ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតពានរង្វាន់យុវជន ក្រោមអាយុ ២០ឆ្នាំ លើកទី៥ ឆ្នាំ២០២២ គឺដើម្បីលើកកម្ពស់ និងលើកស្ទួយវិស័យកីឡាវាយកូនគោល ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ជាពិសេសពង្រឹងសមត្ថភាព និងដុសខាត់សមត្ថភាពកីឡាករ កីឡាការិនី និងសិស្ស អាជ្ញាកណ្តាល ចំនួន ១៧ រូប ដែលបានជាប់សញ្ញាបត្រ កម្រិត២ ដើម្បីត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យជូនជាតិ។

អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ទទួលបន្ទុកបច្ចេកទេស លោក ឆោម សំបូរ បានមានប្រសាសន៍ថាៈ ការប្រកួតនេះ មានលក្ខណៈល្អប្រសើរ។ អត្តពលិក បានធ្វើការប្រកួតប្រជែង យ៉ាងស្វិតស្វាញ និងពោរពេញ ដោយសមត្ថភាព។ ចំណែកឯ បច្ចេកទេសវិញ មានការរីកចំម្រើនគ្រប់ទម្រង់ ការវាយឆ្ងាយ វាយជិត និងផាត់ឡូ ជាដើម។ ចំពោះអាជ្ញាកណ្តាលវិញ បន្ទាប់ពីសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់លើទីលានយើង សង្កេតឃើញថា ពួកគាត់មានសមត្ថភាព និងភាពវៃឆ្លាត ទៅលើបច្ចេកទេស និងលក្ខន្តិកៈ នៃច្បាប់កីឡាកូនគោលអន្តរជាតិ ពីគ្រូឧទ្ទេសអន្តរជាតិ។

លោកអគ្គលេខាធិការរង បានបន្តថាៈ កីឡាករវ័យក្មេង និងអាជ្ញាកណ្តាល ដែលចូលរួមការប្រកួតនេះ សុទ្ធសឹងជាបេក្ខជនត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី៣ នាខែធ្នូ ចុងឆ្នាំនេះ ដើម្បីសម្រួចសិទ្ធផលប្រកបដោយគុណភាព ឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខនេះ។

កីឡាករវ័យក្មេង រិន សុធារិទ្ធ ដែលជាជើងឯក ៤ ឆ្នាំ ជាប់ៗគ្នា បានឱ្យដឹងថាៈ ការប្រកួតនេះ អាចជួយឱ្យអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេស ឱ្យកាន់តែល្អជាងមុន ជាមួយកីឡាករ កីឡាការិនីជើងខ្លាំងផ្សេងទៀត។ សុធារិទ្ធ បានបន្តថា នឹងខិតខំប្រឹងប្រែង ហ្វឹកហាត់ឱ្យខ្លាំងក្លាបន្ថែម ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី៣ ជាពិសេស ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងប្តេជ្ញាចិត្តខ្ពស់ថា នឹងដណ្តើម មេដាយ ជូនជាតិអោយបាន ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតពានរង្វាន់យុវជន ក្រោមអាយុ ២០ឆ្នាំ លើកទី៥ ឆ្នាំ២០២២ មានកីឡាករ កីឡាការិនី វ័យក្មេង ២០ នាក់ ចូលរួមប្រកួត និងសិស្សអាជ្ញាកណ្តាល ១៧ នាក់ ចូលរួមកាត់សេចក្តី បន្ទាប់ពីបញ្ចប់វគ្គសិក្សា សិស្សអាជ្ញាកណ្តាល « Referee Apprenticeship » ពីគ្រូឧទ្ទេសលោក LP Ling ជាសមាជិកសហព័ន្ធកីឡា វាយកូនគោលសិង្ហបុរី។

តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធគឺ ត្រូវការគណៈកម្មការបច្ចេកទេស និងជំនាញ ចំនួន ៦៨ នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ ១២ នាក់ អាជ្ញាកណ្តាលអន្តរជាតិ ៧ នាក់ ដែលមានជំនាញច្បាស់លាស់ ទាំងភាសាបរទេស ព័ត៌មានវិទ្យា និងយល់ច្បាស់ពីច្បាប់ កីឡាកូនគោលអន្តរជាតិ ទៅសិក្សាបន្ថែម នៅក្រៅប្រទេស និងចូលរួមកាត់សេចក្តី ការប្រកួតកម្រិតអន្តរជាតិ ឲ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ឲ្យបានល្អ មុនស៊ីហ្គេម នៅកម្ពុជា៕ V / N