ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ បានឲ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) ថាៈ ផ្លូវជាតិលេខ៦ ដែលរងការលិចដោយទឹកភ្លៀង មូលហេតុដោយសារយប់មិញ មានភ្លៀងជាច្រើនម៉ោង តែពេលនេះ ទឹកត្រូវបានស្រកចុះផុតអស់ហើយ ប្រសិនបើមេឃកាន់តែក្តៅស្រឡះល្អ និងគ្មានភ្លៀងធ្លាក់ ដូច្នេះស្ថានភាពទឹក ក៏ស្រកបានលឿនដែរ។

លោកប្រធានមន្ទីរ បានបន្តថាៈ ការលិចលង់ផ្លូវជាតិលេខ៦នេះ មានពី ២កន្លែង គឺចន្លោះគីឡូម៉ែត្រ លេខ១៥០-១៥១ មានប្រវែង ២៥០ ម៉ែត្រ និងគីឡូម៉ែត្រលេខ១៤៦-១៤៧ មានប្រវែងជាង ៤០០ ម៉ែត្រ ស្ថិតនៅភូមិ-ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកប្រធានមន្ទីរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំឲ្យយករូបដែលបានថត កាលពីព្រឹក ទៅបង្ហោះចែកចាយគ្នា ដើម្បីកុំឲ្យមានការយល់ច្រឡំ ព្រោះពេលនេះ ទឹកបានស្រកជិតផុត ហើយសល់តែលើចិញ្ចើមផ្លូវ តិចតួចប៉ុណ្ណោះ។

សូមបញ្ជាក់ថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាង ៣ ម៉ោងកាលពីយប់មិញ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានធ្វើឲ្យផ្លូវជាតិលេខ៦ រងការលិចលង់ជំនន់ទឹកភ្លៀង នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បើគិតត្រឹមវេលាម៉ោង ២ រសៀល ថ្ងៃទី២៤ ខែតុលានេះ ទឹកដែលហូរកាត់ផ្លូវជាតិនោះ បានស្រកវិញហើយ មិនមានការប៉ះពាល់ ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឡើយ៕/V-PC