ដោយៈប.ខុន ភ្នំពេញៈ ជាមួយនឹងកំណើនភ្ញៀវទេសចរណ៍កើនឡើងដល់១២ម៉ឺននាក់នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យបន្ទាប់ពីផ្លូវល្បឿនលឿនបានបើកឱ្យប្រើប្រាស់សាកល្បងកាលពីថ្ងៃទី០១ខែតុលានិងថ្ងៃធម្មតាក៏មានភ្ញៀវមកលេងតាមឆ្នេរដែររួចមក លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុក្រៅពីជម្រុញឱ្យមានការកែលម្អឆ្នេរដែលរងការខូចខាតដោយសារទឹកទឹករលកនិងទឹក ភ្លៀងហូរច្រោះឱ្យបានស្អាតឡើងវិញក៏បានណែនាំដល់មន្ទីរពាក់ព័ន្ធឱ្យធ្វើការរៀបចំបោះពោងកំណត់ដែនសុវត្ថិភាពនៅតាមឆ្នេរដែលមានភ្ញៀវលេងទឹកច្រើនឡើងវិញផងដែរ។


លោក គួច ចំរើន បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២ថា ពោងកំណត់ដែនសុវត្ថិភាពនៅតាមឆ្នេរដែលបានដាច់បាត់អស់មួយចំនួនដោយសារភ្លៀងខ្យល់ខ្លាំងកាលពីក្នុងរដូវវស្សាកន្លងទៅ យើងបានធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនឱ្យមកធ្វើការរៀបចំតម្លើងឡើងវិញហើយ។
លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែតុលាថា ពោងកំណត់ដែនសុវត្ថិភាពសម្រាប់ភ្ញៀវលេងទឹកនៅតាមតំបន់ឆ្នេរ កន្លងទៅទទួលខុសត្រូវរៀបចំដោយមន្ទីរទេសចរណ៍ ។ ពោងដែលបានតម្លើងរួចកាលពីមុនដាច់ដោចអស់មួយចំនួនដោយសារខ្យល់បក់បោកខ្លាំង។ តែកាលពីសប្តាហ៍មុននៅក្នុងពេលចុះពិនិត្យការកែលម្អឆ្នេរខ្សាច់ឱ្យស្អាតឡើងវិញលោក អភិបាលខេត្តបានណែនាំដល់មន្ទីរទេសចរណ៍ឱ្យធ្វើការរៀបចំពោងឡើងវិញ ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវដែលបានមកលេងខេត្តព្រះសីហនុមានចំនួនកើនឡើងគួរកត់សម្គាល់ចាប់ តាំងពីបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿន កាលពីថ្ងៃទី០១ខែតុលារួចមក។
លោកអភិបាលក្រុងបានបន្ថែមឱ្យដឹងទៀតថា នៅរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យក្នុងខែតុលានេះមានភ្ញៀវពីរាជធានីនិងខេត្តនានាបានមកលេងដែលភាគច្រើនបានវិញ ត្រឡប់ទៅវិញនៅល្ងាច មានចំនួនប្រមាណជាពី១២០ពាន់ទៅ១២៥ពាន់នាក់។កាលពីដើមខែនៅតាមឆ្នេរមានភ្ញៀវមកលេងតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេ តែនៅក្នុងសប្តាហ៍កន្លងទៅនេះថ្ងៃច័ន្ធ អង្គារ៍ក៏មានភ្ញៀវមកលេងតាមឆ្នេរដែរ គ្រាន់តែមិនច្រើនដូចថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។ ហើយកាលពីថ្ងៃអាទិត្យទី២៣ខែតុលាមានភ្ញៀវច្រើនជាងថ្ងៃទី២២ខែតុលានិងមានភ្ញៀវបោះតង់អង្គុយលេងរហូតពាក់ កណ្តាលអធ្រាត្រហើយយើងត្រូវដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពួកគាត់ទាំងយប់ទាំងថ្ងៃ។
លោកសរ កក្កដា បានឲ្យដឹងទៀតថា កាលពីមុនភ្ញៀវទេសចរណ៍មកលេងទឹក មានតែនៅឆ្នេរអូរឈើទាលទី១តែមួយទេ ដោយទីនោះមានកន្លែងអង្គុយមានលក់ម្ហូបអាហារមានបន្ទប់ទឹក តែ ពេលនេះនៅលើឆ្នេរអូរឈើទាល២ក៏មានអ្នកលេងទឹកច្រើនរហូតដល់ឆ្នេរអូត្រេះ បន្ទាប់ពីឆ្នេរទាំងនេះត្រូវបានរៀបចំជាឆ្នេរសាធារណៈមានកន្លែងបោះតង់ មានបន្ទប់ទឹកសាធារណៈត្រូវបានរៀបចំយ៉ាងស្អាតដោយរាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធធំទូលាយនិងខ្វាត់ខ្វែងរួចមក។
លោក សរ កក្កដា បាននិយាយឱ្យដឹងទៀតថាចាប់តាំងពីផ្លូវល្បឿនល្បឿនបើកឱ្យប្រើប្រាស់សាកល្បងរួចមកគ្រប់ផ្នែកនៃរដ្ឋបាលក្រុងព្រះសីហនុមានកិច្ចការរវល់ ខ្លាំងទៅលើបញ្ហារៀបចំសណ្តាប់ធ្នាប់ទាំងយប់ទាំងថ្ងៃនៅតាមតំបន់ឆ្នេរដែលមានភ្ញៀវមកលេងច្រើន ។ នៅតាមឆ្នេរមានប៉មសម្រាប់ឆ្មាំពិនិត្យសន្តិសុខតាមឆ្នេរដែលមិនទាន់ បានបោះពោងកំណត់ដែនសុវត្ថិភាព៕ P / N