​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ IMF បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​តុលា​ថា ការធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីប​អឺរ៉ុប​អាច​ប្រែ​ទៅជា “​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ជ្រៅ​ទៅៗ​” នៅ​ទូទាំង​ទ្វីប ដោយសារ​ការរំខាន​ថាមពល​គំរាម​ដល់​ការប៉ះពាល់​សេដ្ឋកិច្ច ខណៈ​វិបត្តិ​ថ្លៃ​ចំណាយ​នៃ​ការរស់នៅ​កំពុង​គំរាម​ធ្វើឱ្យ​មាន​ភាព​តានតឹង​ក្នុងសង្គម​។​

​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​ស្តី​ពី​ទ្វីប​អឺរ៉ុប​ត្រូវ​បាន​បញ្ចេញ​ខណៈ​បណ្តា​ប្រទេស​នានា​ប្រឈម​នឹង​អតិផរណា​ខ្ពស់​ឡើង​និង​វិបត្តិ​ថាមពល​​កាន់តែ​អាក្រក់ ដែល​បាន​ធ្វើឱ្យ​ធ្លាក់ចុះ​អំណាច​ទិញ​របស់​គ្រួសារ​នានា និង​ការកើនឡើង​ថ្លៃដើម​អាជីវកម្ម​។​

IMF បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការគាំទ្រ​ថ្មី​របស់​រដ្ឋាភិបាល​ជួយ​ប៉ះប៉ូវ​បញ្ហា​ទាំងនេះ​បាន​តែ “​មួយ​ផ្នែក​ប៉ុណ្ណោះ​”​។​

​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​នៅ​ឆ្នាំ​នេះ​បាន​ធ្វើឱ្យ​អតិផរណា​កើនឡើង ខណៈ​តម្លៃ​ថាមពល​បាន​ហក់​ឡើង​ខ្ពស់ ដោយ​បង្ខំ​ឱ្យ​ធនាគារកណ្តាល​អឺរ៉ុប​ដំឡើង​អត្រា​ការប្រាក់​ដើម្បី​បន្ថយកម្តៅ​សេដ្ឋកិច្ច ដែល​កំពុង​ជួប​ហានិភ័យ​នៃ​ការធ្លាក់ចុះ​។​

IMF បាន​និយាយ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា “​ទស្សនវិស័យ​អឺរ៉ុប​មាន​សភា​ងងឹត​ខ្លាំងណាស់ ដោយ​កំណើន​គ្រោង​នឹង​មាន​ល្បឿន​យឺត​ខ្លាំង ហើយ​អតិផរណា​នៅតែ​បន្ត​កើនឡើង​”​។​

​អង្គការ​មូលនិធិ​នេះ​បាន​ព្យាករណ៍​រួចហើយ​ថា អាល្លឺម៉ង់​និង​អ៊ីតាលី​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ ដោយ​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ដំបូង​គេ​ដែល​ធ្លាក់ចុះ​សេដ្ឋកិច្ច បន្ទាប់ពី​មាន​សង្គ្រាម​នៅ​ភាគ​ខាងកើត​អឺរ៉ុប​។​

IMF បាន​និយាយទៀតថា ខណៈ​អឺរ៉ុប​កំពុងស្ថិត​នៅ​លើ​ផ្លូវ​របស់​ខ្លួន​ដើម្បី​ចាកចេញ​ពី​ជំងឺ​រាតត្បាត​កាលពី​ចុងឆ្នាំ​មុន សង្គ្រាម​នៅ​អ៊ុ​យក្រែន “​បាន​ផ្លាស់ប្តូរ​រូបភាព​នេះ​ទាំងស្រុង​”​។​

​របាយការណ៍​បានឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ជារួម​កំណើន​នៅ​បណ្តា​សេដ្ឋកិច្ច​ជឿនលឿន​របស់​អឺរ៉ុប​ត្រូវគេ​រំពឹងថា​នឹង​ថយចុះ​គួរឱ្យ​កត់សម្គាល់​មក​ត្រឹម ០,៦ ភាគរយ​នៅ​ឆ្នាំ ២០២៣​។​

​សម្រាប់​បណ្តា​សេដ្ឋកិច្ច​ដែល​កំពុង​ងើបឡើង​ក្នុង​តំបន់ ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ដែល​មាន​ជម្លោះ​និង​តួ​ក​គី កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ​មក​នៅត្រឹម ១,៧ ភាគរយ​ផង​ដែរ ខណៈ​ការខាតបង់​នៅក្នុង​ប្រទេស​ដែល​មាន​ជម្លោះ នឹង​មាន​ទំហំ​ធំធេង​។​

IMF បាន​និយាយថា “​ហានិភ័យ​ក្នុង​ពេលអនាគត​ដ៏​ខ្លី​គឺ​ការរំខាន​បន្ថែមទៀត​ដល់​ការផ្គត់ផ្គង់​ថាមពល ដែល​រួម​បញ្ចូល​ទាំង​រដូវរងា​ដ៏​ត្រជាក់​ទៀត​នោះ​អាច​នាំឱ្យ​មាន​ការខ្វះខាត​ឧស្ម័ន ម្ហូបអាហារ និង ការប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ជ្រៅ​”​។​អតិផរណា​ក៏​អាច​នឹង​បន្ត​ឡើង​ខ្ពស់​ក្នុង​រយៈពេល​យូរ ហើយ​ភាព​តានតឹង​ក្នុងសង្គម​អាច​កាន់តែ​អាក្រក់​ទៅៗ ដោយសារ​តែ​ការកើនឡើង​នៃ​ការចំណាយ​។​នៅក្រោម​​កាលៈទេសៈ​បច្ចុប្បន្ន ធនាគារ​កណ្តាល​គួរតែ​បន្ត​ដំឡើង​អត្រា​ការប្រាក់​គោលនយោបាយ ដោយ​អំពាវនាវ​ឱ្យមាន “​ការដំឡើង​ឱ្យបាន​ឆាប់​បំផុត​” នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​៕

​អតិផរណា​ក៏​អាច​នឹង​បន្ត​ឡើង​ខ្ពស់​ក្នុង​រយៈពេល​យូរ ហើយ​ភាព​តានតឹង​ក្នុងសង្គម​អាច​កាន់តែ​អាក្រក់​ទៅៗ ដោយសារ​តែ​ការកើនឡើង​នៃ​ការចំណាយ