ដោយៈយោធិន/កំពង់ស្ពឺៈ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រសួងការពារជាតិនិងគណៈកម្មាធិការជាតិបានដំណើរការប្រារព្ធពិធីជូនដំណើរកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ បន្ទាប់ពីពិធីជូនដំណើរបែបនេះត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០២០ដោយសារជម្ងឺឆ្លងកូវីដ-១៩។

ពិធីជូនដំណើរកងយោធាមួកខៀវកម្ពុជាកងវិស្វកម្មលេខ៧២៩ និងកងកម្ទេចគ្រាប់លេខ៨២៨ ទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី(MINUSMA)និងកងអាវុធហត្ថលេខ១៧១ទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង(UNMISS)បានដំណើរការធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ(PKO)ស្ថិតក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងលោក សាដា អ៊ូម៉ា អាឡាម(Sardar Umar Alam) អ្នកសម្របសម្រួលស្តីទីរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងបញ្ជាក់ថាៈជាងពីរឆ្នាំកន្លងទៅនេះពេលដែលកម្ពុជានិងពិភពលោកទាំងមូលប្រឈមខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩ នាអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ កម្មវិធីបើក បិទវគ្គ ពិធីជូន ទទួលដំណើរកិច្ចប្រជុំនានា ត្រូវបានផ្អាកនិងលើកពេល ក៏ប៉ុន្តែមជ្ឈមណ្ឌលជាតិ នៅតែពុះពារបន្តបំពេញការងារដំណើរការជាប្រក្រតី។ ជាក់ស្តែងវគ្គហ្វឹកហ្វឺននិងការងារចាំបាច់មួយចំនួនដែលមិនអាចខកខានបានត្រូវបានរៀបចំធ្វើឡើងតាមប្រព័ន្ធឌីជីថល និងដោយផ្ទាល់ ដោយប្រកាន់ខ្ជាប់វិធានការនានារបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក៏ដូចជាបទដ្ឋាននានារបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍សែម សុវណ្ណនី បានថ្លែងបញ្ជាក់បន្តថាៈចាប់តាំងពីក្នុងអំឡុងឆ្នាំ២០០៦ រហូតមកទល់បច្ចុប្បន្ននេះកម្ពុជាបានបញ្ជូនកងយោធាចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិសរុបចំនួន ៨.៣០២នាក់ ក្នុងនោះមាននារីចំនួន៥៨០នាក់ចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩រួមមានៈសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសម្អាតមីន វិស្វកម្មសំណង់ផ្តេក បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
បច្ចុប្បន្នកងកម្លាំងកម្ពុជាបាននិងកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤រួមមានៈសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។
លោកសាដា អ៊ូម៉ា អាឡាមបានថ្លែងបញ្ជាក់ថាៈពិធីជូនដំណើរថ្ងៃនេះជាថ្ងៃពិសេសមួយ ព្រោះថ្ងៃទី២៤ ខែតុលា ជាទិវាអង្គការសហប្រជាជាតិ។ ២៤ តុលា គឺជាថ្ងៃគម្រប់ខួបនៃថ្ងៃក្នុងឆ្នាំ១៩៤៥ នៅពេលដែលធម្មនុញ្ញអង្គការសហប្រជាជាតិចូលជាធរមាន។ទិវាអង្គការសហប្រជាជាតិបញ្ជាក់ឡើងវិញនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិដែលបានដឹកនាំការងាររបស់អង្គការសហប្រជាជាតិសម្រាប់រយៈពេល៧៧ឆ្នាំកន្លងទៅ។
លោក ប្រាក់ សុខុនបានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់លោកសាដា អ៊ូម៉ា អាឡាម ដែលបានថ្លែងលើកទឹកចិត្តដល់នាយទាហាន និងពលទាហានកម្ពុជាដែលបាននិងកំពុងត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថាៈស្របពេលដែលកម្ពុជាបញ្ជូនកម្លាំងចំនួន៣កង សម្រាប់ប្តូរវេនប្រចាំឆ្នាំនាពេលនេះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក៏បាននិងកំពុងត្រៀមបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះថ្មី(EoD) ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល(MINUSCA)នាពេលខាងមុខផងដែរ។នេះបើតាមការលើកឡើងរបស់លោក ប្រាក់ សុខុន៕/PC