ដោយៈសុផល/ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជាជាមួយ នឹងរដ្ឋសភាវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាមនិងជាឆ្នាំមិត្តភាព កម្ពុជា-វៀតណាម។

អំឡុងពេលក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដោយរួមមាន៖ លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម លោក វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឥស្សរជនជាន់ខ្ពស់វៀតណាមមួយចំនួនទៀត៕/PC