​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សកម្មជន​បរិស្ថាន​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​តុលា​បាន​ជះ​ដំឡូង​កិន​លើ​ផ្ទាំងគំនូរ​របស់លោក ក្លោដ ម៉ូ​ណេត (Claude Monet)​នៅក្នុង​សារមន្ទីរ​មួយ​​របស់​អាល្លឺម៉ង់ ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់​ពី​ផ្ទាំងគំនូរ Sunflowers របស់លោក វ៉ាំង​សង់ វ៉​ង់ ហ្គោក (Vincent van Gogh)​ក្នុង​ទីក្រុង​ឡុង​ដ៍ ត្រូវ​បាន​វាយប្រហារ​ដោយ​ស៊ុប​ប៉េង​ប៉ោះ​។​

​ដោយ​បង្ហោះ​វីដេអូ​នៃ​សកម្មភាព​ជះ​ដំឡូងបារាំង​កិន​នៅលើ Twitter ក្រុមអ្នកតវ៉ា​បរិស្ថាន​ឈ្មោះថា Last Generation បានសរសេរថា​”​ប្រសិនបើ​គេ​ត្រូវ​ធ្វើ​ឱ្យ​ផ្ទាំងគំនូរ​គូរ​ជាមួយនឹង​​ដំឡូង​កិន​ឬ​ស៊ុប​ប៉េងប៉ោះ​ជះ​ពី​លើ​វា ដើម្បី​ធ្វើឱ្យ​សង្គម​ចងចាំ​ថា​វិថី​នៃ​ឥន្ធនៈហ្វូស៊ីល​កំពុងស​ម្លាប់​ពួកយើង​ទាំងអស់គ្នា នោះ​យើង​នឹង​ផ្តល់ឱ្យ​អ្នក​នូវ​ដំឡុង​កិន​នៅ​លើ​ផ្ទាំងគំនូរ​!”​។​

​ផ្ទាំងគំនូរ “Les Meules” ឬ Haystacks គឺ​ព្យួរ​នៅក្នុង​សារមន្ទីរ Barberini ក្នុង​ទីក្រុង​ផត​ស៍ដាម (Potsdam) និង​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​ផ្ទាំងគំនូរ​របស់​មហាសេដ្ឋី ហាស​សូ ផ្លាត​ណឺ (Hasso Plattner)​។ វា​ត្រូវ​បាន​ខ្ចី​ជា​អចិន្ត្រៃយ៍​មកកាន់​សារមន្ទីរ​នេះ​។​

​ផ្ទាំងគំនូរ​នេះ​បាន​ឈាន​ដល់​តម្លៃ ១១១ លាន​ដុល្លារ​នៅឯ​ការដេញថ្លៃ​មួយ​ក្នុង​ឆ្នាំ ២០១៩ ជា​ចំនួន​ខ្ពស់​បំផុត​ដែល​បាន​ចំណាយ​សម្រាប់​ផ្ទាំងគំនូរ​របស់​លោក​ម៉ូ​ណេត​។​

​ដោយ​ពាក់​អាវ​ខ្មៅ​ជាមួយ​អាវកាក់​ពណ៌​ទឹកក្រូច សកម្មជន​ទាំង​ពីរ​នាក់​ជះ​ដំឡូងបារាំង​កិន​លើ​ផ្ទាំងគំនូរ មុន​ពេល​អង្គុយច្រហោង​ពីមុខ​គំនូរ ហើយ​ដាក់​ដៃ​ម្ខាង​ច្រត់​លើ​ជញ្ជាំង​។​

​សកម្មជន​ម្នាក់​ក្នុងចំណោម​នោះ​បាន​និយាយថា “​តើ​ត្រូវ​ឱ្យ​គេ​ជះ​ដំឡូង​កិន​ដាក់​ផ្ទាំងគំនូរ​ទើប​ធ្វើឱ្យ​អ្នក​ស្តាប់​មែន​ទេ​? គំនូរ​នេះ​នឹង​មិន​មាន​តម្លៃ​អ្វី​នោះ​ឡើយ​ប្រសិនបើ​យើង​ត្រូវ​ដណ្តើម​អាហារ​គ្នា​ហូប​”​។​

​ប៉ូលិស​បាន​និយាយថា អ្នក​ទាំង​ពីរ​ត្រូវបាន​នាំខ្លួន​ទៅ​ឃុំ ហើយ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ពី​បទ​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​និង​ការ​លួច​ចូល​ទាំង​បំពាន​។​

​សារមន្ទីរ​បាន​និយាយថា ផ្ទាំងគំនូរ​នេះ​ត្រូវបាន​ការពារ​ដោយ​កញ្ចក់ ដោយ​បន្ថែម​ថា អ្នកជំនាញ​បាន​វាយតម្លៃ​ថា​វា​មិន​មាន​ការខូចខាត​អ្វី​នោះទេ​។​

​សារមន្ទីរ​បាន​និយាយទៀតថា ស្នាដៃ​នេះ​នឹង​ត្រូវ​ដាក់​បង្ហាញ​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​៕

សកម្មជន​បរិស្ថាន​ពីរ​នាក់​ជះ​ដំឡូង​កិន​លើ​ផ្ទាំងគំនូរ “Les Meules” នៅ​សារមន្ទីរ Barberini ក្នុង​ទីក្រុង​ផ​ត​ស៍ដា​ម​កាលពី​ថ្ងៃអាទិត្យ​

​ផ្ទាំងគំនូរ Sunflowers របស់លោក វ៉ាំង​សង់ វ៉​ង់ ហ្គោក (Vincent van Gogh)​ក្នុង​ទីក្រុង​ឡុង​ដ៍ ត្រូវ​បាន​វាយប្រហារ​ដោយ​ស៊ុប​ប៉េង​ប៉ោះ