ដោយ៖ ដេប៉ូ / មណ្ឌលគិរី៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថាៈ ជនមួយចំនួនដែលយកសាច់សត្វព្រៃ មកធ្វើម្ហូបហើយបង្ហោះ បង្អួតក្នុងបណ្តាញទំនាក់ទំងនងសង្គម គឺត្រូវបានគេជេរត្មះដៀលថា មិនបានយល់ពី សារៈប្រយោជន៍ នៃការរក្សាបាននូវសត្វព្រៃ ហើយក្នុងរយៈពេល ២ខែចុងក្រោយនេះ អ្នកដែលយកសាច់សត្វព្រៃ មកធ្វើម្ហូប គេឃើញថា មានការថ្កោលទោសជារួម ពីបងប្អូនប្រជាពលរដ្ឋ។

រូបថត ( លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន )

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២២ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា បានរួមគ្នាបើកយុទ្ធនាការ បញ្ឈប់ការជួញដូរ និងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ លោក នេត្រ ភក្រ្តា បានឱ្យដឹងថាៈ តាមរយៈការមិនទទួលស្គាល់ និងថ្កោលទោសពីសំណាក់ពលរដ្ឋ ទូទៅនេះដែរ បានបង្ហាញថា បងប្អូនប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ បានយល់ដឹង អំពីសារៈប្រយោជន៍ នៃការថែរក្សាសត្វព្រៃ បានយល់ដឹង យ៉ាងសំខាន់ថា សត្វព្រៃ គ្រប់ប្រភេទ ដែលជាផ្នែកនៃជីវៈចម្រុះ​ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើ​ តុល្យភាពបរិស្ថាន និងបានកំពុងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច មកដល់ប្រទេសរបស់យើង ដែលសម្បូរទៅដោយធនធានធម្មជាតិ តាមរយៈទេសចរណ៍ធម្មជាតិ។

លោក រដ្ឋលេខាធិការ បានមានប្រសាសន៍ ដោយបញ្ជាក់ដែរថាៈ “ តាមរយៈសកម្មភាព ទាំងនេះ គឺបានបង្ហាញពីពលរដ្ឋកម្ពុជា បានផ្លាស់ប្តូរ ឥរិយាបទហើយ ពួកគាត់បានងាក មកស្រឡាញ់សត្វព្រៃ បានចូលរួម និងអភិរក្សសត្វព្រៃ។ ដូច្នេះជនមួយចំនួន ដែលបន្ត ហូបសាច់សត្វព្រៃ ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ វាបានក្លាយជាជនភាគតិច បំផុត ដែលនៅតែបន្តប្រព្រឹត្តិអំពើខុសច្បាប់នេះ ហើយក៏ជាទង្វើមួយ ដែលប្រជាពលរដ្ឋ គ្រប់រូប ទូទៅ មិនគាំទ្រសោះឡើយ”។

ពាក់ព័ន្ធក្នុងរឿងនេះ លោក រដ្ឋលេខាធិការ បានអំពាវនាវឱ្យពលរដ្ឋ ដែលនៅតែបន្ត រាល់សកម្មភាព បទល្មើសសត្វព្រៃទាំងអស់នេះ ត្រូវតែបញ្ឈប់បន្ទាន់ ហើយងាកមកចូលរួម ជាមួយប្រជាពលរដ្ឋច្រើនលើសលប់ មកស្រឡាញ់ធនធានធម្មជាតិ និងត្រឡប់មក ចូលរួមការពារ និងថែរក្សាសត្វព្រៃ ដើម្បីឱ្យសម្បូររីកចម្រើន ទៅតាមអ្វីដែលកម្ពុជា យើងត្រូវបានគេប្រសិទ្ធនាមថា ជាប្រទេសដែលមានជីវៈចម្រុះសម្បូរបែបនោះ។ កម្ពុជាយើងសម្បូរសត្វច្រើន ពិសេសសត្វមួយចំនួនដែលកម្រៗ ក្នុងពិភពលោក គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ វាមិនទាន់ហួសពេលទេ សម្រាប់កម្ពុជារបស់យើង នៅក្នុងការពង្រឹង បង្កើនកិច្ចខិតខំប្រឹងប្រែងថែមទៀត នៅក្នុងការការពារ និងអភិរក្ស ធនធានធម្មជាតិរបស់យើង។

គួរបញ្ជាក់ថា យុទ្ធនាបញ្ឈប់ការជួញដូរសត្វព្រៃ គឺជាផ្នែកមួយយុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូ បានអនុវត្តដោយជោគជ័យចំនួន ៦ ខេត្ត នាកន្លងមក៕​ V / N