ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តី ថ្លែងការមួយ ចំពោះទង្វើទណ្ឌិត សម រង្សី ដែលបានប្រមាថព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរ បំផុត។

ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ ក្រសួងការងារ បានបញ្ជាក់នូវខ្លឹមសារថ្កោលទោស ៧ ចំណុច ដូចខាងក្រោម៖

១. យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សូម ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “ជនក្បត់ជាតិ ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិ ៣ជំនាន់ រូបនេះ បានហៅ ព្រះនាមព្រះមហាក្សត្រ ជាទីគោរពសក្ការៈចំៗព្រះនាមដាច់សាច់ និងបាននិយាយ ពេញៗ មាត់ថា ” ស្ដេចស្រុកខ្មែរ គ្មានមនសិការជាតិ សូម្បីតែបន្តិច ។ ទណ្ឌិតពូជក្បត់ជាតិ ៣ ជំនាន់រូបនេះ ថែមទាំងបានចោទប្រកាន់ព្រះមហាក្សត្រថា ជាជនក្បត់ជាតិ ដែលបាន ឡាយព្រះហស្តលេខា កាត់ទឹកដីឱ្យបរទេសថែមទៀតផង។

២. ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងខ្ញុំពិតជាមិនអាចទទួលយកបាន ជាដាច់ខាត ចំពោះ ការប្រមាថម្តងហើយ ម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើព្រះមហាក្សត្របានឡើយ។
៣. យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ “ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។

៤. ការប្រមាថដោយចោទប្រកាន់ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱន ឱ្យបានជាដាច់ខាត។

៥. យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ឱ្យ បានម៉ឹងម៉ាត់ ជាទីបំផុត ទៅលើជនក្បត់ជាតិ ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួក ដែលបានចូលរួមចំណែក គាំទ្រចំពោះការប្រមាថ អង្គព្រះមហាក្សត្រ ដោយមិនអាចលើកលែងបានឡើយ។

៦. យើងខ្ញុំជាប្រជារាស្ត្រខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍ ពីព្រោះព្រះអង្គ គឺជាឥស្សរជន ស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំ ដែលជាប្រជានុរាស្ត្រ ខ្មែរ។

៧. យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះយុទ្ធនាការ ដែលប្រកាសដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោល នយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្ដ របស់ប្រជាពលរដ្ឋខ្មែរ៕ V / N