ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានមហាសន្និបាត គាំទ្រឲ្យដឹកនាំសហព័ន្ធកីឡាអេឡិចត្រូនិក (E-Sport) សម្រាប់អាណត្តិថ្មី ឆ្នាំ២០២២-២០២៦ នៅក្នុងមហាសន្និបាត បញ្ចប់អាណត្តិ នាថ្ងៃទី២២ តុលានេះ។

លោក ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថាៈ ២ អាណត្តិ កន្លងមក សហព័ន្ធ បានខិតខំប្រឹងប្រែងធ្វើយ៉ាងណា កែប្រែផ្នត់គំនិត ដើម្បីឲ្យសង្គមទទួលស្គាល់ថា កីឡាអេឡិចត្រូនិក គឺជាកីឡាស្របច្បាប់ តាមរយៈការបើកសិក្ខាសាលា ជាមួយអ្នកសារ ព័ត៌មានកីឡា ឲ្យយល់ពីកីឡាអេឡិចត្រូនិក។ បន្ទាប់មក សហព័ន្ធ បានអប់រំផ្សព្វផ្សាយ ជូនសាធារណជន ឲ្យយល់ ហើយកែប្រែពីពាក្យថា ក្មេងលេងហ្គេម ឲ្យក្លាយជាកីឡាករ ពិតប្រាកដ ឈ្នះជើងឯកក្នុងប្រទេស ក្រៅប្រទេស ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបថ។
ចំណុចទី១.កីឡាករអេឡិចត្រូនិក ត្រូវមានសីលធម៌សង្គមល្អ ឈានទៅដណ្តើមមេដាយ ពីស៊ីហ្គេម ប្រកបដោយកិត្តិយស។ ទី២. សុំឲ្យរៀនពូកែ ទាំងនៅវិទ្យាល័យ និងឧត្តមសិក្សា។

នៅពេលរៀនពូកែ ទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ សំណួរសួរថា ចំណង់ចំណូល ចិត្តរបស់ប្អូន ចូលចិត្តលេងកីឡាអ្វី? គឺកីឡាអេឡិចត្រូនិក។ ចំណុចហ្នឹងហើយ គឺកិត្តិយសរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

ក្នុងអាណត្តិថ្មីនេះ លោកប្រធានសហព័ន្ធ បានប្តេជ្ញាដឹកនាំសហព័ន្ធ ឲ្យកាន់តែរីកចំរើន ឈានទៅដណ្តើមមេដាយជូនជាតិ ពីការប្រកួតកម្រិតអន្តរជាតិ។ ជាពិសេសព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដោយលោក បានស្នើឲ្យសមាជិកប្រតិបត្តិ ពង្រឹងលើគោលដៅ ផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ និងប្រឹងប្រែងឲ្យអស់ពី សមត្ថភាព។ បណ្តុះឆន្ទៈឲ្យមុតស្រួច ក្នុងការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស និងដុសខាត់សមត្ថភាពរបស់អត្តពលិកកីឡាអេឡិចត្រូនិក ដើម្បីសម្រួចគោលដៅ ដណ្តើមមេដាយមាស ១គ្រឿង ក្នុងកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា តាមសន្ទស្សន៍របស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣( Camsoc)។

បញ្ហាប្រឈមធំ គឺសហព័ន្ធនៅមិនទាន់ទទួលបានកញ្ចប់ថវិកាប្រចាំឆ្នាំ ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចំណាយលើការងាររដ្ឋបាល ការបណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំការប្រកួតទេ។ ដូច្នេះ សហព័ន្ធ ត្រូវការស្វែងរកការគាំទ្រពីក្រសួងឲ្យបានលឿន ដើម្បីឈានទៅសម្រេចគោលដៅ ដណ្តើមយកមេដាយមាស១គ្រឿង នៅស៊ីហ្គេម ឆ្នាំ២០២៣ តាមសន្ទស្សន៍របស់ Camsoc។

លោក ប៉ែន វុទ្ធី តំណាងឱ្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាៈ សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា នឹងទទួលបានកញ្ចប់ថវិកាប្រចាំឆ្នាំ នៅដើមឆ្នាំ២០២៣ សម្រាប់យក មកអនុវត្តការងារ សម្រាប់ការត្រៀមខ្លួន ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២៣ ក្នុងចំណោមសហព័ន្ធកីឡាជាតិ ចំនួន៦ ដែលក្រសួងអប់រំ នឹងអាចទម្លាក់កញ្ចប់ថវិកា ឱ្យនៅឆ្នាំក្រោយ។

សម្រាប់អាណត្តិថ្មី ទី៣ ឆ្នាំ២០២២-២០២៦ លោក ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហព័ន្ធ និងមានលោក ជី សិលា អនុប្រធានទី១ លោក លន់ សាមឌី អគ្គលេខាធិការ លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង និងលោក វ៉ាន់ សំបូរ អគ្គហេរញ្ញិក និងសមាជិក៥រូបទៀត។ ក្នុងនោះ សហព័ន្ធ បានទទួលស្គាល់ ក្រុមកីឡាអេឡិចត្រូនិកចំនួន ៣ គឺក្រុម Aggressive Fight , Empire Esports និង Pro-Esports ដើម្បីជំរុញ​ការអភិវឌ្ឍ វិស័យកីឡាអេឡិចត្រូនិក ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សហព័ន្ធកីឡាអេឡិចត្រូនិក គឺជាប្រភេទកីឡាចុងក្រោយគេ ដែលគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២ (CAMSOC) សម្រេច ជ្រើសរើសដាក់បញ្ចូល សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងចំណោម ៣៨ ប្រភេទកីឡា និងបានត្រៀម ៩វិញ្ញាសា ដាក់ឲ្យប្រកួតប្រជែង។ សម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម កីឡាអេឡិចត្រូនិកកម្ពុជា ធ្លាប់បានចូលរួមប្រកួតចំនួន ២លើក គឺក្នុងឆ្នាំ ២០១៩ នៅប្រហ្វីលីពីន និងឆ្នាំ២០២២ នៅប្រទេសវៀតណាម៕ V / N