ដោយៈ សុផល / ភ្នំពេញ៖ ឆ្លើយតបចំពោះកិច្ចសម្ភាសន៍ជាមួយ វិទ្យុមិត្តភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី២៣ តុលា ២០២២ ទាក់ទងទៅនឹងវឌ្ឍនភាពនៃទំនាក់ទំនង រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន នៅពេលអនាគត លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា គឺតែងតែជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយបក្សកុម្មុយនីស្តចិន ព្រមទាំងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីឲ្យមានភាពស្និទស្នាល រក្សាបាននូវឧត្តមប្រយោជន៍ជាតិ និងមិត្តភាព នៃប្រជាជនកម្ពុជា-ចិន មានភាពយូរអង្វែង។

លោកបានបន្តថាៈ «ចំណុចពិសេស ក្នុងទំនាក់ទំនង នៃគណបក្សយើងទាំងពីរ ក៏ដូចជា រដ្ឋាភិបាល ប្រជាជន បានន័យថា រដ្ឋសភា ក៏អ៊ីចឹងដែរ គឺយើងបានរក្សានូវគោលការណ៍ សំខាន់ មិត្តចិន គឺជាមិត្តដែកថែប និងជាមិត្តអមតៈ ដែលអាចនឹងបន្តនៅគ្រប់ជំនាន់ និងរក្សានូវទ្រឹស្តីនេះ ដើម្បីធ្វើការឲ្យបង្កើតចេញនូវផ្លែផ្កា សម្រាប់រក្សានូវចំណងប្រពៃណី មិត្តភាពនិង និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ»។

នៅក្នុងបទសម្ភាសន៍នេះដែរ លោក សួស យ៉ារ៉ា ដែលជាអ្នកតាមដានយ៉ាងយកចិត្ត ទុកដាក់ លើសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានមានប្រសាសន៍ថាៈ សមាជនេះ គឺជាសមាជដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែកម្ពុជាទេ ដែលកំពុងតាមដាន គឺពិភពលោកទាំងមូល ចង់ដឹងណាស់ អំពីលទ្ធផលនៃសមាជនេះ។

លោក បានគូសបញ្ជាក់ពីសមិទ្ធផលធំៗជាច្រើន ដែលបក្សកម្មុយនីស្តចិន សម្រេចបាន សម្រាប់ជាតិ ហើយលោកបានលើកឡើងថាៈ ប្រជាជនចិន ដែលរស់នៅក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តចិន គឺសុទ្ធតែមានគំនិត និងឆន្ទៈ ឆ្ពោះទៅកាន់ការកសាង សង្គមនិយមទំនើបអស្ចារ្យ តាមបែបផែនចិន។

លោក សង្កេតឃើញថាៈ បើទោះបីជាស្ថានភាពអន្តរជាតិ មានបញ្ហាស្មុគស្មាញធ្ងន់ធ្ងរ ប៉ុន្តែប្រទេសចិន នៅតែបើកនាវារបស់ខ្លួន ដោយរលូន ដើម្បីបញ្ចេញនូវអនុភាពនៃ ការអភិវឌ្ឍ ដោយសន្តិភាព តាមរយៈការរៀបចំសមាជនេះ។ លោកបានមើលឃើញថាៈ មានការលំបាកជាច្រើន បក្សកម្មុយនីស្តចិន បានឆ្លងកាត់ និងបានសម្រេចរួចហើយ នូវគោលដៅ ១០០ឆ្នាំ ក្នុងនោះ ការធ្វើឲ្យសង្គមមានភាពរីកចម្រើនកម្រិតមធ្យម ជាពិសេស អ្វីដែលជោគជ័យបំផុត នៃបក្សកម្មុយនីស្តចិន គឺបានរៀបចំសមាជ ចំពេលដែល ខ្លួនបានសម្រេច នូវការរួចផុតចេញ ពីភាពក្រីក្រទាំងស្រុង ដែលនេះគឺជាចំណុចពិសេស ព្រោះ ក៏ចំពេលដែលមានបញ្ហាវិបត្តិសកលនៃជំងឺកូវីដ១៩ ហើយការលុបបំបាត់ភាព ក្រីក្រនេះ ហើយបានចូលរួមលើកទឹកចិត្ត ដល់ប្រជាជនចិនស្រឡាញ់ ចូលចិត្តគណបក្ស កម្មុយនីស្តចិន កាន់តែខ្លាំងឡើងថែមទៀត។

លោកប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានគូសបញ្ជាក់ថាៈ «សមាជបក្សកុម្មុយនីស្តចិន លើកទី២០ មានសារៈសំខាន់ណាស់ ហើយយើញថា គ្រប់ទិដ្ឋភាពទាំងអស់ គឺប្រជាជនរស់នៅ ក្រោមការដឹកនាំរបស់បក្ស មានគំនិតនិងឆន្ទៈឆ្ពោះទៅកាន់ការកសាងសង្គមនិយម ទំនើបអស្ចារ្យរបស់ខ្លួន តាមបែបលក្ខណៈរបស់ខ្លួន ហើយគោរពបាននូវគោលការណ៍ សន្តិភាព គោរពបាននូវអធិបតេយ្យភាព និងការសន្ទនា ជាមួយនឹងប្រទេសជាដៃគូ គណបក្ស ជាដៃគូ»៕ V / N