ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានបន្តនាំយក អំណោយ ជាស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារជំនន់ ទឹកភ្លៀង និងទឹកទន្លេ នៅឃុំបឹងបត់កណ្ដោល ឃុំអូរតាប៉ោង ឃុំរំលេច ឃុំមេទឹក និងឃុំស្វាយដូនកែវ ស្រុកបាកាន សរុបជាង ៨០០ គ្រួសារ។

ក្រោយពីស្ដាប់របាយការណ៍របស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ តាមឃុំនីមួយៗរួចមក លោក ស៊ុយ សែម បានថ្លែងអំណរគុណដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ជាមួយនឹងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងផ្សព្វផ្សាយ អំពីហានិភ័យនៃទឹកជំនន់ និងបានដាក់ កម្លាំងប្រចាំការ នៅកន្លែងណា ដែលមានទឹកហូរដាច់ផ្លូវ ទឹកហូរខ្លាំង គឺមានកម្លាំងឈរ ប្រចាំការជួយសម្រួលចរាចរណ៍ឱ្យមានសុវត្ថិភាព។
ក្រុមការងារភូមិ/ឃុំ ក៏បានធ្វើរបាយការណ៍ ពីបញ្ហាដែលបងប្អូនប្រជាពលរដ្ឋ ជួបប្រទះ ក្នុងអំឡុងពេលទឹកជំនន់នេះ ដើម្បីស្នើសុំស្បៀងបម្រុង របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារ ដែលមានជីវភាពខ្វះខាត ឲ្យចំគោលដៅ និងទាន់ពេលវេលា។

លោក ស៊ុយ សែម បានមានប្រសាសន៍ថាៈ សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុក ដាក់ និងគិតគូរខ្លាំងណាស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ពេលប្រជាពលរដ្ឋ មានទុក្ខលំបាក គឺមានវត្តមានសម្ដេច ឬ ក្រុមការងាររបស់សម្ដេច គ្រប់ពេលវេលា មិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយ ដែលយើងដឹង ហើយមិនបានដោះស្រាយនោះទេ។ ជាក់ស្ដែង ដូចជាគ្រោះមហន្តរាយទឹកជំនន់ នេះជាដើម គ្រាន់តែទទួលបានព័ត៌មានភ្លាម សម្ដេចបានចាត់ចែងកម្លាំងចុះពិនិត្យ​និងផ្ដល់ស្បៀងបម្រុង ទៅតាមខេត្តនីមួយៗ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ជាបន្ទាន់។ សម្រាប់ប្រជាពលរដ្ឋ ដែលមិនរងគ្រោះទឹកជំនន់ តែមានជីវភាពខ្វះខាតខ្លាំង ក្រុមការងារ មេភូមិ នឹងចុះស្រង់ស្ថិតិតាមខ្នងផ្ទះ ដើម្បីនាំយកស្បៀង ទៅផ្ដល់ជូន។

លោករដ្ឋមន្ត្រី សូមឲ្យបងប្អូនប្រជាពលរ ដ្ឋបន្តការពារជំងឺកូវីដ១៩ និងទៅពិនិត្យបញ្ជី ឈ្មោះបោះឆ្នោត ចុះឈ្មោះ នៅតាមឃុំ សង្កាត់ ដែលខ្លួនរស់នៅ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខនេះ។

ស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន ដែលចែកជូនប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់ នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គ.ក្រ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងទឹកបរិសុទ្ធ១កេស៕ V /N