្រាប់​ប្រជាជន​ប្រហែល ១៩ លាន​នាក់​។​

​សាលាបឋមសិក្សា​និង​មធ្យមសិក្សា​ទាំងអស់​នៅក្នុង​ខណ្ឌ​ហៃ​ជូ (Haizhu)​ដែល​មាន​ប្រជាជន​សរុប​ប្រហែល ១០ ភាគរយ​រស់នៅក្នុង​ទីក្រុង​នឹង​ផ្អាក​ការរៀនសូត្រ​ជួប​មុខ​គ្នា​ផ្ទាល់​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​២៤​តុលា​។ ការ​រឹតបន្តឹង​នេះ​បាន​កើតឡើង បន្ទាប់​ពី​ជាង​មួយ​សប្តាហ៍​មុន​ខណ្ឌ​ហួ​ទូ (Huadu) បាន​បិទ​កន្លែង​កម្សាន្ត​និង​សាលារៀន​ហើយ​ខណៈ​ដែល​ខណ្ឌ​មួយចំនួន​តូច​ត្រូវបាន​អនុញ្ញាត​ឱ្យ​បន្ធូរបន្ថយ​ការ​ទប់​​ស្កាត់​កាលពី​ថ្ងៃអាទិត្យ តំបន់​ភាគច្រើន​នៅ​តែ​ស្ថិតក្រោម​វិធានការ​ត្រួតពិនិត្យ​។

​ទីក្រុង​ក្វាង​ចូ​វ​បាន​រាយការណ៍​ការឆ្លង​ថ្មី​ចំនួន ៦៩ ករណី​សម្រាប់​ថ្ងៃអាទិត្យ​។​

​ការទប់ស្កាត់​ចុងក្រោយ​នេះ​គឺ​កើតឡើង​ស្របពេល​ជាមួយនឹង​ការបិទ​បញ្ចប់​សមាជ​រាល់​៥​ឆ្នាំ​ម្តង​របស់​បក្ស​កុម្មុយនីស្ត កន្លែង​ដែល​ប្រធានាធិបតី ស៊ី ជីន​ភីង​បាន​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​កូវី​ដ​​សូន្យ​របស់គាត់ ប៉ុន្តែ​បាន​ផ្តល់​សូចនាករ​តិចតួច​អំពី​របៀប​ដែល​យុទ្ធសាស្ត្រ​នេះ​នឹង​បន្ត​ទៅមុខ​ដោយ​របៀប​ណា​ទៀត​។ ការតែងតាំង​លោក លី ឈាង (Li Qiang)​ដែល​ជា​សម្ពន្ធមិត្ត​ជិតស្និទ្ធ​ឱ្យមើល​​ការខុសត្រូវ​លើ​ការបិទ​ទីក្រុង​សៀង​ហៃ​រយៈពេល​ពីរ​ខែ​កាលពីដើមឆ្នាំ​នេះ ឱ្យ​កាន់​តំណែង​លេខ​ពីរ​លើ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កំពូល​របស់​ការិយាល័យ​នយោបាយ​ក៏​បាន​ធ្វើឱ្យ​មាន​ចក្ខុវិស័យ​ស្រអាប់​​សម្រាប់​ការបន្ធូរបន្ថយ​គោលនយោបាយ​ទប់ស្កាត់​កូវី​ដ​ផងដែរ​។​

​ខណៈ​ដំបូង​ឡើយ​លោក​លី​បាន​ចាត់វិធានការ​ស្រាលៗ​ចំពោះ​គោលនយោបាយ​កូវី​ដ​សូន្យ​ដ៏​តឹងរ៉ឹង​របស់​ចិន ការកើនឡើង​នៃ​ករណី​ឆ្លង​នៅ​ទីក្រុង​សៀង​ហៃ​បាន​ជំរុញ​ឱ្យ​គាត់​បិទ​ទីក្រុង​ជាហេតុ​នាំ​ឱ្យ​មាន​​ភាពចលាចល​ក្នុង​សង្គម​ដ៏​កម្រ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​ធ្លាក់​ចុះ​ជិត ១៤ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ពីរ​។ ឥឡូវនេះ លោក​លី​គ្រោង​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ខែមីនា បើ​ទោះបីជា​មិន​ធ្លាប់ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​ក៏ដោយ ដែល​នេះ​ជា​កិច្ច​តម្រូវ​សម្រាប់​តំណែង​នាយក​រដ្ឋ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​

​អ្នកវិភាគ​នៅ​ក្រុមហ៊ុន Goldman Sachs Group រួមទាំង​លោក អាន​ឌ្រូ ធី​ល​តុ​ន (Andrew Tilton) បាន​សរសេរ​នៅក្នុង​របាយការណ៍​មួយ​ថា​សមាជ​បក្ស​នេះ​នឹង​មិនមែន​ជា​ឱកាស​​សម្រាប់​ការផ្លាស់ប្តូរ​គោលនយោបាយ​ធំ​នោះ​ទេ ខណៈ​ការបន្ធូរបន្ថយ​បន្តិច​ម្តងៗ​នៃ​គោលនយោបាយ​កូវី​ដ​សូន្យ​រំពឹង​ចាប់ផ្តើម​នៅក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២៣​។ របាយការណ៍​បានសរសេរថា ការអនុវត្ត​គោលនយោបាយ​អាច​មាន​ប្រសិទ្ធភាព​ជាង​មុន នៅពេល​ដែល​បញ្ហា​ទាក់ទង​នឹង​បុគ្គលិក​ដែល​ទាក់ទង​នឹង​តួនាទី​របស់​គណបក្ស​ត្រូវបាន​ដោះស្រាយ​។​

​នៅ​ទូទាំង​ប្រទេស ចិន​បាន​រាយការណ៍​ការឆ្លង​ក្នុងស្រុក​ថ្មី​ចំនួន ៩១៩ ករណី​ដែល​ជា​ចំនួន​ខ្ពស់បំផុត​ចាប់តាំងពី​ថ្ងៃទី ១៤ ខែតុលា​។ តំបន់​ស៊ីន​ជាំ​ង​ភាគ​ពាយព្យ​នៅតែ​មាន​ករណី​ច្រើនជាងគេ​នៃ​ប្រទេស ទោះបីជា​ចំនួន​ឆ្លង​សរុប​បាន​ធូរស្រាល​ពី​កម្រិត​ខ្ពស់​នាពេល​ថ្មីៗ​នេះ​ក៏​ដោយ​។ ទី​រួម​ខេត្ត​ស៊ី​អាន​នៃ​ខេត្ត​សាអាន​ស៊ី (Shaanxi) ដែល​បាន​បិទ​តំបន់​មួយចំនួន​កាលពី​សប្តាហ៍​មុន​បាន​រាយការណ៍​​ករណី​ឆ្លង​ចំនួន ៥១៕

​ប្រជាជន​តម្រង់​ជួរ​ចាំ​ធ្វើតេស្តិ៍​រក​កូ​វីដនៅ​ទីក្រុង​ក្វាង​ចូវកាល​ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​